ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួនចោទប្រកាន់ពីបទចែកចាយ និងប្រើប្រាស់គ្រឿងញៀនត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០។ លោកវរៈសេនីយ៍ត្រី តាំង សុហេង មេបញ្ជាកងរាជអាវុធហត្ថស្រុកម៉ាឡៃបានប្រាប់ថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ គង់ បួន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិ.ឃុំទួលពង្រ ស្រុកម៉ាឡៃ។
លោកបានបញ្ជាក់ថា នៅពេលឃាត់ខ្លួនជនសង្ស័យកម្លាំងកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័យនៅពេលកំពុងធ្វើសកម្មភាពចែកចាយគ្រឿងញៀនដកហូតមានវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន៣ថង់តូចស្មើ៥.០៦ក្រាម និងសម្ភារៈមួយចំនួនទៀតនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិ.ឃុំទួលពង្រ ស្រុកម៉ាឡៃ។
លោកវរៈសេនីយ៍ត្រី តាំង សុហេង បានបញ្ជាក់ថា ក្រោយពេលឃាត់ខ្លួនជនសង្ស័យហើយបានបញ្ជូនខ្លួនមកទីបញ្ជាការកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដើម្បីធ្វើការសាកសួរដោយយោងតាមចម្លើយ និងវត្ថុតាងត្រូវបានរៀបចំសំណុំរឿងបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់៕ ដោយ ៖ ប៊ុន ធឿន
ចែករំលែកព័តមាននេះ