ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀត​ហើយ​! កម្ពុជា​នឹង​មាន​ព្យុះ​ទី​១៧ ឈ្មោះ​សូ​ឌែ​ល​ចាប់ពី​ថ្ងៃ​ទី​១៧-១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រកាស​ថា ស្ថានភាព​អាកាសធាតុ​ជា​បន្តបន្ទាប់​ឃើញ​ថា នៅ​ថ្ងៃ​ទី​១៥ ខែតុលា​នេះ សម្ពាធ​ទាប​សកម្ម​មួយ ( Active…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រកាស​ថា ស្ថានភាព​អាកាសធាតុ​ជា​បន្តបន្ទាប់​ឃើញ​ថា នៅ​ថ្ងៃ​ទី​១៥ ខែតុលា​នេះ សម្ពាធ​ទាប​សកម្ម​មួយ ( Active Low ) កំពុង​ស្ថិត​នៅ​លើ​ភាគ​កណ្តាល​ប្រទេស​ហ្វី​លី​ពី​ន ។

តាម​ការ​ព្យាករ សម្ពាធ​ទាប​សកម្ម​នេះ​នឹង​រំកិល​ចូល​មក​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ហើយ​វិ​វត្ត​ខ្លួន​ជា​បន្តបន្ទាប់​ទៅ​ជា ព្យុះ​ទី ១៧ ឈ្មោះ សូ​ឌែ​ល (SAUDEL) ដោយ​ធ្វើ​ដំណើរ​ចូល​មក​ប៉ែក​ខាងលើ​ភាគ​ខាងត្បូង​នៃ​ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២០ ហើយ​បាន​ថមថយ​ឥទ្ធិពល​ទៅ​ជា​វិ​សម្ពាធ និង​សម្ពាធ​ទាប នៅ​ពេល​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ។

ជាមួយ​គ្នា​នេះ ប្រព័ន្ធ​សម្ពាធ​ទាប​បាន និង​កំពុង​បន្ត​អូស​បន្លាយ​ពីលើ​កម្ពុជា ។ លក្ខណៈ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​អាកាសធាតុ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ ២០២០ មាន​ស្ថានភាព​ដូច​ខាងក្រោម ៖

១- បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប រួម​មាន ខេត្តសៀមរាប បន្ទាយ​មាន​ជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល និង​រាជធានី​ភ្នំពេញ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជាប់​បន្ត ។

២- បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក ខ្ពង់រាប​ភាគ​ឦសាន និង​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម រួម​មាន ខេត្តឧត្តរមានជ័យ ព្រះ​វិហារ រតនគិរី មណ្ឌលគិរី ស្ទឹង​ត្រែង ក្រចេះ ត្បូងឃ្មុំ និង​ខេត្តកំពង់ចាម នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ ទៅ​ច្រើន ។
៣- តំបន់​មាត់សមុទ្រ អាច​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន និង​នៅ​លើ​ផ្ទៃសមុទ្រ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន រួម​ជាមួយ​ខ្យល់​បក់​បោក​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់​ៗ ។

អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ទីប្រជុំជន ទី​ទំនាប​ក្បែរ​ផ្លូវទឹក​ជាប់​តំបន់​ភ្នំ និង​ជួរ​ភ្នំ និង​បងប្អូន​ប្រជា​នេសាទ និង​អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ​ទាំងអស់ សូម​បង្កើន​ការ​យកចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេង​ៗ ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ ។

ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន និង​កំពុង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​បាតុភូត​ធម្មជាតិ​នេះ ហើយនឹង​ជម្រាប​ជូន​ព័ត៌មាន​ជា​បន្តបន្ទាប់​ទៀត ក្នុង​ករណី​អាកាសធាតុ​មានការ​ប្រែប្រួល ៕