ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វី​ដែល​ត្រូវ​រំពឹង​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​កម្ពុជា​-ក​ូរ៉េ​ខាងត្បូង ខណៈ​​កម្ពុជា​លើក​ឡើង​ថា នឹង​ទទួល​បាន​ទីផ្សារ​កាន់តែ​ធំ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សំណើ​ជំរុញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ (Cambodia-ROK FTA) ត្រូវ​បាន​ដាក់​ចេញ ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ សំណើ​ជំរុញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ (Cambodia-ROK FTA) ត្រូវ​បាន​ដាក់​ចេញ ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា នៅ​ពេល​ដែល​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោក Moon Jae-in បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ខែមីនា​ឆ្នាំ​២០១៩​។ បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​បាន​ប្រកាស​ចាប់​ផ្តើម​ដំណើរការ​ចរចា FTA នៅ​ខែកក្កដា​ឆ្នាំ​នេះ ការ​ចរចា​ទ្វេភាគី​ជា​ច្រើន​លើក​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មានការ​រីក​ចម្រើន ជា​លំដាប់​និង​ឆាប់រហ័ស​។

គិត​ត្រឹម​ខែតុលា ភាគី​ទាំង​ពីរ​កំពុង​រំពឹង​ថា​នឹង​ឃើញ​នូវ​គ្រោង​សំខាន់​នៃ​លទ្ធផល​ការ​ចរចា​នៅ​ដំណាច់ឆ្នាំ​នេះ ខណៈ​ភាគី​កម្ពុជា​បាន​លើក​ឡើង​ថា FTA រវាង​កម្ពុជា​និង​ប្រទេស​កូរ៉េ​ខាងត្បូង​នឹង​ផ្តល់​ឱកាស​ដល់​កម្ពុជា​ពង្រឹង​ទីផ្សារ និង​សម្រួល​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េ​ខាងត្បូង​ប្រសើរ​ជាង​មុន​បន្ថែម​ទៀត ។

ជា​រួម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា -​កូរ៉េ​ខាងត្បូង​ត្រូវ​បាន​រំពឹង​ថា​នឹង​បម្រើ​ជា​ឱកាស សំខាន់​មួយ​ដើម្បី​បង្កើន​ពាណិជ្ជកម្ម​និង​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​។ គេ​រំពឹង​ថា​វា​នឹង​ព​ន្លឿ​ន​កំណើន​ក្នុង​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ដែល​បាន​កើន​ឡើងជា​មធ្យម​១៥,៣% ជា​រៀង​រាល់​ឆ្នាំ​ពី​ចំនួន​៥៤​លាន​ដុល្លារ​ក្នុង​ឆ្នាំ​១៩៩៧​ដល់​ចំនួន ១,០៣​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៩ ។

ចំណុច​គួរ​ពិចារណា​គឺថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ចាប់តាំងពី​ការ​បញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ​នៅ​ឆ្នាំ​២០០៧ ដូច្នេះ​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​- សាធារណរដ្ឋ​កូរ៉េ ដែល​ឆ្លុះ​បញ្ចាំង​ពី​តម្រូវការ​និង​ផលប្រយោជន៍ ជាក់លាក់​របស់​ប្រទេស​ទាំង​ពីរ​ទំនងជា​បង្កើត​សន្ទុះ​មួយ​ផ្សេង​ទៀត​សម្រាប់​លើកកម្ពស់​ពាណិជ្ជ​កម្ម​និង​ការ​វិនិយោគ ។

តាម​ទស្សនៈ​របស់​អ្នក​ប្រើប្រាស់​កម្ពុជា អត្ថប្រយោជន៍​ជា​ច្រើន​នឹង​កើនឡើង​ព្រោះ​ពួក​គេ នឹង​អាច​ទទួល​បាន​ទំនិញ​និង​សេវាកម្ម​របស់​កូរ៉េ ដូច​ជា ភេសជ្ជៈ យានយន្ត និង​គ្រឿងសម្អាង​ជាមួយនឹង​តម្លៃ​សមរម្យ​ជាង​មុន​។ ជាមួយ​គ្នា​នោះ​ផង​ដែរ​អតិថិជន​កូរ៉េ​ក៏​នឹង​ទទួល​បាន​អត្ថ ប្រយោជន៍​ជា​ច្រើន​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ផង​ដែរ ព្រោះ​ពួក​គេ​នឹង​អាច​ទិញ​ផលិតផល​ដែល​នាំ​ចូល​ពី​កម្ពុជា​ក្នុង​តម្លៃ​សមរម្យ​ជាង​មុន​ដូច​គ្នា ។

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) នឹង​ផ្តល់​ផល​ល្អ​ដល់​ក្រុមហ៊ុន​កូរ៉េ​ជា​ច្រើន​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​កម្ពុជា តាម​រយៈ​ការ​លើកកម្ពស់​ការ​ប្រកួតប្រជែង​តម្លៃ​នាំ​ចេញ​ផលិតផល​របស់​ពួក​គេ​នៅ​ពេល​លក់​ទៅ​ប្រទេស​កូរ៉េ​វិញ​។

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​- សាធារណរដ្ឋ​កូរ៉េ​ក៏​អាច​ដើរតួ​នាទី​ជា​ឱកាស​មួយ ដើម្បី​រក​ឱ្យ​ឃើញ​នូវ​កម្លាំង​ច​លក​រណ៍​កំណើនសេដ្ឋកិច្ច​ថ្មី​សម្រាប់​ប្រទេស​កម្ពុជា មិន​ត្រឹមតែ​តាម​រយៈ​ការ​ពង្រីក​ការ​នាំ​ចេញ​ទំនិញ​ពាណិជ្ជកម្ម​ដែល​បាន​បង្កើត​រួច​ហើយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បង្កើន​ការ​ទាក់ទាញ​វិនិយោគ​សម្រាប់​ភាគី​ទាំង​ពីរ​ផង​ដែរ​។ តាម​ទស្សនៈ​របស់​កូរ៉េ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) នឹង​ផ្តល់​ឱកាស​ដើម្បី​វិនិយោគ​យ៉ាង​សកម្ម​នៅ​កម្ពុជា​ដែល​ជា​ប្រទេស​កំពុង​ស្វែងរក​ការ​អភិវឌ្ឍ​របស់​ខ្លួន​ទៅ​ជា​មជ្ឈមណ្ឌល​ផលិតកម្ម​និង​ពាណិជ្ជកម្ម​ថ្មី​នៅ​ក្នុង​តំបន់​អាស៊ាន ។

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ភាព​ងាយស្រួល​របស់ ពាណិជ្ជក​រ​​ពី​ប្រទេស​ទាំង​ពីរ​ទៅ​កាន់​ទីផ្សារ​របស់​ប្រទេស​ដទៃ​ទៀត​ដែល​រួមចំណែក​ដល់​ការងារ​និង​កំណើនសេដ្ឋកិច្ច​ទៅ​វិញ​ទៅ​មក ។

នៅ​ពេល​ដែល​បរិយាកាស​ពាណិជ្ជកម្ម​ពិភពលោក​មិន​មាន​ភាព​ប្រាកដប្រជា​ដោយសារ ជម្លោះ​ពាណិជ្ជកម្ម​របស់​បណ្តា​ប្រទេស​ធំ​ៗ​នៅ​លើ​ពិភពលោក និង​នៅ​ពេល​ដែល​បណ្តា​ប្រទេស នៅ​ជុំវិញ​ពិភពលោក​កំពុង​រង​នូវ​ផល​លំបាក​ផ្នែក​សេដ្ឋកិច្ច​ដែល​បណ្តាល​មក​ពី​ផល​ប៉ះពាល់​ពី​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​នោះ ការ​ជំរុញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​-​កូរ៉េ​ខាងត្បូង​ក៏​ធ្វើ​ឲ្យ​មាន​អត្ថន័យ​ពិសេស​បន្ថែម​ទៀត ។ ប្រសិនបើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ចូល​ជា​ធរមាន​មុន​នេះ វា​នឹង​អាច​បន្ថែម​កម្លាំង​ដល់​វិធានការ​នានា​ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​បន្ទាប់​ពី​កូ​វី​ដ​១៩ ។

FTA ផ្តល់​ឱកាស​ដល់​កម្ពុជា​ព​ង្រឹ​ក​ទីផ្សារ និង​សម្រួល​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េ​ប្រសើរ​ជាង​មុន
ទន្ទឹម​នឹង​ការ​ចរចា​រលើ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​កម្ពុជា​កូរ៉េ​កំពុង​តែ​ដំណើរ​ឆ្ពោះទៅ​មុខ​លើ​ផ្នែក​បច្ចេកទេស​ហើយ FTA នេះ​ជា​ច្រក​មួយ​អាច​បើក​ឱ្យ​កម្ពុជា​ធ្វើការ​ពង្រីក​ទីផ្សារ​កសិផល​ថែម​មួយ​កម្រិត និង​ជួយ​សម្រួល​ពាណិជ្ជកម្ម​មាន ភាព​ងាយស្រួល ជាង​ពេល​បច្ចុប្បន្ន​នៅ​ពេល​ដំណើរការ​ជា​ផ្លូវការ ។

ឯកឧត្តម ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម មាន​ប្រសាសន៍​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៣០​ខែកញ្ញា​កន្លង​មកនេះ​ថា ជា​ធម្មតា​យើង​កំពុង​តែ​ធ្វើការ​ចរចា​គ្នា​នៅឡើយ​មិន​ទាន់​បាន​បញ្ចប់ ។ តែ​ជា​រួម​រាល់​ទំនាក់ទំនង​ដែល​យើង​ប្រឹងប្រែង​បើក​ទីផ្សារ​តាម​រយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​កូរ៉េ សុទ្ធតែ​សំឡឹង​ឃើញ​នូវ​អត្ថប្រយោជន៍​រវាង​ប្រទេស​ទាំង​សងខាង ។

ចំពោះ​កូរ៉េ​យើង​បាន​ចរចារ​នៅ​ពេល​បច្ចុប្បន្ន​នេះ យើង​សំឡឹង​ឃើញ​ថា កូរ៉េ​ជាទី​ផ្សារ​មួយ​ដែល​កម្ពុជា​ធ្លាប់​នាំមុខ​ទំនិញ​ចេញ​ទៅ​មាន​ចំនួន​ច្រើន ទំនិញ​មាន​ទាំង​សម្លៀក​បំពាក់ ម្ហូបអាហារ​កែ​ច្នៃ គ្រឿងបន្លាស់ ឬ​គ្រឿង​បង្គុំ​ជាដើម ។

ឯកឧត្តម​សង្កត់ធ្ងន់​ថា «​ពិសេស​មុខទំនិញ​ជា​កសិផល យើង​គិត​ថា ការ​ចរចា​កិច្ច​ព្រម ព្រៀង​ពាណិជ្ជកម្ម​សេរី រវាង​កម្ពុជា និង​កូរ៉េ ពិសេស​ពាណិជ្ជកម្ម​ទំនិញ​នេះ អាច​នឹង​ផ្តល់ ផល​ប្រយោជន៍​ដល់​កម្ពុជា​អាច​ឱ្យ​យើង​ពង្រីក​ទីផ្សារ​បាន​ថែម​ទៀត ។ យើង​អាច​សម្រួល ពាណិជ្ជកម្ម​យើង​បាន​ងាយស្រួល​ជាង​មុន​សម្រាប់​ការ​នាំ​ចេញពី​ស្រុក​ខ្មែរ​ទៅ​ទីផ្សារ​កូរ៉េ​» ។

ឯកឧត្តម​បាន​លើក​ឡើង​ទៀត​ថា រហូត​មក​ដល់​បច្ចុប្បន្ន​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស ផ្សេង​ៗ មាន​ទីផ្សារ​ហើយ​តែ​មិន​បាន​ឆ្លងកាត់​កាចរ​ចារ​ត្រឹមត្រូវ​តាម​រយៈ​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​សេរី វា​អាច​មាន​របាំង​បច្ចេកទេស​មួយ​ចំនួន ។ បើជា​ផលិតផល​កសិកម្ម​វា មាន របាំង​អនាម័យ និង​ភូតគាម​អនាម័យ បើជា​ផលិតផល​ឧស្សាហកម្ម​វា​មាន​របាំង​គុណភាព របាំង​បច្ចេកទេស​ដែល​ជា​មិនមែន​ពន្ធ​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​ខាង​ទីផ្សារ​គេ​ទាមទារ​។ ដូចនេះ​ទំនិញ​មួយ​មុខ ឬ​មួយ​ប្រភេទ​ទាមទារ​ឆ្លងកាត់ ឬ​ចាំបាច់​ត្រូវ​គោរព​ទៅ​តាម​លក្ខខណ្ឌ​ទីផ្សារ​ម្តង ។

ឯកឧត្តម ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​មាន​ប្រសាសន៍​ថា «​ចំណែក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដែល យើង​កំពុង​តែ​ចរចារ​ជាមួយ​កូរ៉េ​នេះ វា​អាច​ជួយ​សម្រួល ដូច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​យើង​ធ្វើ​ជាមួយ​ចិន​នា​ពេល​កន្លង​មក​។ វា​អាច​ជួយ​សម្រួល​នៅ​លក្ខខណ្ឌ​ផ្សេង​ៗ​ទាំង​អនាម័យ និង​ភូតគាម​អនាម័យ​ទាំង​លក្ខខណ្ឌ​បច្ចេកទេស​មិនមែន​ពន្ធ​នេះ​ត្រូវ​បាន​សម្រួល ហើយ​យើង​ជជែក​គ្នា​ម្តង​ជា​កញ្ចប់ ។ ដូច្នេះ​វិញ្ញាបនបត្រ​ដែល​ចេញ​ទៅ ដោយ​ភាគី​ទាំង​សងខាង ឬ​លក្ខណៈ​បច្ចេកទេស​ដែល​ចេញ​ទៅ​ដោយ​ភាគី​ទាំង​សង​ខាង​នេះ​ត្រូវ​បាន​គោរព​និង​ទទួលស្គាល់​» ។

ឯកឧត្តម ប៉ែន សុ​វិជាតិ បានឱ្យ​ដឹង​ទៀត​ថា FTA វា​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម ការ​នាំ​ចេញ​ទំនិញ​ទៅ​វិញ​ទៅ​មក ។ យើង​សង្ឃឹមថា ប្រយោជន៍​បាន​មក​យើង​ប្រសើ​ជាង​មុន ហើយ​យើង​អាច​ធ្វើ​ទីផ្សារ ឬ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​យើង​បាន​ល្អ​ជាង​មុន ជាង​ស្ថានភាព​បច្ចុប្បន្ន ។ ការ​រំពឹង​ទុក​សម្រាប់​កម្ពុជា​យើង​រំពឹង​ទុក​ថា ការ​ចរចារ​ផ្នែក​បច្ចេកទេស​នេះ​រួចរាល់​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ អាច​នៅ​ចុងឆ្នាំ​នេះ ឬ​ដើមឆ្នាំ​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ