​ធ្វើ​អាជីវកម្ម​ក្នុងស្រុក​មិន​ត្រឹមផ្តល់សុវត្ថិភាព​ចំណីអាហារ​ដល់​កុមារ​​ទេ តែ​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​​ដែរ​!


រាជធានី​ភ្នំពេញ ៖ ការ​ផលិត​ ឬ​ក៏​ការ​ធ្វើ​អាជីវកម្ម​ក្នុងស្រុក មាន​អត្ថប្រយោជន៍​ច្រើន ចំពោះ​មនុស្សជាតិ ​និង​ប្រទេស​ជាតិ​ទាំងមូល សូ​ម្បី​តែ​ការ​ចំណាកស្រុក​ក៏​អាច​ជួយ​កាត់​បន្ថយ​បាន​ដែរ​ ។ ដោយ​មើលឃើញ​ថា អាជីវកម្ម​នៃ​ការ​ផលិត​ក្នុងស្រុក មើលទៅ​មិន​មានការ​ផលិត​ច្រើន ហើយ​ការ​នាំ​ចូល​នៃ​ផលិតផល​ពី​ក្រៅ​ស្រុក​ច្រើន​ណាស់​ក្នុង​មួយ​ថ្ងៃ​ៗ ជា​ពិសេស​ប្រទេស​ជិតខាង​នេះឯង (​ជំនាន់​ឆ្នាំ 1990 ជាង​) ​។

លោកស្រី កែវ មុំ ជា​នាយិកា​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ លី​លី បាន​ថ្លែង​ថា «​ដូចនេះ ខ្ញុំ​បាន​គិត​ថា​ប្រសិនជា​យើង​មាន​ផលិត​នៅ​ក្នុង​ប្រទេស​យើង គឺ​ប្រាកដជា​ល្អ​ណាស់​។ ហើយ​ខ្ញុំ​បាន​សម្រេចចិត្ត​បង្កើត​ការ​ផលិត​ក្នុងស្រុក​នេះ កាលពី​ឆ្នាំ ២០០២ ប៉ុន្តែ​ខ្ញុំ​បាន​ចំណាយពេល ៣ ទៅ ៤ ឆ្នាំ ទើប​អាច​រក​នូវ​ម៉ាស៊ីន ឧបករណ៍​ផ្សេង​ៗ ដែល​ខ្ញុំ​ត្រូវការ​នឹង យក​មក​ផលិត​បាន​»​។

លោកស្រី​បាន​បន្ត​ថា សម័យ​នោះ​ដូច​គ្រប់​គ្នា​បានដឹង​ស្រាប់​ហើយ ក្នុង​ជំនាន់​ខ្ទង់​ឆ្នាំ ១៩៩០​ជាង មិន​ទាន់​មាន​ភាព​ទំនើប​ដូច​បច្ចុប្បន្ន​នេះ​ទេ បើ​ចង់រក​អ្វីមួយ គឺ​ពិបាក​មែនទែន​សម្រាប់​យើង មិនមែន​ដូច​ឥឡូវ​ទេ ពិភពលោក គឺ​ស្ថឹ​ត​នៅ​ក្នុង​ដៃ​យើង យើង​ត្រូវការ​អ្វី យើង​គ្រាន់តែ​ចុច​តិច​ទៅ​ចេញ​មក​ទាំងអស់ តែ​មួយ​ភ្លែត​ប៉ុណ្ណោះ​គឺ​យើង​អាច​រក​ព័ត៌មាន​ទាំងអស់​ណឹ​ង​បាន​ហើយ​។ ប៉ុន្តែ​ពី​មុន​យើង​មិន​មាន​ទេ ត្រូវការ​ពេលវេលា ត្រូវ​សួរនាំ ទម្រាំ​តែ​ឆែក​ឃើញ យើង​ចំណាយ​ពេលវេលា​យូរ​ឆ្នាំ​មែនទែន​។

បើ​ទោះជា​យ៉ាងនេះ​ក្តី លោកស្រី​តែងតែ​ធ្វើការ​តាំងចិត្ត និង​លោកស្រី​តែង​គិត​ថា «គេ​ធ្វើ​បាន យើង​ក៏​ធ្វើ​បាន​ដែរ​» ​។ បន្ថែម​ពី​នេះ លោកស្រី​និយាយ​ថា ក្នុង​ការ​បើក​អាជីវកម្ម​នេះ លោកស្រី​បាន​គិតគូ​ទៅ​លើ​ចំណុច​ជា​ច្រើន ដែល​វា​ពិតជា​បាន​ជួយ និង​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ជូន​ប្រជា​កសិករ ការ​កាត់​បន្ថយ​ការ​ចំណាកស្រុក និង​ជួយ​បង្កើន​សេដ្ឋកិច្ចជាតិ​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គឺ​អាហារ​សុវត្ថិភាព​សម្រាប់​កុមារ ក្នុង​ប្រទេស​កម្ពុជា​។

លោកស្រី កែវ មុំ បាន​បន្ត​ថា មិន​ត្រឹមតែ​ជួយ​អាជីវកម្ម​ក្នុងស្រុក​ឱ្យ​រីក​ចំរើន​នោះ​ទេ ប៉ុន្តែ​នៅ​ពេល​ដែល​ប្រជាជន​មានការ​ងារ​ធ្វើ​ក្នុងស្រុក​ច្រើន​នោះ ពួក​គេ​នឹង​មិន​ធ្វើ​ចំណាកស្រុក​ចេញ​ទៅ​ក្រៅប្រទេស​ដើម្បី​រក​ការងារ​ធ្វើ​នោះ​ទេ​។ លោកស្រី​បាន​ថ្លែងប្រាប់​នូវ​ចំណុច​មួយ​ចំនួន​ដែល​បណ្តាល​អោយ​លោកស្រី ចាប់ផ្តើម​ធ្វើ​អាជីវកម្ម​នេះ ៖

ទី​១៖ យើង​អាច​ផ្តល់​នូវ​ចំណីអាហារ​ដែល​មាន​សុវត្ថិភាព ដល់​កុមារ​និង​ប្រជាជន​កម្ពុជា​យើង​។

ទី​២៖ យើង​ផ្តល់​ឳ​កាស​ដល់​ប្រជាជន​កម្ពុជា​ឱ្យ​មានការ​ងារ​ធ្វើ​។

ទី​៣៖ ការ​ផ្តល់​ដល់​កសិករ ក្នុង​ការ​បង្ករ​បង្កើន​ផល និង​ដាំ​ដុះ​លក់​មក​អោយ​ក្រុមហ៊ុន​។

ទី​៤៖ យើង​បាន​ចូលរួម​ចំណែក កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​រាជរដ្ឋាភិបាល ហើយ​ក៏​យើង​បាន​ចូលរួម​ជួយ​កាត់​បន្ថយ​ការ​ចំណាកស្រុក​របស់​ប្រជាជន​ខ្មែរ​ផង​ដែរ​ ។ ហើយ​លោកស្រី បន្ថែម​ថា ម្យ៉ាងវិញទៀត​យើង​ក៍​គិត​ថា ប្រសិនបើ​យើង​ផលិត​នៅ​ក្នុងស្រុក នោះ​យើង​ចំណេញ​ថ្លៃ​ដឹក​ជញ្ជូន​រួច​ទៅ​ហើយ​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ