អាជ្ញាធរ​ខេត្ត​ត្រៀម​ជា​ស្រេច​សង្គ្រោះ​ពលរដ្ឋ ទោះ​កម្ពស់​ទឹកទន្លេ​មេគង្គ​មិន​ទាន់​ដល់​កំរិត​ឱ្យ​ប្រុង​ប្រយ័ត្ន


ខេត្តកំពង់ចាម ៖ កម្ពស់​ទឹកទន្លេ​មេគង្គ​នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២០ មាន​កម្ពស់​១១.២៨​ម៉ែត្រ ដោយ​ទឹក​មិន​ទាន់​បាន​ហូរ​ចូល​ក្រុង​កំពង់ចាម​នៅឡើយ​ទេ​។ សម្រាប់​កម្ពស់​ទឹក​ឱ្យ​ប្រុង​ប្រយ័ត្ន គឺ​១៥.២០​ម៉ែត្រ ។ ទោះជា​បែប​នេះ​ក្តី អាជ្ញាធរ​ខេត្ត​រួម​នឹង​ស្ថាប័ន​ជំនាញ ព្រមទាំង​អាជ្ញា​ធរ​ពាក់ព័ន្ធ​ដែល​មានស្រុក​នៅ​តាម​ដង​ទន្លេ គឺ​បាន​បង្កើន​ការ​ប្រុង​ប្រយ័ត្ន និង​ត្រៀមលក្ខណៈ​រួច​ជា​ស្រេច ដើម្បី​ជម្លៀស​ប្រជាពលរដ្ឋ​មក​កាន់​ទីទួល​សុវត្ថិភាព​។

លោក យី វណ្ណៈ អភិបាលស្រុក​កោះ​សុទិន បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ត្រង់​ចំណុច​ច្រាំង​ទន្លេតូច ក្នុងភូមិ​ពង្រ​លិច ឃុំ​ពង្រ ស្រុក​កោះសូទិន ក្រោយ​ពី​ទឹកទន្លេ​បាន​ស្រក ធ្វើ​ឱ្យ​ច្រាំង​បាន​បាក់​ស្រុត​ប្រវែង​៦០​ម៉ែត្រ ព្រមទាំង​បាន​យាយី​មក​ដល់​ដី​ចំណី​ផ្លូវថ្នល់​ដែល​ជា​ដង្ហើម​សេដ្ឋកិច្ច សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក​ក្នុង​នោះ​មាន អ្នក​ស៊ី​ធរ​កណ្ដាល ខេត្តព្រៃវែង ក៏​ត្រូវធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ផ្លូវ​នេះ​ដែរ​។

អភិបាលស្រុក​កោះសូទិន បាន​ប្រាប់​បន្ត​ថា ដោយ​មើលឃើញ​ពី​ការ​លំបាក​បែប​នេះ លោក អ៊ុ​ន ចាន់​ដា អភិបាលខេត្ត និង​សហការី​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​នៅ​ក្នុង​ខែឧសភា ២០២០ ដោយ​មិន​បង្អង់ គឺ​បាន​ប្រើប្រាស់​កញ្ចប់​ថវិកា​របស់​រដ្ឋបាល​ខេត្ត ដោយ​ចាប់​ឲ្យ​មន្ទីរ​ធនធានទឹក ធ្វើការ​ស្ថាបនា​ច្រាំង​ទន្លេ និង​ចាក់​ដី​កុំ​ឲ្យ​បាក់​មក​ដល់​ផ្លូវ រហូត​មក​ដល់​ដើមខែ​កញ្ញា ច្រាំង​ទន្លេ​បាន​សាងសង់​រួចរាល់​១០០%​។

ស្រប​ពេល​ដែល​ទឹកទន្លេ​មេគង្គ​បាន​ហក់​ឡើង ធ្វើ​ឱ្យ​ទឹកទន្លេ​បាន​ហូរ​ចូល​តាម​ទន្លេតូច និង​ទឹកបាន​ហូរ​កាត់​ត្រង់​ចំណុច​ច្រាំង​ទន្លេ​ក្នុង​ឃុំ​ពង្រ ដែល​បាន​សាងសង់​រួច ដើម្បី​ពិនិត្យ​ពី​គុណភាព​សំណង់​នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែតុលា លោក អ៊ុ​ន ចាន់​ដា អភិបាលខេត្ត និង​សា​ហ​ការី​បាន​អញ្ជើញ​ចុះ​មក​ពិនិត្យ​ដោយ​ផ្ទាល់ ដោយ​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​តែ​នាំ​គ្នា​ថែរក្សា​សមិទ្ធផល​សម្រាប់​ជា​គុណប្រយោជន៍​ទ្រព្យសម្បត្តិ​សាធារណៈ​។

លោក​អ៊ុ​ម វិបុល ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត បាន​ឲ្យ​ដឹង​ដែរ​ថា បន្ទាប់​ពី​បាន​ពិនិត្យ​ច្រាំង​ទន្លេ ដែល​សាងសង់​រួច​នៅ​ក្នុង​ឃុំ​ពង្រ ស្រុក​កោះសូទិន អភិបាលខេត្ត​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានីយ​បូមទឹក​មួយ​កន្លែង​ទៀត ដែល​កសាង​ដោយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​មហាលាភ ស្រុក​កោះសូទិន ដែល​រហូត​មក​ដល់​ពេល​នេះ គឺ​បាន​សាងសង់​រួចរាល់​១០០% ទាំង​នៅ​ក្នុង​ជំហាន​ទី​១​និង​ជំហាន​ទី​២​។

ស្ថានីយ​បូមទឹក​នេះ គឺ​បាន​ផ្ដល់​អត្ថប្រយោជន៍ ដែល​នាំ​ទឹក​សម្រាប់​ស្រោចស្រព​ដំណាំ​ស្រូវ ពី​ទន្លេតូច​ទៅ​ព្រែក​វ៉ៃ​កូ ដោយ​ឆ្លងកាត់​មាន​ខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និង​រហូត​ដល់​ខេត្តស្វាយ​រៀង​ផង​ដែរ​។

សូម​បញ្ជាក់​ថា ប្រព័ន្ធ​ធារាសាស្ត្រ​ដែល​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​សាធារណរដ្ឋ​ប្រ​ប្រជា​មានិត​​ចិន​នេះ​ក្នុង​ជំហាន​ទី​១ ក្នុង​អាណត្តិ​លោក លន់ លឹ​ម​ថៃ អតីត​អភិបាលខេត្ត​កំពង់ចាម និង​ជំហាន​ទី​២ គឺ​បាន​សាងសង់​បំពាក់​សម្ភារៈ​បច្ចេកទេស​បំពាក់​ម៉ូ​ទ័​រ​បូមទឹក​បែប​ទំនើប​ខ្នាត​យក្ស សម្រាប់​បូមទឹក​ពី​ទន្លេតូច​ចូល​ទៅ​ក្នុង​ព្រែក​វ៉ៃ​កូ ៕

Facebook Google Twitter Email

Live

Sponsored News

១១:២៩ | ក្នុងស្រុក

ក្រុមហ៊ុន KB Kookmin Card និង ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដើម្បីផ្ដល់អាហារូបករណ៍ និងគាំទ្រគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពង់ធំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ