រាជធានីភ្នំពេញ ៖ នាល្ងាចថ្ងៃទី១៦ ខែតុលានេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពីស្ថានភាពអាកាសធាតុ មកដល់ពេលនេះ ប្រពន្ធសម្ពាធទាបដែលអូសបន្លាយលើកម្ពុជា កាន់តែបង្កើនឥទ្ធិពលជាលំដាប់ ។
ចំណែកវិសម្ពាធ ដែលបានកើតនៅលើសមុទ្រចិនខាងត្បូង ដែលក្រសួងបានជូនដំណឹងថា វាក្លាយទៅជាព្យុះទី១៧ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នោះ ពេលនេះវាស្ថិតនៅត្រឹមកម្រិតជាវិសម្ពាធដដែល ដោយមានល្បឿនខ្យល់ អតិបរមា ១៥ម៉ែត្រ ក្នុងមួយវិនាទី ដែលទាបជាងល្បឿនរបស់ព្យុះ (Tropical Storm) តែ២ម៉ែត្រ ក្នុងមួយវិនាទី តែប៉ុណ្ណោះ ។
វិសម្ពាធនេះ នឹងធ្វើដំណើរឆ្ពោះចូលមកលើភាគកណ្តាលប្រទេសវៀតណាម នៅថ្ងៃ១៧ ខែតុលា ឆ្នាំ២០២០ ។
ស្ថានភាពបែបនេះ នឹងធ្វើឲ្យភ្លៀងនៅតែបន្តធ្លាក់ច្រើន ពិសេសចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅតាមបណ្តាខេត្តភាគពាយ័ព្យ បណ្តាខេត្តនៅភូមិសាស្ត្រជាប់ក្បែរជួរភ្នំដងរែក ខ្ពង់រាបភាគឦសាន និងតំបន់ជួរភ្នំក្រវាញ នឹងអាចមានភ្លៀងធ្លាក់ខ្លាំងជាប់បន្ត ។ ចំណែកនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន និងនៅលើផ្ទៃសមុទ្រ មានភ្លៀងលាយឡំខ្យល់បក់បោក និងរលកសមុទ្រខ្ពស់ៗ ។
យោងលើស្ថានភាពអាកាសធាតុ ដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថានប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋដែលនៅតំបន់ខាងលើ សូមជ្រាបជាព័ត៌មាន និងបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ៕
ចែករំលែកព័តមាននេះ