ខេត្តព្រះសីហនុ ៖ តាមរបាយការណ៍របស់មន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទបានអោយដឹងថា វ៉ារីវប្បកម្មទឹកប្រៃនិងវ៉ារីវប្បកម្មទឹកសាបក្នុងស្រុកព្រៃនប់ បានរងផលប៉ះពាល់ដែលបង្កដោយព្យុះទី១១ឈ្មោះ«នូល» ដែលបានគ្រប់ដណ្ដប់មកមកលើឃុំមួយចំនួនក្នុងស្រុកនោះបង្កឲ្យមានការទឹកជន់លិច ។

ផលប៉ះពាល់វ៉ារីវប្បកម្មទឹកប្រៃ បណ្តាលឱ្យត្រី និងក្តាមមួយចំនួនរួចបាត់ រួមមានត្រីឆ្ពង់ចំនួន3.200 ក្បាល ក្នុងមួយក្បាលមានទម្ងន់ចាប់ពី៥ខាំដល់៨ខាំ ស្ថិតនៅឃុំសំរុងន ឃុំសាមគ្គី និងឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចំណែកក្តាមថ្មរួចបាត់មានចំនួន1.200ក្បាលក្នុងមួយក្បាលទម្ងន់ចាប់ពីកន្លះខាំដល់១ខាំ ស្ថិតនៅឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ផលប៉ះពាល់វ៉ារីវប្បកម្មទឹកសាប បណ្តាលឱ្យត្រីមួយចំនួនរួចបាត់ រួមមានត្រីផ្ទក់មានចំនួន3.9000ក្បាល ក្នុងមួយក្បាលទម្ងន់ពី២ដល់៣ខាំ ស្ថិតនៅឃុំបឹងតាព្រហ្ម ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ, ត្រីអណ្ដែងចំនួន១ពាន់ក្បា លមួយក្បាលទម្ងន់៥ខាំ ស្ថិតនៅឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ, ត្រីឆ្តោចំនួន8.3000ក្បាល ក្នុងមួយក្បាលទម្ងន់ ពី៨ខាំដល់១គីឡូ៨ខាំ ស្ថិតនៅភូមិជើងគោ ឃុំទឹកល្អក់ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ, ត្រីក្រាញ់ចំនួន1.7300ក្បាល ស្ថិតនៅក្រោម ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ត្រីដែលរួចបាត់មួយចំនួនត្រូវបានពលរដ្ឋចាប់បានយកទៅបរិភោគ ចំណែកមួយចំនួនធំទៀតរួចទៅតាមទឹកដែលហូរចូលក្នុងព្រែក ។

តាមរបាយការណ៍ខាងលើបានបញ្ជាក់បន្ថែមថា ទីតាំងចិញ្ចឹមបង្គាមួយកន្លែង ក្នុងឃុំអូរឧកញ៉ាហេង បានរងផលប៉ះពាល់ បណ្ដាលឱ្យបាត់បង់បង្គាគ្រប់ខ្នាតសរុប៧០តោនផងដែរ ៕ (កែសម្រួលដោយ ៖ ធីតា)

ចែករំលែកព័តមាននេះ