ខេត្តបន្ទាយមានជ័យ ៖ ដើម្បីក្រពះ បើទោះជាដឹងថាកាឆ្លងដែនខុសច្បាប់ បើមិនជោគជ័យតាមបំណង ប្រឈមនឹងគេចាប់បញ្ជូនត្រឡប់មកវិញក៏ដោយ ក៍នៅតែប្រថុយ ក្រែង… ដឹងអីខកបំណងដដែល អស់ទាំងប្រាក់ ខាតទាំងពេលវេលា។
ប្រជាពលរដ្ឋខ្មែរចំនួន៧នាក់ ក្នុងនោះប្រុស២ស្រី៤និងកុមារាម្នាក់ ត្រូវបានទាហានឈុតខ្មៅថៃកងរយ១២០៥សហការជាមួយជំនាញពាក់ព័ន្ធក្នុងស្រុកអារញ្ញធ្វើការចាប់ខ្លួននៅបន្ទាត់ព្រំដែនក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ ក្រោយពីពួកគាត់ឆ្លងព្រំដែនពីក្រុងប៉ោយប៉ែតកាលពីថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២០ នេះបើយោងតាមកាចុះផ្សាយលើគេហទំព័រនិងកាសែតក្នុងស្រុកថៃមួយ។
ប្រជាពលរដ្ឋទាំងអស់ខាងលើបានប្រាប់សមត្ថកិច្ចថៃថា ដោយសារក្នុងសម័យកូវីដនេះពួកគេគ្មានការងារធ្វើ ហើយក្នុងគ្រួសារជួបប្រទះការខ្វះខាត ទើបបបួលគ្នាបង្ខំចិត្តលួចឆ្លងដែនខុសច្បាប់ ប្រុងទៅរកការងារធ្វើនៅចំណុចផ្សាររុងក្លឿ។
ក្រោយឃាត់ខ្លួន ប្រជាពលរដ្ឋទាំងនេះគេយកទៅបន្ទាយទាហានកងរយ១២០៥ ដើម្បីសាកសួរបន្តមុនបញ្ជូនទៅឲ្យអាជ្ញាធរនិងសមត្ថកិច្ចកម្ពុជាតាមច្រកកិច្ចព្រមព្រៀងMOU ច្រករបៀងអូរបីជាន់ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ