ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាត់​ផ្លូវជាតិ​លេខ​៣ ពេល​នេះ​ជិត​ក្លាយជា​បឹង​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កំណាត់​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​ព្រំប្រទល់​ភូមិ​ក្រាំង​ដូន​ទៃ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បានការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ក្លាយទៅជា​រណ្ដៅ ជង្ហុក ថ្លុក​ក្របី…

រាជធានី​ភ្នំពេញ ៖ កំណាត់​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​ព្រំប្រទល់​ភូមិ​ក្រាំង​ដូន​ទៃ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បានការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ក្លាយទៅជា​រណ្ដៅ ជង្ហុក ថ្លុក​ក្របី សម្បុកមាន់​ជា​ច្រើន​កន្លែង ដោយសារ​តែ​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ចេញ​តូច​ពេក​ហើយ​បរិមាណ​ទឹកភ្លៀង​ច្រើន​ហួស​ទើប​ជន់​លិច និង​ហូរ​កាត់​លើ​ផ្លូវ​តែ​ម្ដង ។

មិនតែប៉ុណ្ណោះ​មាន​រថយន្ត​ធន់​ធ្ងន់​បើក​ឆ្លងកាត់​ទាំង​យប់ ទាំង​ថ្ងៃ​រាល់ថ្ងៃ​ផង​នោះ ទើប​បណ្ដាល​ឲ្យ​ផ្លូវ​ខូច​ខ្ទេចខ្ទី​បែប​នេះ មើលទៅ​ទឹក​ដក់​ល្ហាចល្ហ​ស្ទើរតែ​ក្លាយជា​បឹង​ទៅ​ហើយ មិន​ខុស​ពី​ផ្លូវ​ទៅ​កាន់​នរក​ឡើយ ។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា ទឹកភ្លៀង​បាន​ហូរ​ចាក់​ពី​តំបន់​ភូមិសាស្ត្រ​សង្កាត់​កន្ទោក​ខណ្ឌ​កំ​បូល បណ្ដាល​ឲ្យ​លិច​ផ្លូវ​បេតុង​ជា​ច្រើន​កន្លែង និង​បាន​ហូរ​កាត់​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​ខាងលើ​នេះ បណ្ដាល​ឲ្យ​ទឹក​ជន់​លិច រង​ការ​ខូចខាត​ច្រើន​ថ្ងៃ​កន្លង​មក​ហើយ មិនតែប៉ុណ្ណោះ​នៅ​ត្រង់​ចំណុច​នោះ​មាន​លូ​សម្រាប់​ឲ្យ​ទឹក​ហូរ​ដែរ ប៉ុន្តែ​លូ​តូច ហើយ​ទឹក​ច្រើន​ទើប​ហូរ​មិន​ទាន់ ។

ចំណែក​មុខទឹក​ដែល​ហូរ​កាត់​ផ្លូវ​មិនមែន​មាន​ប្រវែង​រាប់រយ​ម៉ែត្រ​នោះ​ទេ ប្រសិនបើ​ដាក់​លូ​មុខកាត់​ធំ​ៗ​វិញ ទឹក និង​អាច​ហូរ​បាន​រួច​ចាក់​ដី​ជា​បណ្ដោះអាសន្ន​អាច​ធ្វើ​ដំណើរ​បាន​ស្រួល តែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដូច​ពេល​ឥឡូវនេះ​វិញ​បាន​ធ្វើ​ឲ្យ​ជួប​នូវ​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ខ្លាំង​ណាស់ មិនតែប៉ុណ្ណោះ​មានការ​កកស្ទះ​ចរាចរណ៍​ថែម​ទៀត​ផង ។

ប្រភព​ខាងលើ​បាន​បន្ត​ថា ចំណុច​ដែល​រង​ការ​ខូចខាត​ប្រវែង​ប្រមាណ​១​គីឡូម៉ែត្រ ចាប់ពី​ភូមិ​ព្រៃ​ព្រីង​ត្បូង​ដល់​ភូមិ​ក្រាំង​ដូន​ទៃ សង្កាត់​ចោម​ចៅ​ទី​២ ក្នុង​នោះ​ប្រវែង​ប្រមាណ​៣០០​ម៉ែត្រ អាច​ធ្វើ​ដំណើរ​បាន​តែ​មួយ​ចំហៀង​ប៉ុណ្ណោះ ឯ​មួយ​ចំហៀង​ទៀត ត្រូវ​ធីប​ចោល​សិន ព្រោះតែ​លិច​ទឹក​ផង និង​ខូច​ផង​វេទនា​ក្នុង​ការ​ធ្វើ​ដំណើរ​ខ្លាំង​ពេក ហើយ​រថយន្ត​ភាគច្រើន​ឲ្យ​តែ​ហ៊ាន​បើក​ចូល​ទៅ គឺ​ដឹង​តែ​ជាប់ផុង​ហើយ ។

ដោយឡែក​ចំណុច​ដែល​រង​ការ​ខូចខាត​ខ្លាំង​ជាងគេ​នោះ គឺ​នៅ​មុខ​ស្ថានីយ៍​ប្រេងឥន្ធនៈ​សម​ប្រាថ្នា ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីង​ត្បូង ដែល​ពេល​នេះ​ស្ទើរ​ក្លាយទៅជា​បឹង​ទៅ​ហើយ រីឯ​ម៉ូតូ ឬ​ម៉ូតូ​កង់​បី និង​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ខ្លះ​ពេល​បើក​ចូល​ទៅ​បាន​រលត់​ម៉ាស៊ីន ឯ​ខ្លះ​ទៀត​ជាប់ផុង​ទាល់តែ​មាន​អ្នក​ជួយ​រុញ​គ្នា​ទើប​អាច​ទៅ​មុខ​រួច​បាន ។

ចំណែក អ្នក​ជិះ​ម៉ូតូ​ខ្លះ​ក៏​បាន​ដួល​ម៉ូតូ​ចូល​ទៅ​ក្នុង​ទឹក​ដ៏​កខ្វក់​បណ្ដាល​ឲ្យ​ទទឹក​ខ្លួន និង​អីវ៉ាន់​រង​ការ​ខូចខាត​ខ្ទេចខ្ទី មិនតែប៉ុណ្ណោះ​ក៏​មាន​រថយន្ត​ដែល​ដឹក​ធ្ងន់​ក៏​បាន​ជាប់ផុង​ជា​បន្តបន្ទាប់​ដែរ ។

ប្រជាពលរដ្ឋ​ដដែល​បាន​និយាយ​បន្ត​ទៀត​ថា អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​គួរតែ​មាន​វិធានការ​កែសម្រួល​ដាក់​លូ​ធំ​ៗ និង​ចាក់​ដី​ជា​បណ្ដោះអាសន្ន​សិន​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍ មិន​គួរ​បណ្ដោយ​ឲ្យ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​បែប​នេះ​ទេ ព្រោះ​ប្រសិនបើ​មាន​លូ​ធំ​ទឹក និង​លែង​ហូរ​កាត់​ផ្លូវ​បែប​នេះ​ទៀត​ហើយ ចំណែកឯ​ចរាចរណ៍​ក៏​លែង​មានការ​កកស្ទះ​ដែរ ។ ប៉ុន្តែ​បើ​នៅ​តែ​គ្មាន​ការ​គិតគូ​គ្មាន​វិធានការ និង​បណ្ដោយ​ទៅ​តាម​យ​ថា កម្ម​ទៀត​នោះ និង​ធ្វើ​ផ្លូវ​កាន់តែ​ខូច​ខ្លាំង​ឡើង ហើយ​ការ​កកស្ទះ​ចរាចរណ៍​ក៏​នៅ​តែ​បន្ត​កើត​មាន​មិន​ឈប់​ឡើយ ។

ម្យ៉ាងទៀត​នៅ​ត្រង់​ចំណុច​នេះ​មិន​អាច​អត់​មាន​កម្លាំង​នគរបាល​ដាក់​ប្រចាំការ​ឈរ​សម្រួល​ចរាចរណ៍​ជា​ប្រចាំ​បាន​ទេ ហើយ​មើលទៅ​គួរ​ឲ្យ​អាណិត​ដល់​កម្លាំង​នគរបាល​ខ្លាំង​ណាស់ ត្រូវ​ឈរ​ត្រាំ​ទឹកមាត់​ស្រែក​ផង​បៀម​កញ្ចែ​ផ្លុំ​បញ្ជា​ចរាចរណ៍​ផង មិន​ហ៊ាន​ឈប់​សម្រាក​ឡើយ ។

មន្ត្រី​នគរបាល​មួយ​រូប​បាន​និយាយ​ថា កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ទាំង​ផ្នែក​អន្តរាគមន៍ និង​ផ្នែក​សណ្ដាប់ធ្នាប់​ចរាចរណ៍ រួម​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២ និង​ចោម​ចៅ​ទី​៣ ត្រូវ​បាន​ពង្រាយ​គ្នា​ឈរ​ត្រាំ​ទឹក កណ្ដាលផ្លូវ ចាប់តាំងពី​វេលា​ព្រឹក​ព្រលឹម​រហូត​ដល់​យប់​ជ្រៅ ដើម្បី​សម្រួល​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ​តែ​ម្ដង ។ ព្រោះ​ផ្លូវត្រង់​ចំណុច​នេះ​បាន​រង​ការ​ខូចខាត​ខ្លាំង​មែនទែន ចំណែកឯ​មធ្យោបាយ​ធ្វើ​ដំណើរ​មាន​ច្រើន​ណែនណាន់តាន់តាប់ ជា​ពិសេស​នៅ​ពេល​ព្រឹក និង​ពេល​ល្ងាច ដូច្នេះ​កងកម្លាំង​នគរបាល មិន​អាច​ដក​ចេញ​សូ​ម្បី​តែ​១​នាទី​បាន​ឡើយ បើ​ហ៊ាន​តែ​ដក និង​កកស្ទះ​ភ្លាម​តែ​ម្ដង​។

ដូច្នេះ​ហើយ​មាន​តែ​ពាក្យ​ថា ស៊ូទ្រាំ​ប៉ុណ្ណោះ ហើយ​ទន្ទឹម​និង​នេះ​ដែរ ក៏​សំណូមពរ​ដល់​បង​ប​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​សុំ​ស្ដាប់​តាម​ការ​បញ្ជា​ចរាចរណ៍​របស់​កង​នគរបាល​ផង កុំ​ចេះ​តែ​រុលទៅមុខ​អត់​មាន​មើល​ពី​ស្ថានភាព​ផ្លូវ​ដែល​បង្ក​ឲ្យ​មានការ​កកស្ទះ​កើតឡើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ