ខេត្តកណ្តាល ៖ បន្ទាប់ពីពលរដ្ឋស្ទើរអស់ជំនឿលើសមត្ថកិច្ចស្រុកលើកដែក ដែលមិនហ៊ានមានវិធានការលើហាង«មីស្ទើលេង»បើកច្រៀងឮសម្លេងខ្លាំងៗរំខានដល់ពលរដ្ឋមានផ្ទះនៅជិតនោះ និងបានដាក់ពាក្យបណ្តឹងជាច្រើនលើកមកហើយ តែហាក់គ្មានប្រសិទ្ធភាពសោះនោះ ពលរដ្ឋក៏បានផ្ញើសារចូលផេកស្នងការនគរបាលខេត្ត ក៏ទទួលបានចំណាត់ការ ។
ក្រោយទទួលបានព័ត៌មានខាងលើភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឆ្លើយតបជូនម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ព្រះចន្ទ័ ពេញវង់ ដែលបានផ្ញើសារចូលផេកហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នៅថ្ងៃទី២៣ កញ្ញា ឆ្នាំ២០២០ ខ្លឹមសារថា «ខ្ញុំមិនដឹងហេតុអ្វី ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មិនមានវិធានការណាមួយចំពោះហាង មីស្ទើលេងទេ? ពីបីថ្ងៃហើយ ដដែលៗហាងបើកច្រៀងឮៗឡើងលាន់ជញ្ជាំងផ្ទះក៏មាន បង្កសំឡេងរំខានដដែលៗ ខ្ញុំចេះតែប្ដឹងម្ចាស់ហាងនៅតែបើកច្រៀងលឺដដែលៗ បើគិតថាខ្ញុំនិយាយកុហក់ឯកឧត្ដមចុះមកពិនិត្យតែម្ដងទៅ ព្រោះថ្នាក់ក្រោមឱវាទឯកឧត្តមប្រចាំមូលដ្ឋានហ្នឹងនិយាយតែល្អឱ្យម្ចាស់ហាងនឹងទេ ទោះដឹងមានការបង្កសំឡេងចេញពីហាងមីស្ទើលេងនិងក៏ដោយ គាត់ដឹងក៏ធ្វើមិនដឹងដែរ ឱ្យខ្ញុំជាប្រជាពលរដ្ឋទៅពឹងអ្នកណា បើឯកឧត្ដមមិនជួយ ទុកឱ្យហាងមីស្ទើរលេង បើកច្រៀងឮៗបង្កសំឡេងរំខានដដែល»។
ក្រោយពីទទួលបានព័ត៌មានខាងលើនេះ ដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ក៏ដូចជាក្រុមការងារប្រតិកម្មរហ័សខេត្ត លោកអធិការនគរបាលស្រុកលើកដែក បានដឹកនាំកម្លាំងជំនាញ និងកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រែកដាច់ សហការជាមួយអាជ្ញាធរមូលដ្ឋាន មានសមាជិកក្រុមប្រឹក្សាឃុំព្រែកដាច់ចុះស្រាវជ្រាវផ្ទាល់នៅទីតាំងហាងឈ្មោះមីស្ទ័រលេង ទទួលបានលទ្ធផលដូចខាងក្រោម៖
១-ពិនិត្យឃើញថា ហាងមីស្ទ័រលេង ពិតជាបានបើកលក់ដូរគ្រឿងក្លែមនៅពេលយប់ ហើយមានធុងបាស់ចាក់ចម្រៀងកំដភ្ញៀវ ដែលចូលមកញ៉ាំពិតមែន។
២-កម្លាំងនគរបាលបានធ្វើកិច្ចសន្យាអប់រំណែនាំឱ្យបញ្ឈប់សកម្មភាពចាក់ធុងបាស់ស្រែកច្រៀងឡូឡាលឺសំឡេងខ្លាំងៗរំខានដល់អ្នកដទៃចាប់ពីពេលនេះតទៅ។
៣-មិនអនុញ្ញាតឱ្យបើកលក់ និងចាក់ធុងបាស់ច្រៀងកំដរទទួលភ្ញៀងលឺសំឡេងខ្លាំងៗពេលយប់ទៀតឡើុ គឺចាក់ចម្រៀងកំដរភ្លៀវក្នុងលក្ខណ:ស្តាប់បានធម្មតា ក្នុងបរិវេនហាងរបស់ខ្លួនទាំងពេលថ្ងៃ និងពេលយប់។ និង៤-ការបើកលក់មិនឱ្យលើសពីម៉ោង២១និង០០នាទីជាដាច់ខាត។