ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​កូន​ក្រពើ​ត្រី​ទើបនឹង​ញាស់​ចំនួន​១៥​ក្បាល​នៅ​ក្នុង​បឹង​ធម្មជាតិ

3 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២០ អង្គការ WCS បាន​ចែកចាយ​រូបភាព និង​វី​ដេ​អូ​បង្ហាញ​អំពី​កូន​ក្រពើ​ត្រី​(Siamese crocodile)​ដែល​ជា​ប្រភេទ​ជិត​ផុត​ពូជ​បំផុត​ក្នុង​ចំណោម​ប្រភេទ​សត្វ​ក្រពើ​ជិត​ផុត​ពូជ​បំផុត​ដទៃ​ទៀត​នៅ​លើ​ពិភពលោក…

ខេត្តកោះកុង ៖ ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២០ អង្គការ WCS បាន​ចែកចាយ​រូបភាព និង​វី​ដេ​អូ​បង្ហាញ​អំពី​កូន​ក្រពើ​ត្រី​(Siamese crocodile)​ដែល​ជា​ប្រភេទ​ជិត​ផុត​ពូជ​បំផុត​ក្នុង​ចំណោម​ប្រភេទ​សត្វ​ក្រពើ​ជិត​ផុត​ពូជ​បំផុត​ដទៃ​ទៀត​នៅ​លើ​ពិភពលោក កំពុង​ហែល​នៅ​ក្នុង​បឹង​ធម្មជាតិ​មួយ ស្ថិត​ក្នុងស្រុក​ស្រែអំបិល ខេត្តកោះកុង​។

រូបភាព​ទាំងនេះ​ថត​បាន​ដោយ​ក្រុម​ការពារ​សំបុក​ក្រពើ​ត្រី​នៃ​អង្គការ WCS ក្នុង​កំឡុង​ពេល​ចុះ​ល្បាត​សហការ​ជាមួយ​រដ្ឋបាល​ជលផល និង​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកោះកុង ។ ក្រុមការងារ​ខាងលើ​បាន​ប្រទះ​ឃើញ​កូន​ក្រពើ​ត្រី​ចំនួន​១៥​ក្បាល ដែល​កូន​ក្រពើ​នីមួយ​ៗ​មាន​ប្រវែង​ប្រហែល ៣០​សង់ទីម៉ែត្រ កំពុង​ហែល​នៅ​ក្នុង​បឹង​ធម្មជាតិ​ក្នុង​តំបន់ដីសើម​ដែល​ជាទី​ជម្រក​ដ៏​សំខាន់​មួយ​របស់​ក្រពើ​ប្រភេទ​នេះ​។

ក្រុមការងារ​បាន​កត់សម្គាល់​ឃើញ​ថា ដោយសារ​ក្នុងឆ្នាំនេះ​មាន​ភ្លៀង​ធ្លាក់​តិច​បឹង​នៅ​ក្នុង​តំបន់ ដី​សើម​នេះ​កាន់តែ​រាក់​ទៅ​ៗ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់ទី​ជម្រក​របស់​វា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ ។ ក្រពើ​ត្រី​ត្រូវ​បាន​កត់ត្រា​ចូល​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​ជិត​ផុត​ពូជ​បំផុត​នៅ​លើ​ពិភពលោក ។

អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​វត្តមាន​របស់​វា​នៅ​ទូ​ទាំង​តំបន់​អាស៊ី​អាគ្នេយ៍ ក៏​ប៉ុន្តែ​បច្ចុប្បន្ន វត្តមាន​របស់​ក្រពើ​ប្រភេទ​នេះ​ស្ទើរតែ​ផុត​ពូជ​នៅ​ក្នុង​ប្រទេស​វៀតណាម និង​ថៃ និង​មាននៅ​សេសសល់​តិចតួច​ក្នុង​ប្រទេស​ឡាវ និង​ឥណ្ឌូ​នេ​ស៊ី ។

តាម​ការ​សិក្សា​ស្រាវជ្រាវ​កន្លង​មក វត្តមាន​ប្រភេទ​នេះ​ប្រហែលជា ៥.០០០​ក្បាល នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ចាត់​ទុក​ថា ជា​ចំនួន​មួយ​ច្រើន​ជាង​ប្រទេស​ដទៃ​ទៀត ។ ក្រពើ​ត្រី​កំពុង​ប្រឈម​ទៅ​នឹង​កត្តា​គំរាមកំហែង​ជា​ច្រើន​ដូច​ជា ការ​បាត់បង់​ទីជម្រក និង​ការ​ប្រមាញ់​ខុសច្បាប់ លើ ក្រពើ ជំទង់ និង​ការ​ប្រមូល​យក​កូន​តូច និង​ពង​របស់​វា​ទៅ​លក់​ឱ្យ​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​នៅ​ក្នុង​ប្រទេស កម្ពុជា វៀតណាម និង​ថៃ ។

អង្គការ WCS បាន និង​កំពុង​អនុវត្ត​កម្មវិធី​អភិរក្ស​មួយ​ចំនួន ដើម្បី​ការពារ​ប្រភេទ​នេះ​កុំឱ្យ​ផុត​ពូជ ។ គម្រោង បាន​ដាក់​បញ្ចូល​ក្រុម​អតីត​អ្នកប្រមាញ់​ដើម្បី​ចូលរួម​ស្វែងរក និង​ការពារ​សំបុក​នៅ​ក្នុង​ធម្មជាតិ ។ តាម​រយៈ​ការ អនុវត្ត​ច្បាប់​ក្រុម​ល្បាត​ចម្រុះ​ដែល​រួម​មាន​មន្ត្រី​រដ្ឋបាល​ជលផល និង​សមាជិក​សហគមន៍​មូលដ្ឋាន​បាន​ចុះ​ប្រមូល​យក​ឧបករណ៍​នេសាទ​ខុសច្បាប់​ដែល​អាច​ទាក់​ជាប់​សត្វ​ក្រពើ​ត្រី និង​ទប់ស្កាត់​ការ​បំផ្លាញ​ទីជម្រក​របស់​វា ។

ដោយ​ការ​អប់រំ និង​ផ្សព្វផ្សាយ​លើកកម្ពស់​ការ​យល់​ដឹង​នៅ​ក្នុង​សហគមន៍​មូលដ្ឋាន​អំពី​ការ​អភិរក្ស​ប្រភេទ​នេះ​ជា​ការងារ​សំខាន់ ដូច្នេះ​គម្រោង​ស្នើ​សុំ​ឱ្យ​មានការ​ចូលរួម​យ៉ាង​សកម្ម​ពី​សហគមន៍​មូលដ្ឋាន​ដើម្បី​ឈាន​ទៅ សម្រេច​ផែនការ​សកម្មភាព​អាទិភាព​មួយ​ចំនួន​មាន​ដូច​ជា ការ​បង្កើន​ជីវភាព​សហគមន៍​តាម​រយៈ​ជំនួយ បច្ចេកទេស វារីវប្បកម្ម និង​ដើម្បី​ធានា​ថា​ពួក​គាត់​មិន​ធ្វើ​សកម្មភាព​នេសាទ​ខុសច្បាប់​ចូល​ទៅ​ក្នុង​តំបន់ដីសើម ដែល​ជាទី​ជម្រក​របស់​ក្រពើ​ត្រី​នោះ​ទេ​។

សកម្មភាព​អភិរក្ស​មួយទៀត​គឺ​ការយ​កកូន​ក្រពើ​ទៅ​ចិញ្ចឹម​ថែទាំ​ឱ្យ​ធំ មុន​យក​ទៅ​លែង​ក្នុង​ធម្មជាតិ​នឹង​ជួយ​ធ្វើ​ឱ្យ​ចំនួន​ក្រពើ​ត្រី​នៅ​ក្នុង​ធម្មជាតិ​កើនឡើង​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ