សំណួរ​បី​ដែល Amazon សួរ​ពេល​សម្ភាសន៍​បុគ្គលិក​ថ្មី


គ្រាន់តែ​មាន​ប្រវត្តិរូប​សង្ខេប​ល្អ​គឺ​មិន​គ្រប់គ្រាន់​ក្នុង​ការ​ទទួល​បានការ​ងារ​នៅ Amazon ទេ​។ ទោះជា​នៅ​ពេល Amazon ចាប់ផ្តើម​ដំបូង និង​មាន​បុគ្គលិក​តែ ២,១០០​នាក់​ពិតមែន​ក្តី​លោក​មហាសេដ្ឋី ជេ​ហ្វ បេ​សូ​ស (Jeff Bezos) ដែល​ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់ Amazon យកចិត្តទុកដាក់​ខ្លាំង​ណាស់​លើ​ការ​ជ្រើសរើស​បុគ្គលិក​។

ប៉ុន្តែ​បច្ចុប្បន្ន​នេះ លោក​បេ​សូ​ស​ដែល​ជា​បុរស​ដែល​មាន​ជាងគេ​លើ​លោក មិន​បាន​ចូលរួម​សម្ភាសន៍​ដោយ​ផ្ទាល់​ដូច​ពី​មុន​ទៀត​ទេ​។ យ៉ាងណា​ក្តី លោក​បាន​រៀបចំ​សំណួរ​សំខាន់​ៗ​បី​ដែល​ត្រូវ​សួរ​ទៅ​អ្នក​សម្ភាសន៍​បេក្ខជន និង​បេ​ក្ខ​នារី​ដែល​បាន​ដាក់​ពាក្យ​មក​សុំ​ការងារ​ធ្វើ​នៅ Amazon​។

១. តើ​អ្នក​នឹង​កោតសរសើរ​មនុស្ស​ម្នាក់​នេះ​ទេ?
លោក​បេ​សូ​ស​ធ្លាប់​បាន​ប្រាប់​មក​ថា «​ប្រសិនបើ​អ្នក​គិត​ពី​មនុស្ស​ដែល​អ្នក​បាន​កោតសរសើរ​ក្នុង​ជីវិត​របស់​អ្នក ពួក​គេ​ប្រហែលជា​មនុស្ស​ដែល​អ្នក​អាច​រៀនសូត្រ​តាម ឬ​អាច​ធ្វើ​ជា​ឧទាហរណ៍​សម្រាប់​អ្នក​ហើយ​។​» លោក​បាន​បន្ថែម​ទៀត​ថា លោក​ព្យាយាម​ធ្វើការ​ជាមួយ​តែ​មនុស្ស​ដែល​លោក​កោតសរសើរ​ទេ​។

អ្នក​សម្ភាសន៍​អាច​សួរ​ឲ្យ​បេក្ខជន និង​បេ​ក្ខ​នារី​បកស្រាយ​ពី​ពេល​ដែល​ពួក​គេ​បាន​ដោះស្រាយ​នឹង​បញ្ហា​ពិបាក​មួយ ​។ តើ​ពួក​គេ​នឹង​ប្រើ​ការទូត​ឬ​ហិង្សា? តើ​ពួក​គេ​មាន​គោលបំណង​អ្វី? តើ​ពួក​គេ​អាច​ជឿ​ទុកចិត្ត​បាន​ទេ?

២. តើ​មនុស្ស​ម្នាក់​នេះ​នឹង​បង្កើន​ប្រសិទ្ធភាព​ក្រុម​ការងារ​ទេ ​ប្រសិនបើ​ពួក​គេ​ចូល​ធ្វើការ?
វា​មិន​ងាយស្រួល​ទេ​ក្នុង​ការ​ដឹង​ថា​បេក្ខជន ឬ​បេ​ក្ខ​នារី​ម្នាក់​នឹង​រក្សា​ការ​ប្តេជ្ញា និង​បន្ត​ខិតខំ​ប្រឹងប្រែង​ក្នុង​ការងារ​បន្ទាប់​ពី​ចូល​ធ្វើការ​បាន​មួយ​ឆ្នាំ​។ ប៉ុន្តែ​បេ​សូ​ស​គិត​ថា​មនុស្ស​ដែល​គិត​បាន​វែង​ឆ្ងាយ​ជា​កត្តា​មួយ​ដ៏​សំខាន់​ក្នុង​ក្រុមហ៊ុន​។

លោក​បេ​សូ​ស​ចូល​ចិត្ត​សួរ​ឲ្យ​បេក្ខជន និង​បេ​ក្ខ​នារី​បកស្រាយ​ពី​ចក្ខុវិស័យ​ដែល​ពួក​គេ​មាន​សម្រាប់​ក្រុមហ៊ុន​ក្នុង​រយៈពេល ៥​ឆ្នាំទៅ​មុខ​។

៣. តើ​មនុស្ស​ម្នាក់​នេះ​អាច​លេចធ្លោ​ក្នុង​ផ្នែក​ណាមួយ​ទេ?
ក្រៅពី​ជំនាញ និង​បទ​ពិសោធន៍​ហើយ លោក​បេ​សូ​សបាន​ប្រាប់​ថា​វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ពិចារណា​លើ​ទេព​កោសល្យ​របស់​បេក្ខជន និង​បេ​ក្ខ​នារី​ផង​ដែរ​។ ទោះជា​ទេព​កោសល្យ​នោះ​មិន​ទាក់ទិន​នឹង​ការងារ​ដែល​ពួក​គេ​បំពេញ​ពិតមែន​ក្តី​។

លោក​បាន​បន្ត​បកស្រាយ​ប្រាប់​ថា មនុស្ស​ដែល​មាន​ទេព​កោសល្យ​ពិសេស​ជា​មនុស្ស​ដែល​អាច​នឹង​ពិបាក​ធ្វើការ​ជាមួយ ប៉ុន្តែ​អ្នក​តែងតែ​ចង់បាន​មនុស្ស​ទាំងនោះ​ក្នុង​ស្ថាប័ន​ព្រោះ​ពួក​គេ​ជំរុញ​ឲ្យ​មានការ​នវានុវត្តន៍​ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ