រាជធានីភ្នំពេញ ៖ ខ្មាន់កាំភ្លើងម្នាក់ ខណៈជិះម៉ូតូវាក់អឺជាមួយរ៉ឺម៉កម៉ូតូកង់បីមានឃ្លុប១គ្រឿង ដែលបានបត់កាត់ពីមុខ និងបានកៀរគ្នា ជាហេតុធ្វើឲ្យជននោះផ្ទុះកំហឹងយ៉ាងខ្លាំង រួចក៏ស្ដីបន្ទោសអ្នកបើកបររ៉ឺម៉កម៉ូតូ លុះពេលអ្នកបើករ៉ឺម៉កម៉ូតូបានតបតវិញ ទើបក្លាយជាទំនាស់ពាក្យសម្ដីយ៉ាងតឹងសរសៃ.ក ក៏ស្រាប់តែជនសង្ស័យគំរាមបាញ់សម្លាប់ រួចក៏ដកកាំភ្លើងខ្លីពីចង្កេះបាញ់គម្រាមអ្នកបើករ៉ឺម៉កម៉ូតូនោះចំនួន១គ្រាប់ និងគេចខ្លួនទៅបាត់ដោយសុវត្ថិភាពតែម្តង។
ហេតុការណ៍ខាងលើនោះបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅតាមផ្លូវវ៉េងស្រេង មុខផ្សារត្រពាំងថ្លឹង ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
ខ្មាន់កាំភ្លើងខាងលើនេះ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ដោយជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ មួយគ្រឿង ចំណែកជនរងគ្រោះមានគ្នា២នាក់មិនស្គាល់អត្តសញ្ញាណដូចគ្នា ហើយបើកបរ និងជិះរ៉ឺម៉កម៉ូតូកង់បី១គ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1HC-9621។
បើតាមបុរសជាអ្នកបើករ៉ឺម៉កម៉ូតូខាងលើ មិនបានប្រាប់ឈ្មោះឡើយ ហើយគាត់បាននិយាយថា នៅមុនពេលកើត គាត់មានគ្នា២នាក់បានបើកបររ៉ឺម៉កម៉ូតូកង់បី ដោយធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតតាមផ្លូវវ៉េងស្រេង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ រូបគាត់ក៏បានបត់ឆ្វេង ក៏ស្រាប់តែបុរសម្នាក់ជាខ្មាន់កាំភ្លើងខាងលើ ជិះម៉ូតូពីក្រោយស្របទិសគ្នា លុះទៅដល់ចំណុចកើតហេតុ ក៏បានកៀរគ្នាជាមួយរ៉ឺម៉កម៉ូតូរបស់គាត់។
បុរសជាអ្នកបើករ៉ឺម៉កម៉ូតូកង់បីបន្តថា ខណៈនោះបុរសជាខ្មាន់កាំភ្លើងរូបនេះ បានស្ដីឲ្យគាត់ រហូតទាក់ពាក្យសម្ដីគ្នា ហើយបុរសរូបនោះក៏បានគំរាមបាញ់សម្លាប់គាត់ទាំង២នាក់ទៀតផង លុះនិយាយគ្នាមិនទាន់ផុតពីមាត់ផង ក៏ដកកាំភ្លើងបាញ់មេឃ១គ្រាប់ដើម្បីគំរាមគាត់ រួចក៏ជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្ដង។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលបាននគរបាលប៉ុស្តិ៍ចោមចៅទី១ និងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ និងរកឃើញសំបកគ្រាប់កាំភ្លើងខ្លី១គ្រាប់ ហើយក៏បានរើសយកទៅរក្សាទុក ព្រមទាំងឲ្យអ្នកបើកបររ៉ឺម៉កម៉ូតូកង់បីទៅដាក់ពាក្យប្ដឹង ដើម្បីស្រាវជ្រាវរកមុខខ្មាន់កាំភ្លើងខាងលើ៕
ចែករំលែកព័តមាននេះ