ខេត្តកំពង់ចាម ៖ គិតរហូតមកដល់រសៀលថ្ងៃទី២៩ មីនា ២០១៥ ប្រជាពលរដ្ឋរាប់ពាន់គ្រួសារនៅក្រុងកំពង់ចាមដែលកំពុងតែជួបនឹងកង្វះទឹកស្អាតសំរាប់ប្រើប្រាស់នោះត្រូវបានអាជ្ញាធរខេត្តអះអាងថា ទឹកទន្លេមេគង្គដែលបូមមកផ្គត់ផ្គង់នោះបានពី៨៥ទៅ៩០ភាគរយហើយ ដូច្នេះពីមួយថ្ងៃទៅមួយថ្ងៃកាន់តែប្រសើរឡើងថែមទាំងមានរថយន្តផលិតទឹកស្អាត១គ្រឿងជាជំនួយរបស់រាជរដ្ឋាភិបាជប៉ុនតំលៃជាង២០ម៉ឺនដុល្លារ កំពុងតែចេញប្រតិបត្តិការចែកចាយទឹកជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃធ្វើឲ្យពួកគាត់(អ្នកខ្វះទឹក ) នាំគ្នាសាទរផងដែរ ។
អ្នកស្រីវ៉ា សៀកណៃ អាយុ៥៥ឆ្នាំ នៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ប្រាប់ឲ្យដឹងថា រូបគាត់បានមកនៅទីនេះជាង១០ឆ្នាំមកហើយទើបតែជួបនឹងបញ្ហាកង្វះទឹកប្រើប្រាស់មួយអាទិត្យ ដោយត្រូវបានកូនៗនាំគ្នាដងទឹកពីផ្ទះបងប្អូននៅភូមិបឹងស្នាយយកមកប្រើប្រាស់ ។ លុះនៅថ្ងៃទី២៧ មីនា ទឹកម៉ាស៊ីនបានចាប់ផ្តើមចេញជាធម្មតា ដោយប្រើប្រាស់បានតែនៅជាន់ខាងក្រោមប៉ុណ្ណោះ គឺចេញទាំងយប់ទាំងថ្ងៃមិនមានបញ្ហាចោទទៀតទេ ។
យោងតាមលិខិត១ច្បាប់លេខ០០៤ ចុះថ្ងៃទី២៨ មីនា ២០១៥ របស់លោកជឹម លាវ អភិបាលខេត្តស្តីទីផ្ញើជូនលោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី២១ មីនា រហូតដល់ថ្ងៃទី២៨ មីនា អង្គភាពរដ្ឋាករទឹកខេត្តកំពង់ចាមដែលបានផ្តត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងក្រុងកំពង់ចាមមានភាពរអាក់រអួល ដោយនៅតំបន់ទំនាបមួយចំនួនមានទឹកប្រើប្រាស់ និងខ្លះទៀតពុំមានទឹកប្រើប្រាស់ ហើយនៅតំបន់ខ្ពស់ក៏ពុំមានទឹកប្រើប្រាស់ផងដែរ ដោយសារតែអណ្តូងទឹកស្អាតរបស់អង្គភាពរដ្ឋាករទឹករីងស្ងួតមិនអាចផ្តត់ផ្គង់បាន ។
ប៉ុន្តែចាប់ពីថ្ងៃទី២២ មីនា ២០១៥ រហូតមកដល់បច្ចុប្បន្ននេះ អាជ្ញាធរខេត្តរួមជាមួយនឹងអង្គភាពរដ្ឋាករទឹកបានដំឡើងម៉ូទ័របូមទឹកជាបន្ទាន់ចំនួន៣កន្លែងដែលមានម៉ូតូចំនួន៤គ្រឿងដាក់បូមទឹកទន្លេមេគង្គដែលជាទឹកឆៅ ដើម្បីដោះស្រាយស្ថានការណ៍ជាបន្ទាន់។ នៅថ្ងៃទី២៧ មីនា ក្រុមការងាររបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលដឹកនាំដោយលោក ឯក សុខចាន់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងអ្នកជំនាញការជប៉ុននៃគម្រោងJICA បានចុះធ្វើការងារជាក់ស្តែង ។
បច្ចុប្បន្ននេះប្រជាពលរដ្ឋនៅក្រុងកំពង់ចាមប្រមាណ៨៥ភាគរយបាននឹងកំពុងប្រើប្រាស់ទឹកជាធម្មតាឡើងវិញហើយ នៅសល់១៥ភាគរយទៀតអាជ្ញាធរ និងរដ្ឋាករទឹកខេត្តកំពុងបន្តដោះស្រាយដើម្បីឲ្យប្រជាពលរដ្ឋមានទឹកប្រើប្រាស់ជាធម្មតាឡើងវិញក្នុងពេលដ៏ឆាប់ខាងមុខនេះ ។
លោកឯក សុខចាន់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្មមានប្រសាសន៍ឲ្យដឹងដែរថា ក្នុងពេលដែលក្រុងកំពង់ចាមជួបបញ្ហាកង្វះទឹកស្អាតសំរាប់ប្រើប្រាស់នោះ រូបលោកបានបញ្ជូនរថយន្តផលិតទឹកស្អាត១គ្រឿងជារបស់ជំនួយប្រទេសជប៉ុនមកជួយដល់អ្នកក្រុងកំពង់ចាម ហើយនឹងប្រឹងប្រែងធ្វើយ៉ាងណាឲ្យគ្រួសារនីមួយៗមានទឹកប្រើប្រាស់ដូចដើមវិញ ៕
ចែករំលែកព័តមាននេះ