ចាប់ខ្លួន​ប្រុស​ស្រី​ពីរ​នាក់​ជាមួយ​ថ្នាំ​ញៀន ប្រមាណ​ជា​៤​គីឡូក្រាម និង​ថ្នាំ​គ្រវី​មួយ​ចំនួន


ខេត្តស្ទឹងត្រែង ៖ នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២០​នេះ ការិយាល័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹង ត្រែង​បាន​បង្ហាញមុខ​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​២​នាក់ ពាក់ព័ន្ធ​ការ​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​។ ជនសង្ស័យ​ខាងលើ​ត្រូវ​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ ២០២០ ស្ថិត​នៅ​ភូមិ​លើ សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹង​ត្រែង​។

បន្ទាប់​ការ​ចាប់ខ្លួន​ជនសង្ស័យ​រួម​វត្ថុ​តាង​ជាក់ស្តែង​ក្រោម​ការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​កម្លាំង​ជំនាញ​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​សាកសួរ​ស្វែងរក​ជន​នៅ​ពីក្រោយ​ខ្នង​នៃ​ការ​បញ្ជា និង​ផ្គត់ផ្គង់​ចរាចរ​នូវ​ថ្នាំ​ញៀន​ទាំងនេះ​ដែរ​។ លោក​វរសេនីយ៍ទោ ចែ​ម ផានិត នាយការិយាល័យ​ប្រឆាំង​គ្រឿង ញៀន​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​មាន​ទី​១​ឈ្មោះ អ៊ិ​ន ថា ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ជនជាតិ​ខ្មែរ ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ទី​២.​ឈ្មោះ​វ៉ា​ន់ ភូរ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្ដៅ ឃុំ​ស្ដៅ ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង​។

លោក​បន្ថែម​ថា ស្ថិត​ការ​ក្រោម​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី អូត ស៊ី​វត្ថា ស្នងការ​នគរបាល​ខេត្ត និង​មានការ​សម្របសម្រួល​ពី​អាយ្យ​ការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង កម្លាំង​ជំនាញ​បាន​ចុះ​ដល់​ចំណុច​ខាងលើ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ដកហូត​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​ត​ស​មីន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​៤​កញ្ចប់​ធំ ទម្ងន់​៣៩៥០,៩៧​ក្រាម សាកសួរ និង​បន្ត​នីតិវិធី​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​នៅ​ជិត​ព្រំដែន​ឡាវ រឹបអូស​ថ្នាំ​ញៀន​ប្រភេទ អ៊ិ​ច​ស្តា​ស៊ី (​ថ្នាំ​គ្រវី​) ចំនួន​២​ថង់​តូច ទម្ងន់​៣៨,១២​ក្រាម ហើយ​នាំ​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សាកសួរ​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​សាកសួរ កសាង​សំណុំរឿង​រួម​ទាំង​វត្ថុ​តាម​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕ ដោយ ៖ រ៉ូ សាលី

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ