ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​ស៊ី​ន​ទ្រី​ប្រមាណ​ជា​៣០០​នាក់​​ប្រមូល​សំរាម​វិញ ខណៈ​កម្មករ​ផ្សេង​ទៀត​នៅ​ធ្វើ​កូដកម្ម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹក​នេះ​មាន​ដំណឹង​ល្អ ដោយ​បងប្អូន​កម្មករ​ក្រុមហ៊ុន ស៊ី​ន​ទ្រី ប្រមាណ​ជា​៣០០​នាក់ ក្នុង​ចំណោម​អ្នក​កំពុង​ធ្វើ​កូដកម្ម​បាន​ភ្ញាក់រលឹក​វិល​ត្រឡប់​ចូល​បំរើ​ការងារ​វិញ តែនៅមានកម្មករផ្សេងទៀតនៅធ្វើកូដកម្មនៅឡើយ ។ បើ​តាម​លោក…

រាជធានី​ភ្នំពេញ ៖ ព្រឹក​នេះ​មាន​ដំណឹង​ល្អ ដោយ​បងប្អូន​កម្មករ​ក្រុមហ៊ុន ស៊ី​ន​ទ្រី ប្រមាណ​ជា​៣០០​នាក់ ក្នុង​ចំណោម​អ្នក​កំពុង​ធ្វើ​កូដកម្ម​បាន​ភ្ញាក់រលឹក​វិល​ត្រឡប់​ចូល​បំរើ​ការងារ​វិញ តែនៅមានកម្មករផ្សេងទៀតនៅធ្វើកូដកម្មនៅឡើយ ។

បើ​តាម​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បង្ហោះ​វី​ដេ​អូ និងសារនៅ​ព្រឹក​ថ្ងទី១០ ខែតុលានេះ​ថា កម្មករ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន ស៉ី​ន​ទ្រី ចំនួន​ជាង​៣០០​នាក់ បាន​ចូល​បម្រើ​ការងារ​វិញ​ហើយ តែ​ខណៈ​នៅ​មាន​អ្នក​ផ្សេង​ទៀត កំពុង​តែ​ធ្វើ​កូដកម្ម​នៅឡើយ ។ ជាមួយ​គ្នា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​នៅ​តែ​អំពាវនាវ​ដល់​កម្មករ​ដែល​នៅ​សេសសល់ សូម​បន្ត​ចូល​បម្រើ​ការងារ​វិញ តាម​ការ​បង្គាប់​របស់​ក្រុម​បឹ​ក្សា​អាជ្ញាកណ្តាល ។

លោក​បាន​បញ្ជាក់​ថា សូម​គោរព និង​ថ្លែងអំណរគុណ​ដល់​ពលរដ្ឋ​ល្អ​ដែល​បាន​រួម​សកម្មភាព​សង្គម​។ ឃើញ​រូបភាព​ប្រជាពលរដ្ឋ​យើង​ចូលរួម​វេច​ខ្ចប់ ទុកដាក់​សំរាម​ត្រឹមត្រូវ រហូត​ដល់​ជួយ​លើកដាក់​ចូល​ឡាន​ដឹក​ជញ្ជូន​សំរាម​ទៀត ពិតជា​រំភើបចិត្ត​ខ្លាំង ។

លោក​បាន​បន្ត​ថា សង្ឃឹមថា អ្នក​នៅ​កំពុង​ពិចារណា សូម​ឆាប់​សម្រេចចិត្ត​ដូច​អ្នក​ដទៃ រួច​ចូល​មក​ចាប់ដៃ​គ្នា​សំអាត​ភ្នំពេញ​របស់​យើង ។ ជឿជាក់​ថា ក្រោយ​ភ្លៀង មេឃ​នឹង​ស្រឡះ​! រួម​គ្នា​ដើម្បី​ទីក្រុង​យើង​ស្អាត​! ៕

សូមជម្រាបថា ក្រុមប្រឹក្សាអាជ្ញាកណ្ដាល នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ម្សិលមិញ បានចេញលិខិតបញ្ជាឲ្យកម្មករនិយោជិតក្រុមហ៊ុន ស៊ិនទ្រី ផ្អាកការធ្វើកូដកម្មជាបន្ទាន់ រហូតដល់នីតិវិធីនៃអាជ្ញាកណ្ដាលត្រូវបញ្ចប់សព្វគ្រប់តាមផ្លូវច្បាប់ ។ លិខិតដដែលនោះ ក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានបញ្ជាឲ្យកម្មករក្រុមហ៊ុន ស៊ិនទ្រី ត្រូវចូលធ្វើការងារវិញ ចាប់ពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ តាមវេនរៀងៗខ្លួន ៕