តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ត្រៀម​អន្តរាគមន៍​ជួយ​សង្គ្រោះ​ពលរដ្ឋ​ពី​គ្រោះ​ធម្មជាតិ


ខេត្តកំពង់ធំ ៖ ដោយ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​តាម​បទបញ្ជា​របស់​លោក​មេបញ្ជាការ​រង​កងទ័ពជើង​គោក និង​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៤ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​ធ្វើការ​ត្រួតពិនិត្យ​កម្លាំង មធ្យោបាយ និង​គ្រឿង​បំពាក់​ផ្សេង​ៗ​ដើម្បី​ត្រៀម​ចល័ត​អន្តរាគមន៍​ជួយ​សង្គ្រោះ​ប្រជាពល​រដ្ឋ ដែល​រង​គ្រោះ​ដោយ​គ្រោះ​មហន្តរាយ​ផ្សេង​ៗ ពិសេស​គ្រោះ​ទឹកជំនន់ តាម​បទបញ្ជា​របស់​ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ។

ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ កាលពី​រសៀល​ថ្ងៃអាទិត្យ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ នៅ​បញ្ជាការ​ដ្ឋាន​វរ​សេនា​តូច​លេខ​១​នៃ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ស្ថិត​ក្នុងស្រុក​ប្រាសាទ​បល្ល័ង្ក ។

លោក​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ មាន​ប្រសាសន៍​ថា កងទ័ព​ដាច់ខាត​ត្រូវ​គោរព​បទបញ្ជា​របស់​រាជរដ្ឋាភិបាល និង​គោរព បទបញ្ជា​តាម​ឋានានុក្រម​នៃ​កង​យោធពលខេមរភូមិន្ទ​នៅ​គ្រប់​បណ្តា​ថ្នាក់​ឲ្យ​មាន​ប្រសិទ្ធភាព ។

កងទ័ព​ត្រូវ​ស្មោះត្រង់ និង​ការពារ​ដាច់ខាត ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ និង​រាជរដ្ឋា​ភិបាល​ស្របច្បាប់ ។ កងទ័ព​ជា​កូនចៅ​របស់​ប្រជាជន ត្រូវ​បម្រើប្រជាជន​ដោយ​ស្មោះត្រង់ និង​ដោយ​ឥត​លក្ខខណ្ឌ នៅ​គ្រប់​ទីកន្លែង និង​នៅ​គ្រប់ពេលវេលា​ដែល​ប្រជាជន​មានទុក្ខ​លំបាក ។

លោក​ឧត្តមសេនីយ៍ទោ សោម ស៊ុន បាន ក្រើនរំឭក​ដល់​មេបញ្ជាការ​គ្រប់​កងឯកភាព និង​យោធិន​​គ្រប់​រូប ត្រូវ​ត្រៀមលក្ខណៈ​រួច​ជា​ស្រេច​គ្រប់ពេលវេលា និង​មាន​មធ្យោបាយ​គ្រប់គ្រាន់ ដើម្បី​ត្រៀម​ចល័ត​អន្តរាគមន៍​តាម​បទបញ្ជា​ក្នុង​ពេល​ត្រូវការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ដែល​ជួប​គ្រោះ​មហន្តរាយ​ផ្សេង​ៗ ពិសេស​ជំនន់​ទឹកភ្លៀង​នៅ​តាម​បណ្តា​ភូមិសាស្ត្រ​មួយ​ចំនួន ដោយសារ​ពេល​នេះ​ភ្លៀង​កំពុង​ធ្លាក់​ផ្ទួន​ៗ​នៅ​គ្រប់​ទីកន្លែង ។

លោក​វរសេនីយ៍ទោ ថន​ស៊ី សក្ក​ដា មេបញ្ជាការ​កងវរសេនាតូច​លេខ​១​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​ថ្លែងអំណរគុណ​និង​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​អនុវត្ត​ភារកិច្ច​ត្រៀម​ចល័ត​អន្តរាគមន៍​តាម​បទបញ្ជា ក្នុង​ការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ដែល​ជួប​គ្រោះ​ធម្មជាតិ​ផ្សេង​ៗ ពិសេស​គ្រោះ​ទឹក​ជំនន់​ឲ្យ​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ។

បន្ទាប់​មក ថ្នាក់ដឹកនាំ​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​ធ្វើការ​ត្រួតពិនិត្យ​កម្លាំង មធ្យោ​បាយ គ្រឿង​បំពាក់ និង​សម្ភារ​ផ្សេង​ៗ សម្រាប់​ធានា​ក្នុង​ពេល​ចល័ត​អន្តរាគមន៍​បាន​ទាន់​ពេល​វេលា តាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ