រាជធានីភ្នំពេញ ៖ រយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា តារាសម្តែងក៏ដូចជា តារាចម្រៀង ប្រុសៗជាច្រើនបានប្រឹងហាត់យកសាច់ដុំកង់ៗ ជាពិសេស គឺហាត់យកសាច់ដុំពោះ ៦កង់ ដើម្បីបង្កើនភាពស្រស់សង្ហារបស់ខ្លួន ។

តួយ៉ាងតារាម៉ូដែល និងតារាសម្តែងមួយរូបដែលបានប្រឡូកក្នុងវិស័យសម្តែងភាពយន្តនិងរឿងភាគជាច្រើន លោក អេតវីន ក៏មិនខុសពីតារាប្រុសមួយចំនួនទៀតនោះទេ គឺលោកបានជ្រើសរើសយករូបរាងមានសាច់ដុំកង់ៗធ្វើឲ្យមហាជនអ្នកគាំទ្រតែងតែសរសើរពីការថែរក្សារាងដ៏ស្រស់សង្ហារបស់លោកជាប្រចាំថា ពិតជាសង្ហាខ្លាំងជាងមុនមែន ។

ស្របពេលដែលមហាជន ជាពិសេសុភាពនារីមួយចំនួនចង់ដឹងពីអាថ៌កំបាំងនៃការប្រែប្រួលរូបរាងរបស់តារាសម្តែងរូបនេះថា តើលោកថែរក្សារាងក៏ដូចជា ហាត់យកសាច់ដុំ ដែលតារាប្រុសមួយចំនួនកម្រនឹងធ្វើបាននោះដោយរបៀបណា ស្រាប់តែតារាប្រុសរូបនេះចេញមុខបកស្រាយថា រូបលោកទម្រាំបានសាច់ដុំទាំងកង់ៗនោះ គឺត្រូវខិតខំប្រឹងប្រែងហាត់ប្រាណអស់រយៈពេល៥ ទៅ៦ ឆ្នាំមកទើប លោកទទួលបានរាងស្រស់សង្ហាខ្លាំងបែបនេះ ។

ដោយនៅក្នុងនោះលោក អេតវីន បានសរសេរសារជាមួយនឹងរូបភាពជាច្រើនបង្ហាញពីរូបរាងសាច់ដុំកង់ៗ ដែលលោកទទួលបានមេដាយពីការប្រកួតកីឡាកាយវប្បកម្មថា « ខ្ញុំមិនមែនជាគ្រូបង្ហាត់អីទេបង ព្រោះខ្ញុំហាត់ប្រាណ ៥ ទៅ ៦ ឆ្នាំហើយ ខ្ញុំអត់ដឹងសាលាបង្ហាត់ ហាត់ប្រាណបែរមុខទៅណាផង ។ គ្រាន់តែខ្ញុំជាមនុស្សម្នាក់ដែលស្រលាញ់ការហាត់ប្រាណ ចូលចិត្តចង់ចេះចង់ដឹងពីរៀមច្បងជំនាន់មុននឹងអ្នកជំនាញខាងកីឡាកាយវប្បកម្មហើយរៀនសូត្របន្ថែម គួបផ្សំនឹងការអនុវត្តផ្ទាល់ផងនោះ ទើបធ្វើអោយខ្ញុំចេះមកដល់សព្វថ្ងៃ»។

យ៉ាងណាមិញ តារារូបនេះ ក៏បានចែករំលែកនូវចំណេះដឹងនៃការហាត់ប្រាណឲ្យទទួលបានសុខភាពល្អ និងរូបរាងស្រស់សង្ហារបស់លោកទៅកាន់អ្នកផ្សេងទៀតផងដែរ ហើយណាមួយរូបលោកក៏ធ្លាប់បានចូលរូមប្រកួតកីឡាកាយវប្បកម្ម តាំងពីលោកចូលសិល្បៈដំបូងផងដែរ ។

គួរបញ្ជាក់ផងដែរថា សព្វថ្ងៃនេះ អេតវីន ជាតារាសម្តែងប្រុសមួយរូបដ៏មានប្រជាប្រិយភាព និងជាគូស្នេហាដ៏ផ្អែមល្ហែមជាមួយអតីតភរិយារបស់ម្ទាស់ផលិតកម្ម LD picture ផងដែរ ។

យ៉ាងណាមិញ ប្រិយមិត្តអ្នកគាំទ្រអ្នកសិល្បៈតែងតែលើកឡើងថា អាថ៌កំបាំងដែលតារាប្រុសៗចូលចិត្តហាត់យកសាច់ដុំនោះ គឺដើម្បីបង្កើនភាពស្រស់សង្ហា និងទាក់ទាញទស្សនិកជនសម្រាប់បង្កើនប្រជាប្រិយភាពផងដែរ ៕


ចែករំលែកព័តមាននេះ