រាជធានីភ្នំពេញ ៖ ផ្ទះឈើលើ និងរៀបបន្ទប់ថ្មក្រោមត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅទាំងកណ្តាលថ្ងៃត្រង់ ដែលសង្ស័យបណ្ដាលមកពីទុស្សេចរន្តអគ្គិសនី ប៉ុន្តែមិនបានបណ្ដាលឲ្យមានអ្នកស្លាប់ឬរងរបួសនៅក្នុងហេតុការណ៍មួយនេះឡើយ។ ភ្លាមៗនោះបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកភូមិផងរបងជាមួយបាននាំគ្នាជួយពន្លត់ដែរតែមិនឈ្នះ រហូតដល់សមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថព្រមទាំងកម្លាំងប្រជាការពារចុះទៅអន្តរាគមន៍ និងហៅរថយន្តពន្លត់អគ្គិភ័យទៅបាញ់ទឹកពន្លត់អស់៣ស៊ីទែនទើបរលត់ទៅវិញមិនបានរាលដាលដល់ផ្ទះផ្សេងទៀតដែលស្ថិតនៅជិតនោះ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង២០នាទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ហើយផ្ទះរងគ្រោះមានទីតាំងស្ថិតនៅនៅតាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតនៅក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ផ្ទះដែលរងការឆាបឆេះនោះមានទំហំទទឹងប្រវែង៨ម៉ែត្រ និងបណ្ដោយប្រវែង១២ម៉ែត្រ សាងសង់អំពីឈើខាងលើ និងរៀបបន្ទប់ថ្មក្រោម ដែលមានម្ចាស់ឈ្មោះ អឿ ខាន់ ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរកសិករ។ ចំណែកទ្រព្រសម្បត្តិដែលរងការខូចខាត រួមមានទូរទស្សន៍ចំនួន០២គ្រឿង, កង្ហារចំនួន០២គ្រឿង, ព្រមទាំងថវិកា និងមាសប្រាក់មួយចំនួនទៀត ហើយមូលហេតុសង្ស័យបណ្តាលមកពីការទុសេខ្សែចរន្តអគ្គិសនី។

អ្នកភូមិបាននិយាយថា នៅមុនពេលកើតហេតុខណៈអ្នកភូមិមួយចំនួនកំពុងតែហូបបាយ និងខ្លះទៀតហូបបាយថ្ងៃត្រង់រួចកំពុងតែសម្រាកស្រាប់តែឮម្ចាស់ផ្ទះស្រែកឲ្យជួយ ខណៈនោះក៏បាននាំគ្នារត់ចេញទៅមើលបានឃើញផ្ទះខាងលើកំពុងត្រូវបានភ្លើងឆេះ។ ភ្លាមៗនោះពួកគាត់បាននាំគ្នាជួយពន្លត់យ៉ាងសស្រាក់សស្រាំ ប៉ុន្តែមិនបានធ្វើឲ្យភ្លើង រលត់ឡើយកាន់តែពន្លត់គឺកាន់តែឆេះខ្លាំងឡើងៗ ទើបរាយការណ៍សុំការអន្តរាគមន៍ពីអាជ្ញាធរនិងសមត្ថកិច្ច។ ភ្លាមៗនោះបន្ទាប់ពីទទួលបានដំណឹងនេះកម្លាំសមត្ថកិច្ចមូលដ្ឋាន បានចេញអន្តរាគមន៍ និងហៅរថយន្តពន្លត់អគ្គិភ័យ ក្រុមហ៊ុនស្រាបៀរកម្ពុជា និងរថយន្តពន្លត់អគ្គិភ័យដែលប្រចាំការនៅសាលាខណ្ឌដង្កោទៅបាញ់ទឹកពន្លត់ទើបរលត់ទៅវិញទាំងស្រុង និងមិនរាលដាលដល់ផ្ទះដែលស្ថិតនៅក្បែរនោះទៀត៕ ដោយ ៖ យន់ ស៊ីថា







ចែករំលែកព័តមាននេះ