ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះដាច់​ត្រៀម​ស្វាគមន៍​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ថ្ងៃ​ចូល​ឆ្នាំ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះដាច់ ជា​តំបន់​ទេសចរណ៍​គួរ​ឱ្យ​គយគន់​មួយ​ដែល​មាន​ឆ្នេរ​ខ្សាច់ និង​ទឹកថ្លា​យង់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មិន​ចាញ់​ឆ្នេរសមុទ្រ​ឡើយ ។ ដើម្បី​ទទួល​ស្វាគមន៍​ភ្ញៀវ​

រាជធានី​ភ្នំពេញ  ៖ រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះដាច់ ជា​តំបន់​ទេសចរណ៍​គួរ​ឱ្យ​គយគន់​មួយ​ដែល​មាន​ឆ្នេរ​ខ្សាច់ និង​ទឹកថ្លា​យង់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មិន​ចាញ់​ឆ្នេរសមុទ្រ​ឡើយ ។ ដើម្បី​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​មក​ទស្សនា​កម្សាន្ត​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខាង​មុខ អាជីវករ​បម្រើ​សេវាកម្ម​ម្ហូបអាហារ​នៅ​មាត់ទឹក បាន​ពង្រីក​ខ្យុ​ស​បន្ថែម និង​បាន​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​បម្រើសេវា​ជូន​មិន​ឲ្យ​ខុស​បំណង​ឡើយ ។

អាជីវករ​លក់​ម្ហូបអាហារ​នៅ​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះដាច់​មួយ​រូប​បាន​ឲ្យ​ដឹង​ថា ឆ្នាំ​នេះ​ភ្ញៀវ​ទេសចរ​ចូល​មក​កម្សាន្ត​មាន​ចំនួន​ច្រើន​ជាង​ឆ្នាំ​មុន​ៗ ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​អ្នក​លក់ដូរ​និង​ផ្តល់​សេវាកម្ម​នៅ​ទី​នេះ​សប្បាយ​រីករាយ​គ្រប់​ៗ​គ្នា ។ គ្រប់​ខ្យុ​ស​ដែល​ដាក់​នៅ​មាត់ទឹក​ឃើញ​ថា មាន​ភ្ញៀវ​អង្គុយ​កម្សាន្ត​ពេញ​ៗ ជាក់ស្តែង​កាលពី​អំឡុង​ពេល​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម កន្លង​មក យើង​ស្ទើរតែ​គ្មាន​ខ្យុ​ស​សម្រាប់​បម្រើ​ពួក​គាត់ ។

អាជីវករ​រូប​នេះ​បន្ត​ថា ដោយ​មើលឃើញ​សន្ទុះ​ភ្ញៀវ​ទេសចរ​កើនឡើង​ច្រើន​បែប​នេះ លោក​បាន​សម្រេចចិត្ត​ធ្វើ​ខ្យុ​ស​របស់​ខ្លួន​បន្ថែម​ទៀត​ដើម្បី​ត្រៀម​បម្រើសេវា​កម្ម​ជូន​ភ្ញៀវ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ខាង​មុខ​នេះ​។

ទាក់ទង​នឹង​តម្លៃ​វិញ លោក​លើក​ឡើង​ថា រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះដាច់ មាន​ម្ហូបអាហារ​តម្លៃ​សមរម្យ​អាច​ទទួលយក​បាន គឺ​មាន់​ដុត​១​តម្លៃ​ពី​១៣​ដុល្លារ​ដល់​១៥​ដុល្លារ និង​មាន​ថែម​ជូន​បាយ​១​កូន​ឆ្នាំង ហើយ​មិន​គិតថ្លៃ​ខ្យុ​ស​នោះ​ទេ​។ ប្រសិនបើ​ភ្ញៀវ​មិន​ជ្រើសរើស​យក​សេវា​នៅ​រមណីយដ្ឋាន ក៏​ការ​ចំណាយ​ប្រហាក់ប្រហែល​គ្នា​ដែរ ។

លោកស្រី ង៉ែត នី​ម សមាជិក​ក្រុមប្រឹក្សា​សង្កាត់​កោះដាច់ និង​ជា​អ្នក​ទទួល​បន្ទុក​កិច្ចការ​នារី មាន​ប្រសាសន៍​ថា នៅ​ត្រីមាស​ទី​១​ដើមឆ្នាំ​២០១៥ រមណីយ​ដ្ឋាន​ឆ្នេរ​ខ្សាច់​កោះដាច់​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចំនួន​២៣.២០០​នាក់ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​២៣.០០០​នាក់ និង​បរទេស​ចំនួន​២០០​នាក់ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៤​មាន​ចំនួន​១៦.១០០​នាក់ កើនឡើង​ប្រមាណ​៤៤% ។ ការ​កើនឡើង​នេះ​ព្រោះតែ​នៅ​តំបន់ឆ្នេរ​មាន​ទឹកថ្លា​ល្អ និង​មាន​សេវាកម្ម​ម្ហូបអាហារ​តម្លៃ​ជា​មធ្យម ដែល​អាច​ឲ្យ​ភ្ញៀវ​ទទួលយក​បាន ។

លោកស្រី​បន្ត​ថា ជាម​ធ្ម​តា​ភ្ញៀវ​មក​កម្សាន្ត​ភាគច្រើន​នៅ​ចុង​ស​ប្តា​ហ៍ និង​ថ្ងៃ​បុណ្យ​ជាតិ ហើយ​នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខាង​មុន​នេះ លោកស្រី​រំពឹង​ថា ភ្ញៀវ​ទេសចរ នឹង​មក​លេង​កម្សាន្ត​កើនឡើង​ច្រើន​។ ទោះបី​យ៉ាងណា លោកស្រី​ក៏​បាន​លើក​ឡើង​ពី​បញ្ហា​លំបាក​មួយ​ចំនួន ដោយសារ​បច្ចុប្បន្ន​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះដាច់​ផ្លូវ​ចូល​ដី​ហុយ​ពិបាកធ្វើ​ដំណើរ បើ​ទោះជា​បាន​ស្រោច​ទឹកជា​ប្រចាំ​យ៉ាងណា​ក៏​ដោយ ហើយ​យើង​ពិបាក​ក្នុង​ការ​អភិវឌ្ឍ​ព្រោះ​ជា​តំបន់​លិច​ទឹក​រាល់​ឆ្នាំ បាន​ត្រឹមតែ​ជួសជុល​និង​ថែទាំ​ប៉ុណ្ណោះ ។ រីឯ​តម្លៃ​សំបុត្រ​ចូល​លេង​កម្សាន្ត សម្រាប់​ម៉ូតូ​១​គ្រឿង​ចំណាយ​ប្រាក់​៣.០០០​រៀល និង​រថយន្ត​តូច​ឬ​ធំ​ចំណាយ​៦.០០០​រៀល ។

បើ​តាម​ការ​កត់សម្គាល់​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ឆ្នេរ​ខ្សាច់​មួយ​នេះ​នៅ​មាន​ចំនួន​តិចតួច​នៅឡើយ ដើម្បី​រក្សា​បាន​នូវ​កំណើន​ភ្ញៀវ​ទេសចរ អាជីវករ​បម្រើសេវា​ម្ហូបអាហារ​នៅ​ទីនោះ​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ធ្វើ​យ៉ាងណា​ជួយ​បង្ក​លក្ខណៈ​ងាយស្រួល ក៏​ដូច​ជា​ការ​រៀបចំ​ឱ្យ​មាន​សោភ័ណ​ភាព មាន​បង្គន់​អនាម័យ និង​មាន​ចំណតរថយន្ត ម៉ូតូ និង​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ដល់​ភ្ញៀវ​មក​កម្សាន្ត​ផង ៕