ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់​កំពុង​វាយលុក​ស្រុក​ប​វេស​ជា​ថ្មី ខណៈ​ស្រុក​កំ​រៀង​លិច​ច្រក​ទ្វារ​អន្តរ​ជាតិ​«​ដូង​» (​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ យោង​តាម​ព័ត៌មាន​បឋម​ដែល​កោះសន្តិភាព​ទទួល​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែតុលា​នេះ បានឱ្យ​ដឹង​ថា ជំនន់​ទឹកភ្លៀង​បាន​និង​កំពុង​ចាប់ផ្ដើម​វាយប្រហារ​ជា​ថ្មី ចូល​តាម​បណ្ដា​ឃុំ​មួយ​ចំនួន​នៅ​ស្រុក​ប​វេ​ល ខណៈ​ច្រក​ទ្វារ​អន្តរជាតិ «​ដូង​» នៅ​ស្រុក​កំ​រៀង…

ខេត្តបាត់ដំបង ៖ យោង​តាម​ព័ត៌មាន​បឋម​ដែល​កោះសន្តិភាព​ទទួល​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែតុលា​នេះ បានឱ្យ​ដឹង​ថា ជំនន់​ទឹកភ្លៀង​បាន​និង​កំពុង​ចាប់ផ្ដើម​វាយប្រហារ​ជា​ថ្មី ចូល​តាម​បណ្ដា​ឃុំ​មួយ​ចំនួន​នៅ​ស្រុក​ប​វេ​ល ខណៈ​ច្រក​ទ្វារ​អន្តរជាតិ «​ដូង​» នៅ​ស្រុក​កំ​រៀង ក៏​កំពុង​ចាប់ផ្ដើម​លិចលង់​ដំណាលគ្នា​នៅ​ព្រឹក​នេះ​ដែរ​។

អធិការ​នគរបាល​ស្រុក​ប​វេ​ល លោក សុខ សា​រិ​ន បានឱ្យ​ដឹង​ថា ពេល​នេះ លោក​កំពុង​តែ​ដឹកនាំ​កម្លាំង​ចុះ​តាមដាន​ស្ថានភាព​ទឹកជំនន់​ដែល​បាន​ចាប់ផ្ដើម​ហក់​ឡើង​វិញ​ជា​ថ្មី ហើយ​ថែម​ទាំង​កំពុង​យាយី​កំណាត់​ផ្លូវជាតិ​មួយ​ចំនួន​ទៀត​ផង​។

លោក​អធិការ​បាន​ប្រាប់​ថា ទឹកបាន​ចាប់ផ្ដើម​រើប​ឡើង​វិញ នៅ​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ តុលា​នេះ​។ ពេល​នេះ យើង​ពិនិត្យ​ឃើញ​ឃុំ​ចំនួន​២ ដែល​កំពុង​តែ​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​ជា​លើក​ទី​២​នេះ គឺ​ឃុំ​បឹង​ប្រាំ និង​ឃុំ​អំពិល​ប្រាំជា​ដើម ខណៈ​ផ្លូវជាតិ​លេខ​៥៧B ដែល​ឆ្លងកាត់​ឃុំ​ទាំង​២​នេះ ក៏​កំពុង​តែ​ប្រឈម​ជាមួយនឹង​ការ​លិចលង់​ជា​ថ្មី​ដែរ​។

ដោយឡែក​នៅ​ឯ​ស្រុក​កំ​រៀង ជាប់​ព្រំដែន​ប្រទេស​ថៃ ឯណោះ​វិញ ក៏​មាន​សេចក្ដីរាយការណ៍​ដែរ​ថា ទឹកជំនន់ បាន​ហូរ​ធ្លាក់​ពី​ប្រទេស​ថៃ ចូល​តាម​អូរ​ព្រំដែន ធ្វើ​ឱ្យ​ជន់​លិច​ច្រក​ទ្វារ​អន្តរជាតិ «ដូង» ដែល​មិន​អាច​ឱ្យ​អ្នកដំណើរ ឬ​រថយន្ត​ដឹក​ទំនិញ​ឆ្លងកាត់​បាន​ឡើយ​។

បើ​តាម​ប្រ​ពី​មន្ត្រី​នៅ​ទីនោះ បាន​បញ្ជាក់​ថា ទឹកជំនន់​ជា​ថ្មី​នេះ បាន​ចាប់ផ្ដើម​ហក់​ឡើង​នៅ​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៨ ខែតុលា​នេះ ដែល​មាន​កម្ពស់​ប្រជា​ង​០៤​ម៉ែត្រ​។ យ៉ាងនេះ​ក្ដី ងាក​មក​មើល​ស្ថានភាព​ទឹកស្ទឹង​សង្កែ​វិញ កម្ពស់​ទឹក​ហាក់​នៅ​កំរិត​ទាប​នៅឡើយ ខណៈ​អាកាសធាតុ​នៅ​ពេល​នេះ​កំពុង​អ័ព្ទ​អ៊ូ​យ៉ាង​ខ្លាំង​។ ប៉ុន្តែ​ឥទ្ធិពល​ទឹក​អាង​កំពីងពួយ កំពុង​បន្ត​ធ្វើ​ឱ្យ​លិចលង់​លើ​ឃុំ​ចំនួន​៤ ក្នុងស្រុក​ថ្មគោល​ដដែល ព្រមទាំង​បាន​យាយី​លើ​កំណាត់​ផ្លួ​វ​ជាតិ​លេខ​៥ រាប់រយ​ម៉ែត្រ​ទៀត​ផង​។

រដ្ឋបាល​ខេត្តបាត់ដំបង កាលពី​ថ្ងៃ​ទី​១៧ តុលា បាន​ចេញ​សេចក្ដីជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត ឱ្យ​ត្រៀមលក្ខណៈ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកភ្លៀង​ដែល​នឹង​កើត​ឡើងជា​ថ្មី​ម្ដងទៀត ក្នុង​ពេល​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។ រដ្ឋបាល​ខេត្ត​បាន​ជូនដំណឹង​នេះ ដោយ​យោង​លើ​ការ​ព្យាករណ៍​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​បាន​ប្រកាស​ថា សម្ពាធ​ទាប​សកម្ម​នឹង​ចូល​មក​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​១៩ ខែតុលា​នេះ ហើយ​ក្នុង​ចំណោម​ខេត្ត​មួយ​ចំនួន​ដែល​ប្រឈម​នឹង​សម្ពាធ​ទាប​ជា​ថ្មី​នេះ ក៏​មាន​ខេត្តបាត់ដំបង​ផង​ដែរ​។ ដូច្នេះ​ប្រជាពលរដ្ឋ​គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​បំផុត ចំពោះ​អាកាសធាតុ​ដ៏​អាក្រក់​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ