សម្ពោធ ប្រព័ន្ធស្វ័យប្រវត្តិកម្មផ្ទេរកម្មសិទ្ធិយានជំនិះ និងមណ្ឌលផ្ដល់សេវាសាធារណៈថ្មី នៅផ្សារជីបម៉ុង ណូរ៉ូម៉ល
រាជធានីភ្នំពេញ ៖ ថ្ងៃពុធ ១៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា…
រាជធានីភ្នំពេញ ៖ ថ្ងៃពុធ ១៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា…
រាជធានីភ្នំពេញ ៖ ថ្ងៃពុធ ១៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅផ្សារទំនើបជីបម៉ុង ណូរ៉ូម៉ល ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកឱ្យដំណើរការជាផ្លូវការ ប្រព័ន្ធស្វ័យប្រវត្តិកម្មផ្ទេរកម្មសិទ្ធិយានជំនិះ និងមណ្ឌលផ្ដល់សេវាសាធារណៈថ្មី នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន ។
ពិធីនេះសហការរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងអគ្គនាយដ្ឋានពន្ធដារ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមបណ្ឌិត កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកពន្ធដារ អ្នកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីបម៉ុងគ្រុប មន្ត្រីជាន់ខ្ពស់ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគមន៍ក្នុងវិស័យដឹកជញ្ជូន អង្គការដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជាដៃគូ និងក្រុមហ៊ុនដៃគូផងដែរ ។
ការបើកឱ្យដំណើរការជាផ្លូវការប្រព័ន្ធស្វ័យប្រវត្តិកម្មផ្ទេរកម្មសិទ្ធិយានជំនិះ មណ្ឌលផ្ដល់សេវាសាធារណៈ នៅផ្សារទំនើបជីបម៉ុង ណូរ៉ូម៉ល ប្រព័ន្ធទូទាត់ប្រាក់ជាមួយធនាគារជីបម៉ុង និងសេវាផ្ដល់បណ្ណបើកបរអន្តរជាតិនាពេលនេះ ធ្វើឡើងក្នុងគោលបំណងធានា បាននូវភាពជាម្ចាស់ស្របច្បាប់របស់ម្ចាស់យានជំនិះ លុបបំបាត់ការក្លែងបន្លំនានា ងាយស្រួលក្នុងការគ្រប់គ្រងយានជំនិះ នៅក្នុងព្រះរាជាណាចក្រកម្ពុជា រក្សាសណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមបានល្អ ជាពិសេសរួមចំណែកយ៉ាងសកម្ម ក្នុងការប្រមូលពន្ធជូនរដ្ឋផងដែរ ។
លើសពីនេះទៀត ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នេះក៏ជាយុទ្ធនាការ ធ្វើទំនើបកម្មសេវាសាធារណៈ និងបង្ខិតសេវាសាធារណៈឱ្យកាន់តែកៀកប្រជាពលរដ្ឋ សំដៅឱ្យការផ្ដល់ និងទទួលសេវាសាធារណៈកាន់តែងាយស្រួល រហ័សទាន់ចិត្ត ស្របតាមប្រសាសន៍សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺធ្វើឱ្យបានលឿន ធ្វើឱ្យមានប្រសិទ្ធភាព និងធ្វើឱ្យមានតម្លាភាពផងដែរ ។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបានឱ្យដឹងថា តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្មផ្ទេរកម្មសិទ្ធិយានជំនិះនេះ ម្ចាស់យានជំនិះ អាចដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិយានជំនិះ បង់ថ្លៃសេវា និងពន្ធប្រថាប់ត្រា នៅកន្លែង និងពេលតែមួយ តាមរយៈគេហទំព័រ vehicle.mpwt.gov.kh ឬទៅកាន់ទីតាំងផ្ដល់សេវារបស់ក្រសួង ដោយហេតុថា ក្រសួងបានសហការតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មនេះ ជាមួយនឹងប្រព័ន្ធរបស់អគ្គនាយពន្ធដាររួចហើយ ។
សូមបញ្ជាក់ថា ៖ ដើម្បីប្រើប្រាស់ជម្រើសណាមួយ ក្នុងជម្រើសទាំងពីរ នៃការផ្ទេរកម្មសិទ្ធិយានជំនិះ ម្ចាស់យានជំនិះត្រូវមានព័ត៌មានគ្រប់គ្រាន់អំពីយានជំនិះ លិខិតទិញ-លក់ ព័ត៌មានអ្នកលក់ និងព័ត៌មានអ្នកទិញ ។ល។ ដើម្បីឱ្យការផ្ដល់និងទទួលសេវានេះកាន់តែលឿន ។
ថ្លែងក្នុងសុន្ទរកថាស្វាគមន៍នាពេលនោះ អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីបម៉ុងគ្រុប បានបង្ហាញពីចេតនាសហការយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន និងមានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការផ្ដល់ជូនទីតាំងសម្រាប់បើកមណ្ឌលផ្ដល់សេវាសាធារណៈ ចុះបញ្ជីយានយន្ត ផ្ទេរកម្មសិទ្ធិយានជំនិះ ប្ដូរនិងពន្យារបណ្ណបើកបរជាដើម ជាមួយនឹងការទូទាត់កម្រៃសេវាសាធារណៈ តាមរយៈកម្មវិធីទូរសព្ទដៃ (Chip Mong Bank App) ផងដែរ ។
ឯកឧត្ដមបណ្ឌិត កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ បានមានប្រសាសន៍ថា ការតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងអគ្គនាយកដ្ឋានពន្ធដារ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ និងជាការកែទម្រង់ស៊ីជម្រៅ សំដៅធ្វើទំនើបកម្មសេវាសាធារណៈរបស់រដ្ឋ ឱ្យមានសង្គតភាពទៅនឹងការរីកចម្រើនឥតឈប់ឈរ នៃព័ត៌មានវិទ្យា ក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.០ ។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធីទាំងមូលថា ទោះបីប្រទេសយើងក៏ដូចសកលលោកប្រឈមនឹងបញ្ហាជំងឺកូវីដ១៩យ៉ាងណាក្ដី ក៏រាជរដ្ឋាភិបាលនៅតែបន្តស្ថាបនាហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ទាំងផ្លូវគោក ទឹក ផ្លូវដែក ស្ពាន និងកំពង់ផែជាដើម ឥតឈប់ឈរឡើយ ។
ដោយឡែកទាក់ទងនឹងវិស័យដឹកជញ្ជូនវិញ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានជម្រាបថា ក្រសួងបានកែទម្រង់ស៊ីជម្រៅលើសេវាសាធារណៈ ដោយបង្ខិតសេវានេះទៅកៀកប្រជាពលរដ្ឋ តាមរយៈការបង្កើតមណ្ឌលផ្ដល់សេវានៅតាមផ្សារទំនើបអ៊ីអនម៉ល១ អ៊ីអនម៉ល២ ជីបម៉ុងណូរ៉ូម៉ល ឆៀកចល័ត វិសោធនកម្មច្បាប់ចរាចរណ៍ ការតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មដឹកជញ្ជូនផ្លូវគោកនឹងប្រព័ន្ធស្វ័យប្រវត្តិកម្មគយនិងរដ្ឋាករ តភ្ជាប់ជាមួយប្រព័ន្ធរបស់អគ្គនាយកពន្ធដារ ការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់យានយន្ត ការរៀបចំកម្មវិធីប្រឡងយកបណ្ណបើកបរដល់ទីកន្លែងសម្រាប់អ្នកបើកបររថយន្ត ដឹកកម្មករតាមរោងចក្រ និងដឹកទំនិញតាមកំពង់ផែ និងកម្មវិធីព័ត៌មានវិទ្យាលើទូរសព្ទដៃ ជាច្រើនទៀត។
ឯកឧត្ដមទេសរដ្ឋមន្ត្រី បានអំពាវនាវឱ្យម្ចាស់យានជំនិះទាំងអស់ ដែលមិនទាន់បានផ្ទេរកម្មសិទ្ធិ រួសរាន់ផ្ទេរកម្មសិទ្ធិ ដើម្បីកាន់កាប់យានជំនិះរបស់ខ្លួនស្របច្បាប់ និងគេចផុតពីកាតព្វកិច្ចនានាចំពោះមុខច្បាប់ និងបានជូនដំណឹងថា ចាប់ពីថ្ងៃនេះតទៅ បងប្អូនប្រជាពលរដ្ឋអាចមកទទួលសេវាផ្ទេរកម្មសិទ្ធិយានជំនិះ ប្ដូរនិងពន្យារបណ្ណបើកបរជាតិ និងបណ្ណបើកបរអន្តរជាតិ នៅផ្សារទំនើបជីបម៉ុង ណូរ៉ូម៉ល (ជាន់ទី៣) នេះបាន ។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណសន្តិភាព និងដឹងគុណស្ថាបនិកសន្តិភាព គឺសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានថ្លែងអំណរគុណចំពោះ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដែលបានជំរុញឱ្យមានការ តភ្ជាប់ប្រព័ន្ធនេះឡើង ថ្លែងអំណរគុណ ចំពោះអ្នកឧកញ៉ាលាង ឃុន ប្រធានក្រុមប្រឹក្សាភិបាលក្តុមហ៊ុន ជីបម៉ុងគ្រុប ដែលបានផ្ដល់ទីកន្លែងដ៏ល្អវិសេសវិសាលនេះ និងកោតសរសើរចំពោះ ក្រុមការងារបច្ចេកទេសអន្តរក្រសួង ដែលបានសហការយ៉ាងជិតស្និទ្ធ ជំរុញឱ្យព្រឹត្តិការណ៍នេះកើតមានឡើងនាពេលនេះ ។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបាន ផ្ដាំផ្ញើនិងជំរុញលើកទឹកចិត្តមន្ត្រីផ្ដល់សេវា ឱ្យខិតខំបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយចិត្ត និងត្រូវចង់ចាំថា មន្ត្រីគឺជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយនាយរបស់រាស្ត្រឡើយ ៕
ចែករំលែកព័តមាននេះ