រាជធានីភ្នំពេញ ៖ តារាចម្រៀង ផន ស្រីខួច នៅតែជាប់ឈ្មោះជាអ្នកនៅខ្លួនមួយមិនទាន់ពាក់ព័ន្ឋជាមួយរឿងរកគូស្នេហ៍ ដើម្បីសំពះផ្ទឹមដូចមិត្តរួមជំនាន់។ ស្រីខួច នៅតែមិនទាន់គិតគូរដល់រឿងគូស្រករ ខណៈនាងនៅតែពោលថា «ប្តីសីមើលឱ្យច្បាស់លាស់ មិនមែនចេះតែយកៗនោះទេ»។ នេះប្រហែលជានាងចង់ទុកពេល សម្រាប់មើលចិត្តបុរសណាជាមុនសិន។
ផន ស្រីខួច មិនខ្វះនោះទេ អ្នកដែលមានចិត្តមកលើនាងក្នុងការចងសម្ព័ន្ធមេត្រី។ នាងក៏លេចឮថា មានអ្នកធូរធាទាំងក្នុង និងក្រៅស្រុក តាមស្រឡាញ់ចង់ឱ្យរស់នៅជាមួយគ្នាប្រកបដោយសុខសុភមង្គលទៀតផង។ ប៉ុន្តែស្រីខួច មិនទាន់ហ៊ានប្រថុយ ព្រោះថាគូដែលមើលមិនមានចរិក ឬឧប្បនិស្ស័យឱ្យត្រូវធាតុគ្នា ក្រោយដាក់ចិត្ត។
ម្ល៉ោះហើយទើបនាងរមែងមើលរំលងការក្រវែពីបុរសមួយចំនួន ដោយមិនចង់មានការពាក់ព័ន្ធនៅលើចិត្តរបស់បុរសណា។ មូលហេតុនេះហើយ អាយុរបស់ស្រីខួច ប្រហែលចូលក្បែរ៣០ហើយក៏មិនដឹង។ មនុស្សស្រីមានវ័យច្រើន គឺពិបាកមានកូន នេះជាការមើលឃើញរបស់ក្បួនពេទ្យ។
ផន ស្រីខួច បានលើកឡើងថា កន្លងមក មិនអត់អ្នកស្រឡាញ់នោះទេ បើប្រាប់គេថា គ្មានក៏គេមិនជឿដែរ វ័យយើងច្រើនបែបនេះ។ ប៉ុន្តែបុរសដែលយើងមើលឃើញមិនត្រូវចំគោលដៅដែលយើងគិតថា ផ្ញើវាសនាជាមួយកើត។ បុរសដែលនាងយល់ថា ល្អសមតាមប្រាថ្នាមិនមែន យកមកទាល់តែអស្ចារ្យនោះទេ គឺចេះស្រឡាញ់យើង ស្រឡាញ់ក្រុមគ្រួសារយើង ចេះឱ្យតម្លៃប្រពន្ធ និងមានចំណេះដឹង។
បុរសប្រភេទខាងលើ គឺនាងអាចដក់ចិត្តមើលពិចារណា។ យ៉ាងណា មិនចេះតែយកៗនោះទេ ទុកឱ្យពេលវេលាជាអ្នកសម្រេចវាសនាទៅចុះ ពេលណាពេលហ្នឹងសំខាន់ទុកពេលប្រកបការងារសិល្បៈ ដើម្បីបង្កើនប្រាក់ចំណូលឱ្យបានច្រើន ប្រសើរទៅមុខទៀត ជាជាងយកអ្នកណាជាប់ខ្លួនប្រចណ្ឌច្រើន។
ចែករំលែកព័តមាននេះ