ខេត្តមណ្ឌលគិរី ៖ នៅល្ងាចថ្ងៃទី២៣ កញ្ញា ២០២០ តាមរយៈហ្វេសប៊ុកផេករបស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានធ្វើការបំភ្លឺ ជូន សាធារណជន ឲ្យបានជ្រាបថា ៖ បុគ្គលឈ្មោះ ម៉ា ម៉េងធី ជាអគ្គនាយក ទូរទស្សន៍ព្រហ្មខណ្ឌអនឡាញ បានធ្វើការបដិសេធ នូវសារសំឡេងរបស់ខ្លួនដែលបានបង្ហោះផ្សព្វផ្សាយ តាមបណ្តាញទំនាក់ទំនងសង្គមផ្សេងៗ កាលពីប៉ុន្មានថ្ងៃមុន ដោយបាននិយាយបរិហារ បង្កាច់បង្ខូច ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្តមណ្ឌលគិរី ។
ក្រោយពីបានធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតរបស់មន្ត្រីជំនាញ នៃស្នងការដ្ឋាននរបាលខេត្តមណ្ឌលគិរី និងតាមរយៈការធ្វើតេស្តវិភាគរកសារធាតុញៀន ក្នុងទឹកម៉ូត្រ លើបុគ្គលឈ្មោះ ម៉ា ម៉េងធី ជាលទ្ធផល បុគ្គលរូបនេះ ជាអ្នកញៀនថ្នាំញៀន ។
ជាមួយគ្នានេះដែរ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សូមធ្វើការច្រានចោលទាំងស្រុង នូវសារសំឡេងរបស់ឈ្មោះ ម៉ា ម៉េងធី ដែលបានបង្ហោះផ្សព្វផ្សាយ នៅតាមបណ្តាញទំនាក់ទំនងសង្គមផ្សេងៗ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្តមណ្ឌលគិរី ។
សូមជម្រាបថា លោក ម៉ា ម៉េងធី ចាងហ្វាងទូរទស្សន៍ព្រហ្មខណ្ឌអនឡាញ ត្រូវបាននគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលខេត្តមណ្ឌលគិរី ឃាត់ខ្លួនកាលពីថ្ងៃទី២២ កញ្ញានេះ នៅរាជធានីភ្នំពេញ រួចនាំខ្លួនទៅខេត្តមណ្ឌលគិរី ដើម្បីធ្វើការសាកសួរ ៕


<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ