ខេត្តបន្ទាយមានជ័យ ៖ យ៉ាងហោណាស់ក៏មានមនុស្សក្មេងចាស់ចំនួន៦នាក់ត្រូវបានបាត់បង់ជីវិត ក្នុងនោះមនុស្ស៥នាក់បានបាត់បង់ជីវិតដោយសារលង់ទឹកនៅទីកន្លែងដោយឡែកពីគ្នា និងម្នាក់ទៀតបាត់បង់ជីវិតដោយសារឆក់ខ្សែភ្លើង រីឯសត្វគោ១ក្បាលក៏ត្រូវងាប់ដោយសារតែរន្ទះបាញ់ផងដែរ នៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ ។
បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា ៖
ករណីទី១/- កើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ជនរងគ្រោះឈ្មោះ ម៉ន វួន ភេទប្រុស អាយុ៤៥ឆ្នាំ ជាមនុស្សសតិមិនប្រក្រតី រស់នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ បានផឹកស្រាស្រវឹង រួចក៏ចុះងូតទឹកខណៈពេលទឹកកំពុងឡើងជន់ខ្លាំង បណ្តាលឲ្យលង់ទឹកបាត់បង់ជីវិតតែម្តង។
ករណីទី២/- កើតឡើងនៅវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់នាថ្ងៃដដែល មានក្មេងប្រុសរងគ្រោះម្នាក់ឈ្មោះ ឈៀ មង្គល អាយុ៦ឆ្នាំ រស់នៅភូមិភូមិព្រះស្រែ ឃុំតាឡំ ស្រុកមង្គលបូរី បានលង់ទឹកបាត់បង់ជីវិត ខណៈពេលដែលក្មេងប្រុសរូបនេះទៅលេងទឹកហូរ ។
ករណីទី៣/- កើតឡើងនៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៥ តុលានេះ មាន២នាក់ម្តាយនិងកូនបានលង់ទឹក បណ្តាលឱ្យបាត់បង់ជីវិតនៅចំណុចអាងគ្រុឌ។ ដោយដំបូងមុនពេលកើតហេតុ គឺឈ្មោះ សន ស្រីអឿងភេទស្រី អាយុ១៦ឆ្នាំ រស់នៅនៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក (ត្រូវជាកូន) បានដើរឆ្លងទឹកហូរទៅបេះម្ទេស ពេលនោះក៏ស្រាប់តែរអិលជើងដួល បណ្តាលទឹកហូរកួចយកទៅ ។ ខណៈពេលឃើញដូច្នេះម្តាយឈ្មោះ លីន សាង អាយុ៤២ឆ្នាំ បានចុះទៅជួយកូនស្រី ក៏ត្រូវបានលង់បណ្តាលឱ្យបាត់បង់ជីវិតទាំង២នាក់តែម្តង។
ករណីទី៤/- កើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៥ ខែតុលា គឺមានក្មេងស្រីម្នាក់ឈ្មោះ វិន មេសា អាយុ០១ឆ្នាំ០៤ខែ រស់នៅភូមិម៉ក់ហ៊ឺន ឃុំកូប ស្រុកអូរជ្រៅ បានលង់ទឹកបណ្តាលឱ្យបាត់បង់ជីវិត ខណៈពេលបងប្រុសអាយុ១១ឆ្នាំបាននាំក្មេងស្រីរងគ្រោះមកលេងនៅមុខផ្ទះ។
របាយការណ៍ស្នងការដ្ឋាននគរបាលខេត្តបានបង្ហាញទៀតថា នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី១៥ តុលានេះ មានភ្លៀងធ្លាក់លាយឡំជាមួយនឹងផ្គររន្ទះផងនោះ ក៏មានសត្វគោ១ក្បាលត្រូវរន្ទះបាញ់ បណ្តាលឲ្យងាប់ភ្លាមៗផងដែរ ខណៈសត្វគោមួយក្បាលនោះកំពុងតែដើរស៊ីស្មៅនៅចំណុចភូមិស្ទឹង ឃុំរលួស ស្រុកស្វាយចេក ។
ដោយឡែកនៅវេលាម៉ោង៨យប់ ថ្ងៃទី១៥ ខែតុលា ក៏មានឈ្មោះនី ណុយ ភេទប្រុសអាយុ២៦ឆ្នាំ រស់នៅភូមិទ្រលោកលិច ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ បានត្រូវឆក់ចរន្តអគ្គិសនីបណ្តាលឱ្យបាត់បង់ជីវិត ខណៈពេលជនរងគ្រោះដើរទៅផ្ទះបាយស្រវាបើកកុងតាក់ភ្លើង ក៏ប៉ះចំខ្សែភ្លើងដាច់ បណ្តាលឲ្យឆក់តែម្តង ហើយក៏បានបាត់បង់ជីវិតខណៈពេលបញ្ជូនទៅមន្ទីរពេទ្យ។
សូមបញ្ជាក់ថា តាមតួលេខរបស់ស្នងការដ្ឋាន ជនរងគ្រោះដែលបាត់បង់ជីវិតដោយសារលង់ទឹកចាប់ពីមានទឹកជំនន់មកទល់ថ្ងៃទី១៥ ខែតុលានេះ បានកើនឡើងចំនួន១១នាក់ហើយ។
ចែករំលែកព័តមាននេះ