ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​អង់គ្លេស​ប្រែប្រួល​ទេ ខណៈ​អឺរ៉ុប​ដក​ផ្នែក​ខ្លះ​នៃ​EBA ពី​កម្ពុជា?​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ខណៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់មុខ​ទំនិញ​ទាំងអស់​លើកលែងតែ​ស​ពា្វ​វុ​ធ​» ហៅ​កាត់​ថា EBA ដែល​អឺរ៉ុប​ផ្ដល់​ជូន​កម្ពុជា​កន្លង​មក​ត្រូវ​បាន​ដក​ផ្នែក​ខ្លះ​នោះ អង់គ្លេស​បាន​ប្ដេជ្ញា​ចិត្ត​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម​បន្ថែម​ទៀត​ជាមួយ​កម្ពុជា ខណៈ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​ឆ្នាំ ២០១៩​បាន​កើនឡើង​ជាង​១​ពាន់​លាន​ដុល្លារ…

​រាជធានី​ភ្នំពេញ​ ៖ ខណៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់មុខ​ទំនិញ​ទាំងអស់​លើកលែងតែ​ស​ពា្វ​វុ​ធ​» ហៅ​កាត់​ថា EBA ដែល​អឺរ៉ុប​ផ្ដល់​ជូន​កម្ពុជា​កន្លង​មក​ត្រូវ​បាន​ដក​ផ្នែក​ខ្លះ​នោះ អង់គ្លេស​បាន​ប្ដេជ្ញា​ចិត្ត​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម​បន្ថែម​ទៀត​ជាមួយ​កម្ពុជា ខណៈ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​ឆ្នាំ ២០១៩​បាន​កើនឡើង​ជាង​១​ពាន់​លាន​ដុល្លារ ។

​ក្នុង​ជំនួប​រវាង លោក Marc Thayre អនុប្រធាន​បេសកកម្ម​នៃ​ស្ថានទូត​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា កាលពីមុន​បុណ្យ​ភ្ជុំ​នេះ លោក​សុខ សុ​ភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​មាន​ប្រសាសន៍​ថា ក្នុង​ឆ្នាំ ២០១៩ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា ដែល​មាន​ជាង​១​ពាន់​លាន​ដុល្លារ ក្នុង​នោះ កម្ពុជា​នាំ​ចេញ​ទៅ​កាន់​ប្រទេស​អង់គ្លេស​មាន​ទំហំ​ទឹកប្រាក់ ៩៧៨​លាន​ដុល្លារ ដែល​ភាគច្រើន​ទៅ​លើ​ផលិតផល​សម្លៀក​បំពាក់ កង់ និង​ស្បែកជើង ។

​លោក​បាន​បង្ហាញ​ជំហរ​របស់​កម្ពុជា​ក្នុង​ការ​គាំទ្រ​ប្រព័ន្ធ​ពហុភាគី​និយម ក្នុង​ពាណិជ្ជកម្ម​អន្តរជាតិ គាំទ្រ​កិច្ច​កំណែទម្រង់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​សំដៅ​ធានា​តម្លាភាព​និង​ភាព​ស្មើរ​គ្នា​រវាង​សមាជិក ព្រមទាំង​ជំរុញ​ប្រទេស​អភិវឌ្ឍន៍ រួម​ទាំង​អង់គ្លេស ឱ្យ​បន្ត​គាំទ្រ​សកម្មភាព​ពាណិជ្ជកម្ម​របស់​ប្រទេស​កំពុង​អភិវឌ្ឍ និង​ប្រទេស​មានការ​អភិវឌ្ឍ​តិចតួច តាម​រយៈ​ការ​ផ្តល់​ប្រព្រឹត្ត​កម្ម​ដោយឡែក​និង​ពិសេស (S&DT) ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម ។

​ក្នុង​ជំនួប​នោះ​ដែរ ភាគី​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​លើ​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​ចក្រភព​អង់គ្លេស​ក្រោយ​ការ​ចាក​ចេញពី​សហភាព​អឺរ៉ុប (Brexit) និង​ដំណើរកា​រវិ​វត្ត​នៃ​ការ​ជ្រើសរើស​អគ្គនាយក​ថ្មី​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដែល​ក្នុង​នោះ​មាន​បេក្ខភាព​មក​ពី​អង់គ្លេស​ផង​ដែរ​។ កម្ពុជា អង់គ្លេស បាន​បង្ហាញ​សុទិដ្ឋិនិយម​លើ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ពិសេស​ក្នុង​វិស័យ​ពាណិជ្ជកម្ម ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច ដែល​បាន​ប៉ះពាល់​ដោយ​មេរោគ​រាតត្បាត​ជាស​កល​កូ​វី​ដ​-១៩ ។

​សូម​រំលឹក​ផង​ដែរ​ថា តាំងពី​មាន​តម្រុយ​នៃ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប​មក កម្ពុជា បាន​ងាក​មក​បង្កើត​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ទ្វេរ​ភាគី ជាមួយ​បណ្ដា​ប្រទេស​ធំ​ៗ​ជា​ច្រើន ក្នុង​នោះ​រួម​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​ចិន បាន​សម្រេចការ​ចរចា​រួចរាល់​និង​រងល់​ចាំ​ថ្ងៃ​ចុះហត្ថលេខា​ចូល​ជា​ធរមាន​ជា​ផ្លូវការ​ប៉ុណ្ណោះ ។​ ក្រៅពី​នោះ កម្ពុជា​ក៏​កំពុង​បើកផ្លូវ​ក្នុង​ការ​ចរចា​ជាមួយ​បណ្ដា​ប្រទេស​ផ្សេង​ទៀត ដូច​ជា​ជប៉ុន កូរ៉េ​ខាងត្បូង ប្រទេស​អង់គ្លេស និង​ប្រទេស​ជា​ច្រើន​ទៀត ដើម្បី​បើកផ្លូវ​ទីផ្សារ​ផលិតផល​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​នៃ​ប្រទេស​ធំ​ៗ​ទាំងនោះ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ