ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងពីអព្ភូតហេតុ​ចម្លែក​មួយ​កើត​ឡើង​​ក្នុង​វត្ត​«ភ្នៀតសិម្ពលី»

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អព្ភូតហេតុ​ចម្លែក​មួយ​បាន​កើតឡើង​នៅ​ក្នុង​វត្ត​ភ្នៀ​ត​សិម្ពលី ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​អង្គរ​ជ័យ សង្កាត់​ស្នោខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ដោយ​សារ​តែ​អាង​ទឹក​ដ៏​ធំ​មួយ​នៅ​ក្នុង​វត្ត​នេះ ដែល​សាងសង់​ឡើង​អំពី​ឥដ្ឋ និង​គ្រឹះ​បេតុង​យ៉ាង​រឹង​មាំ ស្រាប់តែ​ផុស​អណ្ដែត​ឡើង​មក​លើ ដោយ​ពុំ​ដឹង​មូលហេតុ ហើយ​ក៏​ពុំ​មាន​ស្នាម​ប្រេះស្រាំ​ ឬ​បាក់បែក​សូ​ម្បី​បន្តិច​ណា​សោះឡើយ ។

អព្ភូតហេតុ​ដ៏​ចម្លែក​មិន​ធ្លាប់​ជួប​នេះ​ បាន​ធ្វើ​ឲ្យ​ព្រះ​គ្រូ​ចៅអធិការ​វត្ត និង​ព្រះសង្ឃ​ព្រម​ទាំង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​មានការ​ងឿងឆ្ងល់​យ៉ាង​ខ្លាំង ស្រប​ពេល​ដែល​វត្ត​ភ្នៀ​ត​សិម្ពលី​នេះ​កាលពី​អតីតកាល គឺជា​ទី​អារាម​មួយ​ដែល​ល្បី​មាន​បារមី​ឫ​ទ្ធី​ខ្លាំងពូកែ ហើយ​ក៏​ចំ​នឹង​ថ្ងៃសីល​ចេញ​វស្សា​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា​ផង​ដែរ ។

បើ​តាម​អ្នក​ស្នាក់​នៅ​ក្នុង​វត្ត​ខាងលើ​បាន​ប្រាប់​ឲ្យ​កោះសន្តិភាព​ដឹង​នៅ​ថ្ងៃ​ទី​២ ខែតុលា​នេះ​ថា ព្រះ​សិរី​កោសល សុំ សុខា ព្រះ​វិន័យធរ​គណ​រាជធានី​ភ្នំពេញ ព្រះ​គ្រូ​អនុគណ​ខណ្ឌ​កំ​បូល និង​ជា​ព្រះ​ចៅអធិការ​វត្ត​ភ្នៀ​ត​សិម្ពលី បាន​សាងសង់​អាង​ទឹក​នេះ​ឡើង ដែល​មាន​បណ្ដោយ ប្រវែង​៨​ម៉ែត្រ​និង​ទទឹង​៥​ម៉ែត្រ ជម្រៅ​ចូល​ទៅ​ក្រោម​ដី​៥​ម៉ែត្រ និង​កម្ពស់​ផុត​ពី​ដី​១​ម៉ែត្រ ។ បាន​សាងសង់​ឡើង​អំពី​ឥដ្ឋ​និង​គ្រឹះ​បេតុង​យ៉ាង​រឹង​មាំ ។

ក្រោយ​សាងសង់​រួច​ពុំ​ទាន់​ដាក់​ទឹក​ចូល​នៅឡើយ​ទេ ស្រាប់តែ​នៅ​សុខ​ៗ​ក៏​ផុស​អណ្ដែត​ឡើង​មក​លើ​ដូច​លើក​តួ​អាង​ឡើង​ដោយ​ពុំ​ដឹង​មូលហេតុ អស់​រយៈពេល​ច្រើន​ថ្ងៃ​កន្លង​មក​ហើយ ។ កាលពី​អំឡុង​ថ្ងៃ​បិណ្ឌ​១​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ផុស​ឡើង​មក​តិច​ៗ ហើយ​ចាប់ផ្ដើម​ផុស​ហើប​ផ្នែក​ខាងត្បូង​មុន ដូច​ជា​សំពៅ លុះ​រហូត​មក​ដល់​ពេល​នេះ​ស្រាប់តែ​ផុស​ឡើង​ផុត​ពី​ក្នុង​ដី​ប្រមាណ​ជាង​មួយ​ម៉ែត្រ​កន្លះ ។

ប្រភព​ដដែល​បាន​បន្ត​ថា ពួក​គាត់​ពុំ​ហ៊ាន​សន្មត់​ថា ជា​បារមី​ខ្លាំងពូកែ​ឬ​យ៉ាងណា​នោះ​ទេ ប៉ុន្តែ​ទី​អារាម​វត្ត​ភ្នៀ​ត​សិម្ពលី​នេះ កាលពី​អតីតកាល​មាន​មហិទ្ធិឫទ្ធិ​ខ្លាំងពូកែ ។ នៅ​ទីនោះ​មាន​កោះ​ស័ក្តិសិទ្ធិ​ឈ្មោះ​ថា «​កោះអណ្ដែត​» ដែល​មិន​ដែល​លិច​ទឹក ទោះជា​មាន​ទឹកជំនន់​ធំ​ប៉ុនណា​ក៏​ដោយ មាន​អ្នកតា​ច្រើន​កន្លែង មាន​ទូក​.​ង​ខ្លាំងពូកែ ។

ជា​ពិសេស​មាន ព្រះ​ចៅអធិការ​ជំនាន់​ទី​១​មាន​ព្រះ​នាម​«​ប្រាក់​» ដែល​មាន​មហិទ្ធិឫទ្ធិ​ខ្លាំងពូកែ​ផង​ដែរ ។ ដោយឡែក​បច្ចុប្បន្ន​ក៏​នៅ​មិន​ទាន់​សាបរលាប​ទាំងស្រុង​ទេ ហើយ​ក៏​មិន​មាន​នរណា​ហ៊ាន​ប្រមាថ​ឡើយ​។ កាលពី​អំឡុង​សាងសង់ ជាង​ដែល​ជា​អ្នក​ធ្វើ​អាង​ទឹក​នេះ​ត្រូវ​បានកូន​ឈឺ​រហូត ។ លុះ​ពេល​សាងសង់​រួច​មិន​ទាន់​បាន​ប៉ុន្មាន​ផង ស្រាប់តែ​អណ្ដែត​បែប​នេះ​ទៀត ប៉ុន្តែ​ពួក​គាត់​ពុំ​អាច​សន្មត់​ឬ​ស​ម្ដៅ​ទៅ​លើ​បារមី​នោះ​ឡើយ គ្រាន់តែ​មានការ​ងឿងឆ្ងល់​តើ​បណ្ដាល​មក​ពី​មូលហេតុ​អ្វី​តែ​ប៉ុណ្ណោះ ។

យោង​តាម​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ព្រះ​សិរី​កោសល សុំ សុខា ព្រះ​វិន័យធរ​គណ​រាជធានី​ភ្នំពេញ ព្រះ​គ្រូ​អនុគណ​ខណ្ឌ​កំ​បូល និង​ជា​ព្រះ​ចៅអធិការ​វត្ត​ភ្នៀ​ត​សិម្ពលី មាន​សង្ឃ​ដីកា​ថា តើ​មក​ពី​ហេតុ​អ្វី​ឱ្យ​ប្រាកដ​ទៅ លោក​ម្ចាស់​ថ្លៃ ? អាង​ស្តុក​ទឹក​នៅ​ក្នុង​ដី ជម្រៅ​៥​ម៉ែត្រ បណ្តោយ​៨​ម៉ែត្រ ទទឹង​៥​ម៉ែត្រ​ធ្វើ​រួច​ហើយ ដោយ​មាន​ជីក​បង្ហាប់​គ្រឹះ​ជា​បេតុង​យ៉ាង​រឹង​មាំ​នៅ​ជាប់​របង​ប៉ែក​ខាងលិច​ក្នុង​បរិវេណ​វត្ត ។ មិន​ទាន់​បាន​ដាក់​ទឹក​ចូល​មួយ​ដំណក់​ប្រើ​ផង ឥឡូវ​អាង​ទឹក​ដ៏​មហិមា​របស់ខ្ញុំ​មួយ​នេះ​អណ្តែត​ពី​ក្នុង​ដី​ឡើង​មក​លើ​ស្ទើរ​ផុត​រណ្តៅ​ទៅ​ហើយ ។

ចម្លែក​ពេក​ហើយ​ទេ​ដឹង បញ្ជាក់​តួ​អាង​ទាំងមូល មិន​មាន​បាក់បែក ឬ​ប្រេះស្រាំ​ទេ ។​សូម​ញាតិ​មិត្ត​ទាំងឡាយ​ជួយ​ផ្តល់​យោបល់​ផង តើ​មក​ពី​ហេតុ​អ្វី​ទៅ​លោក​ម្ចាស់​ថ្លៃ ?​?​? ទី​តាំង​​វត្ត​ភ្នៀ​ត​សិម្ពលី រាជធានី​ភ្នំពេញ ។ចំណែក​លោកគ្រូ ឃុ​ត ឃី​ម អាចារ្យវត្ត​ភ្នៀ​ត​សិម្ពលី​បាន​ប្រាប់​ថា បើ​តាម​អ្វី​ដែល​ជា​ការ​លោក​យល់​ឃើញ​នោះ​បញ្ហា​ដែល​នាំ​ឲ្យ​អាង​ទឹក​អណ្ដែត​នេះ​ឡើង​ពុំ​មែន​មក​ពី​អព្ភូតហេតុ​ចម្លែក​អី​ទេ តែ​អាច​បណ្ដាល​មក​ពី​កំហុស​បច្ចេកទេស​របស់​ជាង​និង​ស្ថានភាព​ដី​គឺ​៖

ទី​១-​អាង​ទឹក​នេះ​សាងសង់​ដោយ​ប្រើ​គ្រឹះ​បេតុង​និង​ដែក​រឹង​មាំ​មែន ប៉ុន្តែ​អត់​មាន​ប្រើ​សសរ​ឬ​ធ្នឹម​នោះ​ទេ ។
ទី​២-​ដី​បាត​ក្រោម​អាង​ទឹក​ដែល​ជាង​ជីក គឺជា​ដីខ្សាច់​សង្ស័យ​ចំ​ខ្សែទឹក​ហូរ ទើបត្រូវ​ទឹក​បុក​ឡើង​រហូត​ធ្វើ​ឲ្យ​អាង​ទឹក​អណ្ដែត​ឡើង ។
ទី​៣-​ក្រោយ​សាងសង់​រួច​អត់​ទាន់​បាន​ដាក់​ទឹក​ចូល​នៅឡើយ ទើប​វា​គ្មាន​ទម្ងន់​ហើយ​ទឹក​អាច​អណ្ដែត​បាន​ប្រៀប​ដូច​ជា​ទូក​ឬ​កប៉ាល់​ដែល​អណ្ដែត​ទឹក​ដូច្នេះ​ដែរ ។

ទោះបី​បែប​ណា មិន​មាន​នរណា​ម្នាក់​ហ៊ាន​ប្រមាថ​ទៅ​លើ​ទស្សបារមី​វត្ត​នេះ​បានជា​ដាច់​ខាត​សូ​ម្បី​តែ​រូប​លោក​ក៏​ដោយ ហើយ​ការ​រៀបរាប់​ខាងលើ គឺ​គ្រាន់តែ​ជា​យល់​ឃើញ​ផ្ទាល់ខ្លួន​លោក​តែ​ប៉ុណ្ណោះ ៕ ​