ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្កង​ចិញ្ចឹម​តាម​បែប​ធម្មជាតិ ក្នុង​ខេត្ត​នេះ​ក៏​មិនធម្មតា​ដែរ​!

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បង្កង​អូស្ត្រាលី​កំពុង​ត្រូវប៉ាន​ភ្ញាស់​មិន​ទាន់​អ្នកទិញ នេះ​បើ​តាម​ការ​ថ្លែង​របស់​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​បង្កង​មួយ​កន្លែង​ក្នុង​ខេត្ត​ប៉ៃលិន ដែល​លោក​ទើប​ចាប់ផ្តើម​អាជីវកម្ម​នេះ បាន​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​។ លោក បុត្រ ព្រហ្ម​ល​ក្ខ័​ណ ជា​ម្ចាស់​កសិដ្ឋាន…

ខេត្ត​ប៉ៃលិន ៖ បង្កង​អូស្ត្រាលី​កំពុង​ត្រូវប៉ាន​ភ្ញាស់​មិន​ទាន់​អ្នកទិញ នេះ​បើ​តាម​ការ​ថ្លែង​របស់​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​បង្កង​មួយ​កន្លែង​ក្នុង​ខេត្ត​ប៉ៃលិន ដែល​លោក​ទើប​ចាប់ផ្តើម​អាជីវកម្ម​នេះ បាន​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​។

លោក បុត្រ ព្រហ្ម​ល​ក្ខ័​ណ ជា​ម្ចាស់​កសិដ្ឋាន បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន​កោះសន្តិភាព​នៅ​ថ្ងៃ​ទី ១៣ ខែ កញ្ញា ឆ្នាំ ២០២០​នេះ​ថា «​វា​ជា​បង្កង​ពូជ​អូស្ត្រាលី ខ្ញុំ​ចិ​ញ្ជឹ​ម​ដោយ​ប្រើ​ចំណី​បន្លែ ត្រី​តូច​ៗ​ឬ​សាច់​ត្រី​ហ៊ាន់​ឱ្យ​តូច​ៗ និង​ដាក់​ចំណី​បង្កង​នឹង​ខ្លះ​ៗ​ដែរ និង​ការ​ដាក់​អំបិល​ខ្លះ ដោយ​ដាក់​ក្នុង​មួយ​ថ្ងៃ​ពីរ​ដង ព្រឹក​ព្រលឹម និង​ពេល​ល្ងាច​។ ហើយ​អ្វី​ដែល​សំខាន់​នោះ​ត្រូវ​មើល​លើ​ទឹក​ឱ្យ​បាន​ល្អ​»​។

កសិដ្ឋាន​របស់​លោកមា​នទី​តាំង​ក្នុង នៅ​ភូមិ​អូរ​ច្រា សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ដែល​កសិដ្ឋាន​នេះ​លោក​ទើប​ចាប់ផ្តើម​ដំណើរ ការ​ក្នុង​ខែឧសភា ឆ្នាំ​២០២០ ដោយ​លោក​បាន​ប្រើប្រាស់​ដើមទុន ជាង៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​មាន​ចំណាយ​ទៅ​លើ​មេបារ​របស់​បង្កង​អស់​ជាង៤០០០ ដុល្លារ​អា​មេ​រិ​ក និង​ការ​ចំណាយ​ទៅ​លើ​សំភារៈ​នានា និង​ជាដើម​។ ហើយ​បច្ចុប្បន្ន​មាន​អាង​ចិញ្ចឹម​ទាំង​តូច និង​ធំ​ចំនួន ២៨​អាង មានពូជ​ញី និង​ឈ្មោល​ចំនួន ១០០០​គូ និង​កូន​ចំនួន ៥០០០​ក្បាល ក្នុង​នោះ​កូន​បង្កង​លោក​លក់​ក្នុង​តម្លៃ១៥០០​ទៅ​ ២០០០​រៀល​ក្នុង​​ក្បាល រីឯ​បង្កង​សម្រាប់​បរិភោគ លោក​លក់​៣០​ដុល្លារ​​ក្នុង​១​គីឡូ​​ក្រាម ប៉ុន្តែ​លោក​ថា​មិន​មានការ​លក់​សម្រាប់​បរិភោគ​នេះ ជា​លក្ខណៈ​ធំដុំ​នោះ​ទេ​។

ម្ចាស់​កសិដ្ឋាន មាន​វ័យ៤៤​ឆ្នាំ​រូប​នេះ បាន​បន្ត​ថា «​ខ្ញុំ​ធ្លាប់​ជួប​ឧបសគ្គ​ម្តង​ដែរ ដោយ​មិន​ទាន់​មានបទពិសោធន៍​ច្រើន ក៏​បាន​ជួប​បញ្ហា ងាប់​កូន​ៗ​បង្កង​ជា​ច្រើន ដែល​ស្មើ​ទឹក​ប្រាប់ ២០០០​ដុល្លារ​អា​មេ​រិ​ក​។ ដោយសារ​ខ្ញុំ​មិន​ទាន់​ចេះ​មើល​ថា កូន​មាន​ជំងឺ​ឬ​អត់ ហើយ​ឈ្មួញ​ខ្លះ​រាប់​មក​ឱ្យ​អា​ងាប់​ៗ​ទៀត ចឹ​ង​យើង​ត្រូវ​បង់លុយ​ទាំង​កូន​ងាប់​នឹង​ទៀត​។

មួយវិញទៀត ទាក់ទង​អាកាសធាតុ​ប្រហែល​វា​ឆ្លង​ប្រទេស ដោយ​ខ្លះមក​ពី​វៀតណាម និង​ប្រទេស​ថៃ​ខ្លះ ដូចនេះ​ការ​ចិញ្ចឹម​បែប​បំប៉ន​ច្រើន ការ​ប្រើ​ថ្នាំ​សម្រាប់​ឱ្យ​ឆាប់​ជាដើម​នឹង ដល់​ពេល​ខ្ញុំ​យក​មក​ចិញ្ចឹម​បែប​ធម្មជាតិ​វិញ​វា​មិន​សាំង ចឹ​ង​ហើយ​បានកូន​ទាំងនោះ​ងាប់​អស់ កត្តា​អស់​នឹង​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ជួប​បញ្ហា​ម្តង​។ ដូចនេះ​ពេល​ខ្ញុំ​លក់​កូន​បង្កង ខ្ញុំ​អត់​លក់​បែប​នឹង​ទេ​ទៅ​ឱ្យ​ប្រជាជន​យើង​។ យើង​ទាល់​កូន​ទាំងនោះ មាន​អាយុ​១​ខែ​ទើប​ខ្ញុំ​លក់​ឱ្យ​ប្រជាជន​»​។

លោក​បន្ត​ថា «​ក្រោយមក ខ្ញុំ​មិន​ប​ញ្ឍ​ប់​នោះ​ទេ ខ្ញុំ​ខំប្រឹង​ថា​ធ្វើ​វា​ឱ្យ​បាន ហើយ​ព្យាយាម​រៀន បទ​ពិសោធន៍​ផ្សេង​ៗ ពី​អ្នក​មុន​ៗ និង​រៀន​ខ្លួនឯង​ខ្លះ​ក្នុង Youtube ជាដើម​។ ហើយ​បច្ចុប្បន្ន​ក៏​ទាន់​មាន​អ្វី​ជា​ជោគជ័យ​ខ្លាំង​នោះ​ទេ ប៉ុន្តែ​អាច​លក់​កូន​បង្កង​បាន​ច្រើន​ពាន់​ក្បាល​ក្នុង​មួយ​ថ្ងៃ​ៗ​។ លោក​ថា លោក​អាច​លក់​បាន​១​ម៉ឺន​ក្បាល​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​លោក​ទុក​ចិញ្ចឹម​យក​សាច់​ខ្លះ​ផង​ដែរ ដែល​មាន​អ្នក​មក​ទិញ​ច្រើន​។

បើ​ទោះបីជា​ការ​ប្រើប្រាស់​ដើមទុន​អស់​ច្រើន ហើយ​មិន​ទាន់​បាន​តំលៃ​ស្មើរ​ដើម​មក​វិញ​ក្តី ក៏​លោកបុត្រ ព្រហ្ម​ល​ក្ខ័​ណ នៅ​តែ​មាន​ទិស​ដៅ​ចង់​ពង្រីក​ឲ្យ​បាន ៣០ អាង និង​ស្រះ​ចំនួន ៤​ទៀត​លើ​ផ្ទៃដី ២០​ហិតា ដើម្បី​បង្កើន​បរិមាណ​បង្កង​សាច់​ផ្គត់​ផ្គង​ឱ្យ​ទីផ្សារ​»​។

ថ្មី​ៗ​នេះ លោកបុត្រ ព្រហ្ម​ល​ក្ខ័​ណ ក៏​ត្រូវ​បាន​កោតសរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​នេះ ពី​លោក​រដ្ឋមន្ត្រី​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ដោយ​លោក​រដ្ឋមន្ត្រី​បាន​ចុះ​ពិនិត្យ​ផ្ទាល់ ក្នុង​កសិដ្ឋាន​របស់​លោកបុត្រ ព្រហ្ម​ល​ក្ខ័​ណ ។ ក្នុង​ជំនួប​រវាង លោក​និង​លោក​រដ្ឋមន្ត្រី លោក បុត្រ ព្រហ្ម​ល​ក្ខ័​ណ បាន​សំណូមពរ​ដល់​លោក​រដ្ឋមន្ត្រី ឱ្យ​ជួយ​ផ្នែក​បច្ចេកទេស និង​កម្ចី​ឥណទាន​ការ​ប្រាក់​ទាប​ផង​ដែរ​។

ឆ្លើយ​តប​នឹង​ការ​សំណូមពរ លោក​រដ្ឋមន្ត្រី វេ​ង សា​ខុន បានឱ្យ​ដឹង​ថា នេះ​ជា​ការ​ចាប់ផ្តើម​ចិញ្ចឹម​បង្កង​បែប​ធម្មជាតិ​ដែល​បាន​បង្ហាញ​ថា ជា​ការ​ចូលរួម​ជំរុញ​វិស័យ​វារីវប្បកម្ម​ឲ្យ​មានការ​រីក ចម្រើន​ក្នុង​ខេត្ត​ប៉ៃលិន​។ ការ​ផ្តល់​ចំណេះដឹង​ផ្នែក​បច្ចេកទេស និង​បទ​ពិសោធន៍ រដ្ឋបាល​ជលផល និង​មន្ទីរ​គួរ​ផ្តល់​ជូន​តាម​សំណើរ ដើម្បី​ស្វែងរក​រីក​ចម្រើន និង​បន្ត​ពង្រីក​​អាជីវកម្ម​ចិញ្ចឹម​បង្កង ឲ្យ​មានការ​រីក​ដុះដាល​ប្រកបដោយ​និរន្តរភាព ចូលរួម​ធានា​បរិមាណ​ផ្គត់ផ្គង់​បង្កង​ឲ្យ​ទីផ្សារ ក្នុងស្រុក​ដែល​កំពុង​ពេញ​និយម​នា​ពេល​បច្ចុប្បន្ន​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ