ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង្វាក់បេះដូង​ដើរ​ខុសធម្មតា​ជីវិត​អ្នក​ប្រឈម​នឹង​ហានិភ័យ​អ្វីខ្លះ?

10 ឆ្នាំ មុន

តើ​លោក​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា បេះដូង​របស់​អ្នក​លោត​ខុស​ប្រក្រតី​ដែរ​ឬទេ ? លោក​អ្នកមួយ​ចំនួន​តែងតែ​មានការ​ធ្វេសប្រហែស​ក្នុង​ការ​ចាប់អារម្មណ៍​អំពី​ស្ថានភាព​បេះដូង​របស់​ខ្លួន

តើ​លោក​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា បេះដូង​របស់​អ្នក​លោត​ខុស​ប្រក្រតី​ដែរ​ឬទេ ? លោក​អ្នកមួយ​ចំនួន​តែងតែ​មានការ​ធ្វេសប្រហែស​ក្នុង​ការ​ចាប់អារម្មណ៍​អំពី​ស្ថានភាព​បេះដូង​របស់​ខ្លួន ជា​ពិសេស​នៅ​ពេល​ដែល​បេះដូង​លោត​ខុស​ប្រក្រតី ដោយ​គិត​ថា​វា​ជា​រឿង​ធម្មតា ។ បញ្ហា​ទាំងនេះ​មិនមែន​ជា​រឿង​ធម្មតា​ទេ ហើយ​បើសិនជា​លោក​អ្នក​មិន​ព្រម​មក​ពិនិត្យ និង​ធ្វើការ​ព្យាបាល​ឱ្យ​បាន​ទាន់​ពេលវេលា​ទេ ថ្ងៃ​ណាមួយ​បញ្ហា​នេះ​អាច​នឹង​ធ្វើ​ឱ្យ​មាន​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ ។

ចង្វាក់បេះដូង​ដើរ​ខុសធម្មតា​ឬ​ចង្វាក់បេះដូង​ខុស​ប្រក្រតី (Arrhythmia) គឺជា​ស្ថានភាព​មួយ​កើត​ទ្បើ​ង​នៅ​ពេល​ដែល​បេះដូង​លោត​ខុស​ចង្វាក់​។ វា​អាច​នឹង​លោត​ញាប់​ពេក យឺត​ពេក ឬ​ចង្វាក់បេះដូង​មាន​សភាព​មិន​ទៀងទាត់ ។

មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ចង្វាក់បេះដូង​ខុស​ប្រក្រតី ទោះបីជា​ពួក​គេ​មិន​មាន​រោគ​សញ្ញា​អ្វី​សោះ ។ មាន​អ្នកជំងឺ​ជា​ច្រើន​បាន​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​របស់​ពួក​គេ​ដើម្បី​រក​មើល​រោគ​សញ្ញា​ចង្វាក់បេះដូង​លោត​ខុស​ប្រក្រតី ។

ចំពោះ​រោគ​សញ្ញា​នៃ​ជំងឺ​បេះដូង​លោត​ខុស​ប្រក្រតី​នេះ​មាន​ដូច​ជា​៖
-​ញ័រ​ទ្រូង (​ចង្វាក់បេះដូង​លោត​ញាប់​ពេក​)
-​មាន​ដង្ហើម​ខ្លី
-​ថប់ដង្ហើម
-​ពិបាក​នៅ​ត្រង់​ដើមទ្រូង​ដូច​ជា ឈឺទ្រូង បេះដូង​បុក​ខ្លាំង​ស្ទើរ​ធ្លាយ​ដើមទ្រូង
-​មាន​អារម្មណ៍​ក្តៅ​ក្នុង​ខ្លួន
-​វិលមុខ
-​មាន​ភាព​ធី​ង​ធោ​ង​ក្នុង​ខ្លួន
-​ហេវ​ហត់​អស់កម្លាំង
-​ងងឹតមុខ

មិនមែន​ចង្វាក់បេះដូង​ខុស​ប្រក្រតី​គ្រប់​ប្រភេទ នឹង​អាច​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​នោះ​ទេ ប៉ុន្តែ​លោក​អ្នក​គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​ដែរ ព្រោះ​វា​អាច​បណ្តាល​ឱ្យ​បេះដូង​លោត​ញាប់​ពេក ឬ​យឺត​ពេក​ក្នុង​ការ​បាញ់​ឈាម​ទៅ​កាន់​ទីតាំង​ផ្សេង​ៗ​ទៀត​នៃ​រាង​កាយ ហើយ​បើសិនជា​មិន​បាន​ធ្វើការ​តាមដាន និង​ព្យាបាល​ឱ្យ​បាន​ទាន់​ពេល​ទេ អាច​បណ្តាល​ឱ្យ​កើត​មាន​ជំងឺខ្សោយបេះដូង ដាច់​សរសៃឈាម​ខួរក្បាល ឬ​គាំងបេះដូង​ជាដើម ពេល​នោះ​ជីវិត​អ្នក​នឹង​ប្រឈម​ហានិភ័យ​ខ្ពស់ ៕