ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យើង​ចាំ​ជួយ​ពលរដ្ឋ​គ្រប់វេលា​ក្នុង​​គ្រា​​ទឹក​ជំនន់​

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ​៖ ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពង់ធំ បាន​ថ្លែង​ទៅ​កាន់​ប្រជាពលរដ្ឋ​ថា ទោះបី​ស្ថិត​ក្នុង​ពេល​មាន​ទឹកជំនន់ និង​ក្រោយ​ពេល​ទឹកជំនន់​នេះ រាជ​រដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​នៅ​តែ​ត្រៀមចាំ​អន្តរាគមន៍​ជួយ​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា ហើយ​នៅ​ក្រោយ​ពេល​ទឹកជំនន់​នេះ​ទៅ ក្រុមការងារ​នឹង​ជួយ​ដោះ​ស្រាយ​ផល​ប៉ះពាល់​ជូន​ប្រជាពលរដ្ឋ​បន្ត​ទៀត…

ខេត្តកំពង់ធំ ​៖ ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពង់ធំ បាន​ថ្លែង​ទៅ​កាន់​ប្រជាពលរដ្ឋ​ថា ទោះបី​ស្ថិត​ក្នុង​ពេល​មាន​ទឹកជំនន់ និង​ក្រោយ​ពេល​ទឹកជំនន់​នេះ រាជ​រដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​នៅ​តែ​ត្រៀមចាំ​អន្តរាគមន៍​ជួយ​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា ហើយ​នៅ​ក្រោយ​ពេល​ទឹកជំនន់​នេះ​ទៅ ក្រុមការងារ​នឹង​ជួយ​ដោះ​ស្រាយ​ផល​ប៉ះពាល់​ជូន​ប្រជាពលរដ្ឋ​បន្ត​ទៀត ពិសេស​គឺ​ប្រព័ន្ធ​ហេ​ដ្ឋា​ន​រចនា​សម្ពន្ធ និង​ការ​បង្កបង្កើន​ផល​។

ការ​បញ្ជាក់​យ៉ាង​ដូច្នេះ ​ត្រូវ​បាន​លើក​ឡើង​នា​ឱកាសលោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពង់ធំ ព្រមទាំង​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ បាន​ដឹកនាំ​មន្ត្រី​ក្នុង​ក្រុមការងារ និង​មន្ត្រីខេត្ត​ចុះ​ចែក​អំណោយ​ជា​គ្រឿង​ឧបភោគ​-​បរិភោគ និង​ថវិកា​មួយ​ចំនួន​ជូន​ដល់​ប្រជាពលរដ្ឋ ៣៥០​គ្រួសារ មក​ពី​ឃុំ​ចំនួន ៥ នៅ​ស្រុក​ប្រាសាទ​សំបូរ នា​រសៀល​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២០​។

នា​ឱកាស​នោះ លោក​រដ្ឋមន្ត្រី ថោ​ង ខុន បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ជម្រាប​ដល់​ប្រជាពលរដ្ឋ ដែល​សម្ដេច​ទាំង​ទ្វេ​តែងតែ​នឹករឭក និង​គិតគូរ​យក​ចិត្តទុកដាក់​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ «​ទីណា​មាន​ពលរដ្ឋ​ជួប​ទុក្ខ ទីនោះ​មានមុខ​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​»​។

លោក ថោ​ង ខុន បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត និង​អាជ្ញាធរ​ខេត្ត​-​ស្រុក មិន​បាន​ទុក​ឱ្យ​ប្រជាពលរដ្ឋ​រង​គ្រោះ​លំបាក​ឡើយ ពោល​ទោះបីជា​ស្ថិត​ក្នុង​ពេល​មាន​ទឹកជំនន់ និង​ក្រោយ​ពេល​ទឹកជំនន់​នេះ ក៏​នៅ​តែ​ត្រៀមចាំ​អន្តរាគមន៍​ជួយ​ប្រជាពលរដ្ឋ​គ្រប់ពេល​វេលា​បន្ត​ទៀត​ដែរ​។

លោក​ក៏​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​រក្សា​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​ទៅ​ថ្ងៃ​មុខ និង​ទុក​ក្នុង​ស្រែ​ដើម្បី​ឱ្យ​ស្រូវ​មានការ​លូតលាស់​ល្អ ពិសេស​ត្រូវ​ត្រៀម​ស្រូវពូជ ឬ​គ្រាប់ពូជ​ដំណាំ​ផ្សេង​ទៀត ដើម្បី​បង្កបង្កើន​ផល​នៅ​រដូវ​ក្រោយ​។

លោក​រដ្ឋមន្ត្រី​បាន​ក្រើនរំឭក​បន្ថែម​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ត្រូវ​ចូលរួម​ថែរក្សា​សុខភាព​ឱ្យ​បាន​ល្អ តាម​រយៈ​ការ​ហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត និង​ប្រកបដោយ​អនាម័យ​ខ្ពស់​។ ម្យ៉ាងទៀត ក៏​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ការ​អនុវត្ត​វិធាន​សុ​វត្តិភាព និង​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ ឱ្យ​បាន​ល្អ​។ ពលរដ្ឋ​មាន​សុខភាព​ល្អ សុខភាព​ប្រទេស​ជាតិ​ក៏​រឹង​មាំ​ល្អ​។

ជាមួយ​គ្នា​នោះ លោក សុខ លូ ក៏​បានឱ្យ​ដឹង​ដែរ​ថា ជំនន់​ទឹកភ្លៀង​នេះ​បាន​បង្ក​ឱ្យ​ប៉ះពាល់​ដល់​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្ត​ចំនួន ៦,៩៥៥​ខ្នង ក្នុង​នោះ​នៅ​ស្រុក​ប្រាសាទ​សំបូរ​ចំនួន ១២៣,៣៥៦​ខ្នង ស្រុក​ស​ន្ទុ​ក​ចំនួន ៣៣០​ខ្នង ស្រុក​តាំងគោក​ចំនួន ១០០​ខ្នង ស្រុក​ស្ទោង​ចំនួន ៤,៥២៣​ខ្នង ស្រុក​បារាយណ៍​ចំនួន ២៧៥​ខ្នង ស្រុក​សណ្ដាន់​ចំនួន ៦១៥​ខ្នង ស្រុក​ប្រាសាទ​បល្ល័ង្ក​ចំនួន ៣៧៦​ខ្នង ស្រុក​កំពង់ស្វាយ​ចំនួន ១១២​ខ្នង និង​ក្រុង​ស្ទឹង​សែន​ចំនួន ២៦៨​ខ្នង​។

ថ្នាក់ដឹកនាំ​ទាំង​ពីរ​បាន​បន្ត​ដាស់តឿន​ដល់​មន្ត្រី​មូលដ្ឋាន​ថា ប្រសិនបើ​មូលដ្ឋាន​ក្រុង​-​ស្រុក​ណាមួយ ស្ថានភាព​ទឹក​ស្រក​ចុះ​ទៅ​វិញ​ហើយ ត្រូវ​ត្រៀម​ជួសជុល ឬ​ដោះស្រាយ​ទៅ​តាម​ភាព​ជាក់ស្ដែង ដើម្បី​កាត់​បន្ថយ​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​។

គួរ​បញ្ជាក់​ថា អំណោយ​ដែល​ត្រូវ​ចែក​ជូន​ប្រជាពលរដ្ឋ​ទាំង ៣៥០​គ្រួសារ នៅ​ស្រុក​ប្រាសាទ​សំបូរ​នោះ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ ២៥​គីឡូក្រាម មី​ជាតិ ១​កេស ត្រីខកំប៉ុង ១​យួរ ទឹកត្រី ១​យួរ ទឹកបរិសុទ្ធ ១​កេស និង​ថ្នាំពេទ្យ​៥​បន្ទះ​។ នា​ឱកាស​ជួប​សំណេះសំណាល​នោះ លោក​រដ្ឋមន្ត្រី ថោ​ង ខុន ក៏​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ និង​កេរដំណែល​ដូនតា​ក្នុង​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក​នេះ ព្រោះ​តំបន់​បេតិកភណ្ឌ​ពិភពលោក​របស់​កម្ពុ​ជាមួយ​នេះ ពិតជា​មាន​តម្លៃ​ដ៏​មហាសាល​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បាន​ច្រើន និង​អាច​ជួយ​ឱ្យ​ប្រជា​សហគមន៍​នៅ​ជុំវិញ​រក​ចំណូល​បាន​ច្រើន​ទៀត​ផង ​។

អត្ថបទសរសេរ ដោយ