ខេត្តមណ្ឌលគិរីត្រូវគេមើលឃើញថា ជាតំបន់អេកូទេសចរណ៍ដ៏សម្បូរបែប ហើយអ្នកទេសចរភាគច្រើនដែលបានមកទស្សនាខេត្តមណ្ឌលគិរី តែងចាប់អារម្មណ៍ចំពោះរមណីយដ្ឋានធម្មជាតិ សម្រស់ព្រៃព្រឹក្សា និងអាកាសធាតុដ៏ត្រកាលនៃតំបន់ភ្នំ ប៉ុន្តែអ្វីដែលជាចំណុចពិសេសមួយទៀត ដែលអ្នកទេសចរណ៍ជាតិមិនទាន់ចាប់អារម្មណ៍ខ្លាំងនោះ គឺការជិះសត្វដំរីដើរលំហែរក្នុងព្រៃ។
មគ្គុទេសទេសចរណ៍ប្រចាំខេត្តមណ្ឌលគិរីលោកប៊ុត វណ្ណលាង បានឲ្យដឹងថា អ្នកទេសចរដែលបានជួលដំរីជិះភាគច្រើន គឺមិនលើសពីពីរថ្ងៃឡើយ។ នៅពេលត្រូវដើរកម្សាន្តក្នុងព្រៃ គេបានរៀបចំអាហារវេចខ្ចប់ងាយៗសម្រាប់ អ្នកទេសចរណ៍បរិភោគ ឬគេអាចដាក់មងរកត្រីតាមដងអូរ យកមកអាំង ដើម្បីបង្កើនភាពរីករាយដល់ភ្ញៀវមួយកំរឹតថែមទៀត។ លោកវណ្ណ លាង បានបន្តថា នៅពេលភ្ញៀវទេសចរកំពុងកម្សាន្តលេងជាមួយសត្វដំរី គេមិនភ្លេចធ្វើការណែនាំពីរបៀបរបបនៃការរស់នៅរបស់បងប្អូនជនជាតិភាគតិចឡើយ ដោយគេបានធ្វើម្ហូបអាហារដូចជា សម្លបុក(គេប្រើបំពងឬស្សីសម្រាប់ចម្អិនសម្ល) ការថែទាំសត្វដំរី ការស្នាក់នៅក្នុងព្រៃ និងប្រពៃណីវប្បធម៌មួយចំនួនទៀតដល់អ្នកទេសចរ។
ចំណែកលោក សាត ចិន្តា មគ្គុទេសទេសចរណ៍ប្រចាំខេត្តមណ្ឌលគិរីមួយរូបផងដែរបាននិយាយថា «សព្វថ្ងៃនេះ ការនាំភ្ញៀវដើរកម្សាន្តតាមរយៈការជិះដំរីលំបាកណាស់… ព្រោះគេកាប់ព្រៃអស់ហើយ រាល់ថ្ងៃនេះកន្លែងដែលអាចនាំភ្ញៀវដើរលេងបានមានតែព្រៃបន្តិចបន្តួច… ភាគច្រើន គឺដំរីដែលគេជួលជិះដើរ តែក្នុងព្រៃចម្ការដំឡូងប៉ុណ្ណោះ»។ ក្នុងបទសម្ភាស៍ជាមួយកោះសន្តិភាពលោកចិន្តា ក៏បានលើកឡើងពីបញ្ហាមួយចំនួនទៀតដូចជា «ផ្លូវធ្វើដំណើរទៅកាន់រមណីយដ្ឋានជាច្រើន កំពុងខូចខាតធ្ងន់ពិបាកធ្វើដំណើរ…. ស្លាកសញ្ញាមួយចំនួនដែលដាក់បង្ហាញអំពីទីតាំងរមណីយដ្ឋាន រលុបអក្សអស់… គ្មានការថែទាំទេ… ហើយកន្លែងខ្លះគឺពុំមានស្លាកតែម្តង»។
ប្រធានមន្ទីរទេសចរណ៍ខេត្តលោកងិន សុវិមាន បានថ្លែងថា «ជារៀងរាល់ថ្ងៃមានភ្ញៀវទេសចរអន្តរជាតិជាច្រើនក្រុមបានធ្វើដំណើរមកខេត្តមណ្ឌលគិរី ក្នុងគោលបំណងចម្បង ដើម្បីទស្សនាសត្វដំរី និងជីវភាពរស់នៅរបស់ជនជាតិភាគតិចភ្នង។ ពួកគេចូលចិត្តផ្តល់ចំណី និងមុជទឹកជាមួយដំរី ឯអ្នកខ្លះចូលចិត្តធ្វើដំណើរចូលក្នុងព្រៃជ្រៅ និងស្នាក់នៅជាមួយបងប្អូនជនជាតិដើមភាគតិច»។ លោកប្រធានមន្ទីរបានបន្តថា «ស្ទើរ៩០%ទៅ៩៥%ហើយ សុទ្ធតែជនបរទេសជួលដំរីជិះ មិនសូវមានជនជាតិខ្មែរទេ»។
ដំរីទេសចរណ៍ក្នុងខេត្តមណ្ឌលគិរី ត្រូវបានគេដឹងថា មានចំនួនជិត២០ក្បាល ក្នុងនោះដំរី៥ក្បាលនៅភូមិពូលូង ចម្ងាយប្រហែល៨គីឡូម៉ែត្រ ពីទីរួមខេត្ត និងនៅភូមិពូតាំង ចម្ងាយប្រហែល៥គីឡូម៉ែត្រពីទីរួមខេត្ត មានដំរីសរុប១២ក្បាល ហើយដំរីទាំងនោះជាកម្មសិទ្ធិរបស់សហគមជនជាតិដើមភាគតិចភ្នង។ ចំណែកតម្លៃក្នុងការជួលជិះមួយថ្ងៃសម្រាប់ អ្នកទេសចរបរទេសចាប់ពី១៤០.០០០រៀលឡើងទៅ ចំពោះជនជាតិខ្មែរចាប់ពីតម្លៃ៦០.០០០រៀលឡើង៕









ចែករំលែកព័តមាននេះ