ខេត្តមណ្ឌលគិរី ៖ សព្វពស់ថ្លាន់ទម្ងន់ជាង២០គីឡូក្រាម ត្រូវបាននារីក្លាហានម្នាក់ចាប់បាននៅខេត្តកណ្តាល កាលពីប៉ុន្មានថ្ងៃមុន ឡើងល្បីកក្រើកពេញបណ្តាញសង្គមតែម្តង ឥឡូវត្រូវបានយកទៅលែងចូលព្រៃអភិរក្សស្រុកកែវសីមា ខេត្តមណ្ឌលគិរី ហើយ។

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឲ្យដឹងថា ប្រជាពលរដ្ឋ និងមន្ត្រីឧទ្យានុរក្សរួមគ្នាលែងសត្វពស់ថ្លាន់១ក្បាលចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ។ ហើយសត្វពស់ថ្លាន់១ក្បាលនេះ ត្រូវបានប្រជាពលរដ្ឋចាប់បានក្នុងលំនៅឋាននៅស្រុកកោះធំ ឃុំសំពៅពូន ខេត្តកណ្តាល និងសំណូមពរឲ្យលែងនៅក្នុងព្រៃអភិរក្សភូមិសាស្ត្រខេត្តមណ្ឌលគីរី។

សូមរំលឹកថា កាលពីថ្ងៃទី១៤ តុលា មានគណនីហ្វេសប៊ុកមួយឈ្មោះ Phing Phing Love បានបង្ហោះរូបភាពនារីម្នាក់ចាប់កាន់ពស់ថ្លាន់ដ៏ធំមួយក្បាល រួចច្រកចូលបាវយ៉ាងព្រងើយ និងបានសរសេរបញ្ជាក់ថា ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ទឹកលិច ពស់ថ្លាន់វាឡើងផ្ទះធំណាស់១ក្បាលជិត២០គីឡូក្រាម ខ្ញុំចាប់វាយកទៅលែងទេបងប្អូន ខ្ញុំយកវាទៅលែងនៅខេត្តមណ្ឌលគិរី ក្នុងព្រៃអភិរក្ស។ សូមបងប្អូនប្រុងប្រយ័ត្នផង ព្រោះទឹកជំនន់ជន់លិចភូមិ សត្វពស់វាឡើងផ្ទះ៕






ចែករំលែកព័តមាននេះ