ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារអាយុក្រោម ៥ឆ្នាំ ប្រមាណ ៣២ភាគរយ អាចនឹងមានជំងឺក្រេះក្រិន និង១០ភាគរយទៀតអាចនឹងមានបញ្ហាស្គមស្គាំង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅកម្ពុជាកង្វះអាហារូបត្ថម្ភ នៅតែជាបញ្ហាដែលគួរឱ្យព្រួយបារម្ភ ដោយមានកុមារអាយុក្រោម ៥ឆ្នាំ ប្រមាណជា ៣២ភាគរយ មានជំងឺក្រេះក្រិន ហើយ១០ភាគរយផ្សេងទៀតមានបញ្ហាស្គមស្គាំង។…

រាជធានីភ្នំពេញ ៖ នៅកម្ពុជាកង្វះអាហារូបត្ថម្ភ នៅតែជាបញ្ហាដែលគួរឱ្យព្រួយបារម្ភ ដោយមានកុមារអាយុក្រោម ៥ឆ្នាំ ប្រមាណជា ៣២ភាគរយ មានជំងឺក្រេះក្រិន ហើយ១០ភាគរយផ្សេងទៀតមានបញ្ហាស្គមស្គាំង។ នេះបើយោងតាមរបាយការណ៍របស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិហៅកាត់ថា (FAO) ចេញផ្សាយថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២០។

ប្រភពដដែលបានបន្តថា ក្នុងរយៈពេល៧៥ឆ្នាំ ចាប់តាំងពីការបង្កើត អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិហៅកាត់ថា (FAO) ពិភពលោកមានការរីកចម្រើន ក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ ភាពអត់ឃ្លាន និងបញ្ហាកង្វះអាហារូបត្ថម្ភ។ ប៉ុន្តែ នៅតែមានមនុស្សជាច្រើនកំពុងស្ថិតក្នុងភាពងាយរងគ្រោះ។

សូម្បីតែមុនពេលមានការរាតត្បាតនៃជំងឺកូវីត១៩ មនុស្សប្រមាណជាង២ពាន់លាននាក់ គ្មានលទ្ធភាពទទួលបានអាហារគ្រប់គ្រាន់ មានសុវត្ថិភាព និងអាហារូបត្ថម្ភគ្រប់គ្រាន់ជាទៀងទាត់ឡើយ។ មនុស្សប្រមាណជិត៧០០លាននាក់ផ្សេងទៀត ចូលគេងទាំងមានការស្រេកឃ្លាន នៅទូទាំងពិភពលោក នេះបើយោងតាមរបាយការណ៍ស្តីពី ស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅ ក្នុងពិភពលោកឆ្នាំ២០២០។

របាយការណ៍ដដែល បានបង្ហាញថាការរំខានខាងសេដ្ឋកិច្ចបណ្តាលមកពីជំងឺរាតត្បាតនេះ អាចនឹងរុញច្រានឱ្យប្រជាជនប្រមាណ ១៣០ លាននាក់ផ្សេងទៀតនៅទូទាំងពិភពលោកឱ្យធ្លាក់ក្នុងភាពអត់ឃ្លាននាចុងឆ្នាំនេះ។

តាមរយៈ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) នៅថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០២០ បានបន្តថា នៅជុំវិញពិភពលោកជំងឺរាតត្បាត កូវីដ១៩ នេះ បានបង្ហាញឱ្យឃើញ ពីភាពផុយស្រួយនៃប្រព័ន្ធស្បៀងអាហាររបស់យើង ហើយវាបានគំរាមកំហែង និងធ្វើឱ្យមនុស្សរាប់លាននាក់ផ្សេងទៀតធ្លាក់ចូលក្នុងវិបត្តិនៃភាពអត់ឃ្លាន។

ដោយឡែកនៅប្រទេសកម្ពុជា ទោះបីមានការរីកចម្រើនគួរឱ្យកត់សម្គាល់យ៉ាងណាក៏ដោយ កង្វះអាហារូបត្ថម្ភ នៅតែជាបញ្ហាដែលគួរឱ្យព្រួយបារម្ភ ដោយមានកុមារអាយុក្រោម ៥ឆ្នាំ ប្រមាណជា ៣២ភាគរយ មានជំងឺក្រេះក្រិន ហើយ១០ភាគរយផ្សេងទៀតមានបញ្ហាស្គមស្គាំង។ នៅមានបញ្ហាប្រឈមជាច្រើន ក្នុងការធានាដល់ការផ្តល់អាហារ ឱ្យបានគ្រប់គ្រាន់ប្រកបដោយជីវជាតិដល់កុមារដើម្បីឱ្យពួកគេលូតលាស់ និងធំធាត់ប្រកបដោយសុវត្ថិភាព។

កង្វះមីក្រូសារជាតិ ក៏ជះឥទ្ធិពលយ៉ាងខ្លាំងដល់កុមារ និងស្ត្រីក្នុងវ័យបន្តពូជ។ លើសពីនេះទៀត ការលើសទម្ងន់ និងជំងឺធាត់ គឺជាក្តីព្រួយបារម្ភដែលកំពុងតែកើនឡើងនៅក្នុងប្រទេសកម្ពុជា ជាពិសេសចំពោះស្ត្រីដែលស្ថិតក្នុងវ័យបន្តពូជ។

ប្រជាជនកម្ពុជាភាគច្រើន ដែលរស់នៅតាមទីជនបទ ពួកគេងាយរងគ្រោះ ពីការប្រែប្រួលអាកាសធាតុណាស់។ ជាញឹកញាប់ ទឹកជំនន់ និងគ្រោះរាំងស្ងួតតែងគំរាមកំហែង ដល់ប្រព័ន្ធស្បៀងអាហារ ហើយវានឹងមានការកើនឡើងកាន់តែញឹកញាប់នាពេលអនាគត។ កម្ពុជា ស្ថិតក្នុងចំណាត់ថ្នាក់ទី៩នៅលើពិភពលោក ជាប្រទេសដែលងាយរងគ្រោះបំផុត បើយោងទៅតាមសន្ទស្សន៍ហានិភ័យ គ្រោះមហន្តរាយពិភពលោកឆ្នាំ២០១៦។ នេះសបញ្ជាក់ពីភាពចាំបាច់ ក្នុងការកសាងភាពធន់ របស់សហគមន៍ចំពោះការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិ និងធានាថាពួកគេអាចទទួលបានអាហារគ្រប់គ្រាន់ មានសុវត្ថិភាព និងអាហារូបត្ថម្ភគ្រប់គ្រាន់ពេញមួយឆ្នាំ។

លោក Alexandre Huynh តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)

លោក Alexandre Huynh តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា «ទិន្នន័យ ប្រព័ន្ធបច្ចេកវិទ្យា និងការច្នៃប្រឌិត រួមជាមួយនឹងការសម្របសម្រួលយ៉ាងស្វាហាប់ និងការវិនិយោគប្រកបដោយការទទួលខុសត្រូវ គឺចាំបាច់ណាស់ ក្នុងការសម្រេចបានកាន់តែប្រសើរថែមទៀតនូវផលិតកម្មកសិកម្ម អាហារូបត្ថម្ភ បរិស្ថាន និងជីវភាពរស់នៅ» ។

លោកបានបន្ថែមថា «ការធានាឱ្យទទួលបាននូវអាហារសុវត្ថិភាព និងអាហារូបត្ថម្ភ គឺមានសារសំខាន់ណាស់ ហើយប្រការនេះ គឺចាំបាច់ និងបន្តនៅតែចាំបាច់ក្នុងការឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីត-១៩ ជាពិសេសសម្រាប់សហគមន៍ក្រីក្រ និងងាយរងគ្រោះ ដែលជាក្រុមទទួលរងផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរបំផុតដោយសារតែវិបត្តិមួយនេះ»។

សូមជម្រាបជូនផងដែរ អង្គការ FAO ក៏កំពុងជួយដល់ប្រទេសកម្ពុជាក្នុងការផលិតទិន្នន័យកសិកម្មថ្មីៗ និងអាចជឿទុកចិត្តបាន ដើម្បីជាជំនួយដល់ការរៀបចំគោលនយោបាយ និងការសម្រេចចិត្តនានា ព្រមទាំងការគាំទ្រដល់ការកសាងសមត្ថភាពជាតិក្នុងការផ្លាស់ប្តូរវិស័យកសិកម្មកម្ពុជាប្រកបដោយបរិយាបន្ន ការប្រកួតប្រជែង ភាពធន់ និងនិរន្តរភាព។


ក្នុងចំណោម ការអភិវឌ្ឍគោលនយោបាយពាក់ព័ន្ធផ្សេងៗ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) បាននឹងកំពុងគាំទ្រដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីអភិវឌ្ឍគោលនយោបាយអភិវឌ្ឍន៍កសិកម្មឆ្នាំ ២០២១-២០៣០ (ADP) និងផែនការមេវិស័យកសិកម្ម (ASMP) ឆ្នាំ ២០៣០៕

អត្ថបទសរសេរ ដោយ