ថៃ​នឹង​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​ប្រកាស​អាសន្ន​ និង​ដាក់​បំរាម​គោចរ​បើ​ការ​តវ៉ា​កាន់តែ​ខ្លាំង


ថៃ​ ៖ គណៈរដ្ឋមន្ត្រី​ថៃ​នៅ​ថ្ងៃ​សុក្រ​នេះ ​បាន​អនុម័ត​ជា​ផ្លូវការ​នូវ​ស្ថានភាព​អាសន្ន​នៅ​ក្នុង​ទីក្រុង​បាងកក​នៅ​ក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ​ ដែល​ត្រូវ​បាន​ស្នើ​ឡើង​ដោយ លោក ប្រា​យុទ្ធ ចាន់​អូ​ចា (Prayut Chan-o-cha) នាយក​រដ្ឋមន្ត្រី​ថៃ ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែតបាងកក​ប៉ុស្តិ៍ ចុះ​ថ្ងៃ​ទី១៦ ខែតុលា​នេះ ។

ឧត្តមសេនីយ៍ ប្រា​យុទ្ធ បាន​កោះ​ប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ម៉ោង ១០ ព្រឹក​ថ្ងៃ​សុក្រ ដើម្បី​ពិភាក្សា​អំពី​ក្រឹត្យ​បន្ទាន់​ដែល​លោក​បាន​អំពាវនាវ​នៅ​ទីក្រុង​បាងកក​ប្រហែល​ម៉ោង ៤ ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​បន្ទាប់​ពី​មានការ​តវ៉ា​តាម​ដងផ្លូវ​នៅ​ក្នុង​រដ្ឋធានី​បាងកក​កាន់តែ​ខ្លាំង​ឡើង​នោះ ។

លោក​ឧត្តមសេនីយ៍ ប្រា​យុទ្ធ បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​បម្រាម​គោចរ​ហាមឃាត់​ប្រជាជន​មិន​ឱ្យ​ចាក​ចេញពីផ្ទះ​នៅ​ពេល​យប់​អាច​នឹង​ត្រូវ​បាន​ដាក់​ប្រ​សិន បើ​ស្ថានការណ៍​កាន់តែ​កើនឡើង​ខ្លាំង​មិនល្អ​។ លោក​បាន​ទទូច​ថា​ស្ថានភាព​នេះ​មិន​ធានា​ចំពោះ​ការ​ប្រកាស​ពី​ច្បាប់អាជ្ញាសឹក​នោះ​ទេ​។

នៅ​ក្នុង​កិច្ចប្រជុំ​នោះ ខុទ្ទកាល័យ​លេខាធិការ​គណៈរដ្ឋមន្ត្រី​បាន​ប្រកាស​អនុម័ត​ជា​ផ្លូវការ​នូវ​ក្រឹត្យ​បន្ទាន់​ក្នុង​ទីក្រុង​បាងកក សម្រាប់​រយៈពេល​មួយ​ខែ​គិត​ចាប់ពី​ថ្ងៃ​ទី ១៥ ខែតុលា​ដូចដែល​បាន​ស្នើ​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​។

យោង​តាម​សេចក្តីជូនដំណឹង​បានអោយ​ដឹង​ថា​ក្រឹត្យ​បន្ទាន់​នេះ​ត្រូវ​បាន​ចេញ​បន្ទាប់​ពី​ក្រុម​មនុស្ស​ដែល​ហៅ​ខ្លួនឯង​ថា “Khana Rassadorn 2563’’ (​គណបក្ស​ប្រជាជន ២០២០) បាន​ញុះញង់​ប្រជាជន​អោយ​ចេញ​មក​ប្រមូលផ្តុំ​គ្នា​នៅ​ទីក្រុង​បាងកក​ជា​ច្រើន​លើក​ច្រើន​សារ ។

ក្រុម​មេដឹកនាំ​បាន​និយាយ​ថា​មេដឹកនាំ​បាតុកម្ម​បាន​កោះហៅ​មហា​បាតុកម្ម​កាលពី​ថ្ងៃ​ពុធ​នៅ​វិមាន​ប្រជាធិបតេយ្យ លើ​វិ​ថី Ratchadamnoen Avenue ហើយ​បន្ទាប់​មក​បាន​ដើរ​ដណ្តើម​កាន់កាប់​តំបន់​នៅ​ខាងក្រៅ​វិមាន​រដ្ឋាភិបាល​នៅ​យប់​នោះ​។

សេចក្តី​ប្រកាស​បាន​និយាយ​ថា ក្នុងអំឡុងពេល​នៃ​ការ​តវ៉ា​នោះ មេដឹកនាំ​បាតុកម្ម​បាន​ធ្វើ​សកម្មភាព​រំលោភច្បាប់​ទាក់ទង​នឹង​ការ​ប្រមូលផ្តុំ​ជា​សាធារណៈ​និង​បាន​ប្រើ​បណ្តាញ​ជា​ច្រើន​ដើម្បី​ញុះញង់​ឱ្យ​មានការ​រំជើបរំជួល រួម​ទាំង​ការ​រារាំង​របស់​ក្រុម​បាតុករ​ទៅ​លើ​ក្បូន​ដង្ហែ​របស់​ព្រះ​បរមរាជវាំង​។

ការ​ប្រមូលផ្ដុំ​ធ្វើ​បាតុកម្ម​នេះ​ក៏​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​លើ​វិធាន​ការណ៍​នានា​ដើម្បី​គ្រប់គ្រង​ការ​រីក​រាលដាល​និង​ការ​ឆ្លង​នៃ​មេរោគ​ឆ្លង​កូ​វី​ដ ១៩ ដែល​នឹង​ជះ​ឥទ្ធិពល​ដោយ​ផ្ទាល់​ដល់​សេដ្ឋកិច្ច​ផុយ​ស្រួយ​របស់​ប្រទេស​ថៃ​ទៀត​ផង​។

សេចក្តី​ប្រកាស​របស់​លេខាធិការដ្ឋាន​បាន​និយាយ​ថា ជាមួយនឹង​ហេតុផល​ទាំងនេះ​នាយក​រដ្ឋមន្ត្រី​បាន​សម្រេចចិត្ត​ប្រកាស​ក្រឹត្យ​បន្ទាន់​មួយ​ក្នុង​ទីក្រុង​បាងកក​ដែល​ចាប់ផ្តើម​ពី​ម៉ោង ៤ ព្រឹក​ថ្ងៃ​ទី ១៥ ខែតុលា ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ