ស្រី​ក្រមុំចុះ​លេងទឹកក៏​​​​រអិល​ជើង​ធ្លាក់​ក្នុង​លូ​លិច​​​បាត់​


ខេត្តពោធិ៍សាត់​ ៖ នារី​ក្រមុំ​ម្នាក់ងូតទឹក​លេង​ជាមួយ​មិត្ត​ភក្តិ​​ភ្លាត់ស្នៀត​រអិល​ជើង​ធ្លាក់ទឹក​លិច​​បាត់ កើតឡើង​កាលពី​ក្បាល​ល្ងាច​ថ្ងៃ​ទី​១១​ តុលា ​លុះ​រហូត​វេលា​ម៉ោង​០៩​និង​២៥​នាទី​យប់ ​ទើប​រក​សាកសព​វិញ ។ ករណី​នេះ​បាន​កើតឡើង​នៅ​ជិត​ផ្សារ​ភូ​ពុ​យ ​ស្ថិត​ក្នុងភូមិ​ស្ថានីយ៍ សង្កាត់​ស្វាយ​អាត់ ក្រុង​ពោធិ៍សាត់​។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា នារី​រង​គ្រោះ​ឈ្មោះ សុង រក្សា អាយុ​២១​ឆ្នាំ នៅ​ភូមិ​បន្ទាយ​ដី សង្កាត់​បន្ទាយ​ដី ក្រុង​ពោធិ៍សាត់ អតីត​និស្សិត​រៀន​ផ្នែក​អគ្គិស​​នី នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ពោធិ៍សាត់ ទើបតែ​ផ្លាស់​មក​រៀន​ជំនាញ​គណនេយ្យ​វិញ នៅ​សា​កល​វិទ្យាល័យ​អង្គរ​ខេមរា សាខា​ខេត្តពោធិ៍សាត់​។

ប៉ុន្មាន​ថ្ងៃនេះ​ ទឹក​​ជំនន់​បាន​ជន់​លិច​តំបន់​មួយ​ចំនួន​ក្នុង​ទីរួមខេត្ត​ពោធិ៍សាត់​។ ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី​១១​ តុលា​ នោះ ​នារី​រង​គ្រោះ​បាន​ទៅ​លេង​ទឹកជា​មួយ​មិត្ត​ភក្តិ​នៅ​ភូមិ​ស្ថានីយ​សង្កាត់​ស្វាយ​អាត់ ម្ដុំ​ខាងលិច​ផ្សារ​ភូ​ពុ​យ ។ ខណៈ​ពេល​កំពុង​លេង​ទឹក​សប្បាយ​រីករាយ​ជាមួយ​មិត្ត​ភក្តិ​នោះ ស្រាប់តែ​ចៃដន្យ​រអិល​ជើង​ធ្លាក់​ចូល​ទឹកលូ​លិច​បាត់​តែ​ម្ដង​។

ភ្លាម​ៗ​នោះ ​មានការ​ផ្អើល​ឆោឡោ​ដល់​អ្នកស្រុក​និង​ក្រុម​យុវជន នាំ​គ្នា​ចុះ​រាវរក​គ្រប់​ទីកន្លែង តែ​មិនឃើញ​ទាល់តែ​សោះ លុះ​វេលា​ម៉ោង​០៩​និង​២៥​នាទី​យប់​ទើប​រក​ឃើញ ប៉ុន្តែ​នាង​បាន​ស្លាប់​បាត់​ទៅ​ហើយ​។ សព​នារី​រង​គ្រោះ​សមត្ថកិច្ច​បាន​ប្រគល់​ជូន​ឪពុក​ម្ដាយ យក​ទៅ​ធ្វើបុណ្យ​នៅ​វត្ត​បន្ទាយ​ដី សង្កាត់​បន្ទាយ​ដី ក្រុង​ពោធិ៍សាត់ តាម​ប្រពៃណី​។

ករណី​នេះ​ឪពុក​ម្ដាយ​មានការ​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង នៅ​ពេល​ដឹង​ថា​កូនស្រី​របស់​គាត់ ដែល​បាន​ចិញ្ចឹម​បីបាច់​ថែរក្សា​តាំងពី​តូច​ក្រូចឆ្មា រហូត​ដល់​ពេញវ័យ​ក្រមុំ និង​មាន​រូបឆោម​លោម​ស្អាត​ផង​នោះ លង់ទឹក​ស្លាប់ ប៉ុន្តែ​អ្វី​ៗ​បាន​ហួសពេល​ទៅ​ហើយ​៕​

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ