ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទ​មួយដែល​​អ្នកស្រុក​ហៅ​ថា​​«​វិហារ​​សៀម​» បង​ប្អូន​​ណា​​ខ្លះ​បានស្គាល់?

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បាន​ទៅ​ដល់​ប្រាសាទ​មួយ​ដែល​អ្នកស្រុក​ហៅ​ថា​ប្រាសាទ​«​វិហារ​សៀម​» ពិតជា​គួរ​ឱ្យ​អនិច្ចា​ណាស់ ដ្បិត​ឯកា​នៅ​ចង្កេះភ្នំ​ក្អែក​ពង ក្នុង​សភាព​ស្ងប់ស្ងាត់។ប្រាសាទ​«​វិហារ​សៀម​» ធ្វើ​អំពី​ឥដ្ឋក្រហម​ច្រាល ទំហំ​ប្រមាណ​៨​ម៉ែត្រ​៤​ជ្រុង កម្ពស់់​ជាង​១០​ម៉ែត្រ រាង​តូច​ច្រឡឹង…

ខេត្តកំពង់ស្ពឺ ៖ បាន​ទៅ​ដល់​ប្រាសាទ​មួយ​ដែល​អ្នកស្រុក​ហៅ​ថា​ប្រាសាទ​«​វិហារ​សៀម​» ពិតជា​គួរ​ឱ្យ​អនិច្ចា​ណាស់ ដ្បិត​ឯកា​នៅ​ចង្កេះភ្នំ​ក្អែក​ពង ក្នុង​សភាព​ស្ងប់ស្ងាត់។ប្រាសាទ​«​វិហារ​សៀម​» ធ្វើ​អំពី​ឥដ្ឋក្រហម​ច្រាល ទំហំ​ប្រមាណ​៨​ម៉ែត្រ​៤​ជ្រុង កម្ពស់់​ជាង​១០​ម៉ែត្រ រាង​តូច​ច្រឡឹង ។ ប្រាសាទបុរាណ​មួយ​នេះ​មិនដឹង​អាយុកាល​ទេ នៅ​ឈរ​ស្ងប់​ស្ងាត់​ក្នុង​ព្រៃ​ក្រាស់ឃ្មឹក លើ​ចង្កេះភ្នំ​ក្អែក​ពង នៅ​ភូមិ​ក្អែក​ពង ឃុំ​តាំង​ខ្យា ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

មាន​ចម្ងាយ​ប្រមាណ​៦៣​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ចុះ​ពី​ផ្លូវជាតិ​លេខ​៤ ជាង​១​គីឡូ​ម៉ែត្រ​ប៉ុណ្ណោះ តាម​ផ្លូវ​ក្រាល​ថ្ម​យ៉ាង​ស្អាត​ងាយ​ធ្វើ​ដំណើរ នឹង​ទៅ​ដល់​ភ្នំ​ធំ​មួយ​ឈ្មោះ​«​ភ្នំ​ក្អែក​ពង​» ។ ឡើង​តាម​ជម្រាលភ្នំ​ប្រមាណ​ជិត​២០០​ម៉ែត្រ​ទៅ​ដល់​ចង្កេះភ្នំ​នឹង​បានឃើញ​ប្រាសាទតូច​ច្រឡឹង​ស្រស់​ស្អាត​មួយ​នោះ ដែល​ហាក់បីដូចជា​ស្ថិត​នៅ​សែន​ឆ្ងាយ​ពី​ភ្នែក​មនុស្ស​ទាំងពួង​ណាស់ ។

លោក​ទេព ស៊ន អាយុ​៦៦​ឆ្នាំ ជា​អ្នក​ភូមិ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា តាំងពី​គាត់​នៅ​តូច ឮ​អ្នកស្រុក​ហៅ​ថា​«​ប្រាសាទ​វិហារ​សៀម​» ដោយ​មិន​បានដឹង​ប្រវត្តិ​បែប​ណា​ទេ តែ​តាម​ការ​ប៉ាន់ស្មាន​កសាង​ឡើង​រាប់​ពាន់​ឆ្នាំ​មក​ហើយ ។ កាលពីមុន​ប្រាសាទ​នៅ​ទ្រង់ទ្រាយ​ដើម រាង​៤​ជ្រុង បែរមុខ​ទៅ​ទិស​ខាងកើត តែ​រង​ការ​ខូចខាត​មួយ​ចំនួន ក្នុង​សម័យ​សង្គ្រាម និង​សម័យ​ប៉ុ​ល ពត ។ បន្ទាប់​មក​ទៀត​ដោយសារ​តែ​ក្រុម​ជន​ទុច្ចរិត​ជួញដូរ​ក្បាល​អ្នកតា ជីក​ផ្នែក​កណ្តាល​ប្រាសាទ​រុករក​វត្ថុ​បុរាណ​យក​ទៅ​លក់​អំឡុង ក្រោយ​ឆ្នាំ​១៩៧៩ ។

បុរស​ដដែល​នៅ​ចាំ​ថា កាលពីមុន​អ្នក​ភូមិ​ម្នាក់​គឺ​លោកតា​មាស ជា អាយុ​ជាង​៩០​ឆ្នាំ តែងតែ​ឡើង​ទៅ​បោសសម្អាត និង​ថែរក្សា​ប្រាសាទ «​វិហារ​សៀម​» ។ រាល់ពេល​ជួប​គ្រោះ​រាំង​ស្ងួត​ធ្វើស្រែ​ចម្ការ​មិន​បាន លោកតា​តែងតែ​នាំ​អ្នក​ភូមិ​ធ្វើ​ពិធីបួងសួង​សុំ​ទឹកភ្លៀង ។ ពេល​ធ្វើ​ពិធីបួងសួង ម្ដង​ៗ អ្នក​ស្រុ​ុ​ក​នាំ​គ្នា​ធ្វើ​រោង​នៅ​ខាងក្រោម ហើយ​និមន្ត​ព្រះសង្ឃ​ឡើង​ទៅ​ធ្វើ​ពិធី​បង្វិល​អាកាស​នៅ​លើ​ប្រាសាទ ។ ហាក់ដូចជា​សក្ដិ​សិទ្ធិ​ណាស់​ខណៈ​នាំ​គ្នា​ចុះ​ពីលើ​ភ្នំ​មិន​ទាន់​ផង ក៏​មាន​ភ្លៀង​ធ្លាក់​មក ។ មិនតែប៉ុណ្ណោះ​អាច​សុំ​ខ្ចីចាន​ឆ្នាំង​យក​ទៅ​ប្រើ​បាន​ទៀត​ផង ។រយៈពេល​៣​ឆ្នាំ​កន្លង​មកនេះ ក្រោយ​ពី​លោកតា​មាស ជា ស្លាប់​ទៅ មិន​មាន​អ្នក​ណា​ម្នាក់​នៅ​ថែរក្សា​ប្រាសាទ​ទេ ។

ទោះជា​យ៉ាងណា​ក្ដី ជា​រឿយ​ៗ​មាន​អ្នក​ជិត​-​ឆ្ងាយ​ទៅ​បន់ស្រន់​សុំ​សេចក្តីសុខ សុំ​ឱ្យ​រកស៊ី​មានបាន​ជាដើម តែ​មាន​អ្នក​ទៅ​ទស្សនា​ប្រាសាទ​តិចតួច​ណាស់ ។លោក​ទេព ស៊ន ពី​មុន​ធ្លាប់​ឃើញ​អាជ្ញាធរ​រៀបចំ​ធ្វើបុណ្យ និង​យក​របាំ​រាំ​ថ្វាយ​នៅ​លើ​ប្រាសាទ តែ​បច្ចុប្បន្ន​លោក​មិនដឹង តើ​អាជ្ញាធរ​នៅ​តែ​គ្រប់គ្រង​ប្រាសាទ​វិហារ​សៀម ឬ​យ៉ាងណា​ទ ? ប្រាសាទ​ស្ថិត​នៅ​កណ្ដាល​ព្រៃ​ក្រាស់ ហើយ​មិនឃើញ​អាជ្ញាធរ ឬ​ស្ថាប័ន​ជំនាញ​អភិវឌ្ឍ​អ្វី​ទែ រួម​ទាំង​ផ្លូវ​ឡើង​ទៅ​លើ​ផង ។

បើ​តាម​ឯកសារ​មួយ​ចំនួន​សរសេរ​ថា ប្រាសាទ​នោះ​ឈ្មោះ​«​ប្រាសាទ​ក្អែក​ពង​» តែ​អ្នកស្រុក​ហៅ ត​ៗ​គ្នា​ថា «​ប្រាសាទ​វិហារ​សៀម​» ។ ប្រាសាទ​នេះ​កសាង​ឡើង​អំ​ឡុ​ុ​ង​ចុង​សតវត្សរ៍​ទី​៧ ឬ​ដើម​សតវត្សរ៍​ទី​៨ មិន​ទាន់​រួចរាល់​នៅឡើយ​ទេ ។រឿងព្រេង​និទាន​ថា ការ​កសាង​ប្រាសាទ​នៅ​លើ​ចង្កេះភ្នំ​ក្អែក​ពង វា​ជា​ការ​ភ្នាល់​គ្នា​ដាក់​ប្រទេស​រវាង​ស្តេច​ខ្មែរ និង​ស្តេច​សៀម នៅ​ក្នុង​រជ្ជកាល​នោះ ។ ការ​ភ្នាល់​ឱ្យធ្វើ​ឱ្យ​រួចរាល់​តែ​ក្នុង​រយៈពេល​មួយ​ថ្ងៃ​ប៉ុណ្ណោះ តែ​ស្តេច​សៀម​មិន​អាច​ធ្វើ​បាន​ឡើយ ។

អ្នក​ភូមិ​រស់នៅ​ក្បែរ​ភ្នំ​ក្អែក​ពង​បាន​សំណូមពរ​អាជ្ញាធរ​ខេត្តកំពង់ស្ពឺ ក៏​ដូច​ជា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ឲ្យ​ទៅ​ពិនិត្យ​និង​អភិរក្ស ការពារ​ប្រាសាទ​«​វិហារ​សៀម​» ដ្បិត​ហាក់​នៅ​ឯកោ​ស្ងប់ស្ងាត់ និង​ដាច់​ឆ្ងាយ​ពី​ការ​យកចិត្តទុកដាក់ ។ ជាក់ស្ដែង​មិន​មាន​ផ្លូវ​ឡើង​ស្រួល​ទេ គឺ​ឡើង​តាម​ជម្រាលភ្នំ​កាត់​ព្រៃ​យ៉ាង​លំបាក​បំផុត ។
មិនតែប៉ុណ្ណោះ​មិន​មាន​ឆ្មាំ​នៅ​មើលថែ​រក្សា​ឡើយ គឺ​ទុក​ចោល​ឱ្យ​នៅ​ឯកា​គួរ​ឱ្យ​សង្វេគ​ជាទី​បំផុត ។

មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ប្រធាន​មន្ទីរ​វប្បធម៌​ខេត្តកំពង់ស្ពឺ​បាន​ទេ កាលពី​ម្សិលមិញ ។ ប៉ុន្តែ​តាម​ការ​កត់សម្គាល់​កន្លង​មក ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត​ច្រើន​នាក់​ហើយ ដែល​កោះ​សន្តិ​ភាព​ធ្លាប់​សួរ​ពាក់ព័ន្ធ​រឿង​ទីតាំង​បុរាណ ទីទួល​ប្រវត្តិសាស្ត្រ​ដ៏​ច្រើន​នៅ​ក្នុង​ខេត្ត មិន​ឃើញ​​មានការ​ស្រាវជ្រាវ​ចងក្រង​ទុកជា​ឯកសារ​ឡើយ គឺ​ស្រួលខ្លួន​រហូត​ដូច​គ្នា រក​ជួប​សម្ភាសន៍​មិន​កក់ក្ដៅ​សោះ ៕

អត្ថបទសរសេរ ដោយ