ខេត្តស្វាយរៀង ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាប្រធានក្រុមការងារចំពោះកិច្ចបានមានប្រសាសន៍ថា ទោះបីស្ថានភាពពិភពលោកមានផ្ទុះជំងឺកូវីដ-១៩ ក៏ដោយ ព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដឹកនាំប្រកបដោយគតិបណ្ឌិត បានដឹកនាំឲ្យមានសុខសន្តិភាព មានការអភិវឌ្ឍន៍ជាតិ សេដ្ឋកិច្ចរីកចម្រើន។

ជាពិសេសការអភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ដែលជាសសៃឈាមសេដ្ឋកិច្ចបានជោគជ័យសហការល្អជាមួយអ្នកវិនិយោគ មានទំនុកចិត្តលើរាជរដ្ឋាភិបាលគឺបានចុះកិច្ចព្រមព្រៀងលើគម្រោងសាងសង់ផ្លូវល្បឿនលឿន ពីភ្នំពេញទៅប៉ោយប៉ែតខេត្តបន្ទាយមានជ័យ, ពីភ្នំពេញទៅខេត្តព្រះសីហនុ, ពីភ្នំពេញ មកក្រុងបាវិតខេត្តស្វាយរៀង, ពីភ្នំពេញទៅខេត្តក្រចេះ ហើយយើងកំពុងដាក់គម្រោងសាងសង់ផ្លូវរថភ្លើងអាស៊ានពីរាជធានីភ្នំពេញមកក្រុងបាវិត តភ្ជាប់ទៅទីក្រុងហូជីមិញប្រទេសវៀតណាមផងដែរ លោកសូមអគុណសន្តិភាព។

លោក ស៊ុន ចាន់ថុល មានប្រសាសន៍បែបនេះក្នុងកិច្ចប្រជុំពិនិត្យដោះស្រាយបញ្ហាប្រឈមនានានៅអគារច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្លិ៍ឃុំថ្មីស្រុកកំពង់រោទិ៍នាព្រឹកថ្ងៃទី១០ កញ្ញា ២០២០ ដោយមានលោក ម៉ែន វិបុល អភិបាលខេត្តគណៈប្រតិភូរាជរដ្ឋាភិបាល ក្រសួងមន្ទីរ ស្ថាបន័គយ និងរដ្ឋាករ នគរបាលអន្តោប្រវេសន៍តំណាងវិស័យឯកជនសរុបជាង១០០នាក់។ លោកប្រធានស្នាក់ការគយ និងរដ្ឋាករខេត្តស្វាយរៀងបានមានប្រសាសន៍ថា ស្ថានភាពការប្រមូលពន្ធនៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍កន្លងមកមានចរាចរណ៍ទំនិញតិចតួច។

ដោយសារកត្តាផ្លូវមានការលំបាកទើបនៅឆ្នាំ២០១៩ បានសាងសង់ផ្លូវរួចមានការកើនឡើងជាពិសេសនៅឆ្នាំ២០២០នេះ ទោះបីមានកូវីដ-១៩ ក៏ដោយគឺការចរាចរណ៍ទំនិញនាំចូល(ផ្គត់ផ្គង់រោងចក្រ និងទីផ្សារមានបន្ទះស្នោ កញ្ចក់ ដែក ក្នុង១ខែជា១០០គ្រឿង) នាំចេញមានការកើនឡើង សត្វជ្រូកពីប្រទេសថៃឆ្លងកាត់ទៅប្រទេសវៀតណាមក្នុង១ខែ ៨៦គ្រឿងក្នុងមួយខែ(១គ្រឿង២៥០ក្បាលទៅ៣០០ក្បាល)។ ក្រណាត់ក្នុង១ខែ៧០គ្រឿងកុងតឺន័ររយៈពេល៨ខែស្មើ៥៦០កុងតឺន័រ។

ដូច្នេះបញ្ហាប្រឈម គឺខ្វះផែស្ងួតផ្ទេរទំនិញ មិនទាន់មានបំពាក់ម៉ាស៊ីនស្គែន ផ្លូវតូចចង្អៀតធ្វើឲ្យកកស្ទះ។ ហើយចាប់ពីខែកញ្ញា២០២០នេះទៅ អាចមានក្រុមហ៊ុននាំទំនិញមកតាមច្រកទ្វារអន្តរជាតិព្រៃវល្លិ៍នេះច្រើនដូច្នេះត្រូវការម៉ាស៊ីនស្គែនន័រចាំបាច់ដោយបច្ចុប្បន្ននៅច្រកទ្វារអន្តរជាតិបាវ៉ិត-ម៉ុកបាយ គឺមានការកកស្ទះកន្លែងដោះដូរទំនិញ និងធ្វើឲ្យស្ទះចរាចរណ៍រាល់ថ្ងៃដោយមានរថយន្តដឹកទំនិញក្រុមហ៊ុនមួយចំនួនខ្វះឯកសារត្រូវការពិនិត្យបែបបទ និងពិនិត្យកាត់ស៊ឿ ទំនិញឆ្លងកាត់មកពីប្រទេសវៀតណាមចូលមកកម្ពុជា។

បើតាមលោក ម៉ែន វិបុល អភិបាលខេត្តមានប្រសាសន៍ថា ខេត្តស្វាយរៀង ចាប់តាំងពីមានកូវីដ-១៩មក គឺបានបិទការធ្វើចរាចរណ៍មនុស្ស និងទំនិញតាមច្រកទ្វារតំបន់ច្រករបៀងនានាក្នុងខេត្តហើយរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យបើកទ្វារព្រំដែនអន្តរជាតិ២គឺច្រកអន្តរជាតិបាវ៉ិតម៉ុកបាយ ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ និងច្រកទ្វេភាគីបុសមន ដើម្បីផ្លាស់ប្តូរទំនិញពីប្រទេសកម្ពុជា និងប្រទេសវៀតណាមដែលអាចផ្លាស់ប្តូរទំនិញសម្រាប់ផ្គត់ផ្គង់ទីផ្សារ និងរោងចក្រសហគ្រាសបានរលូន។

លោកស៊ុន ចាន់ថុល ប្រធានក្រុមការងារចំពោះកិច្ចក្នុងការពិនិត្យដោញស្រាយបញ្ហាប្រឈមនានានៅអគារច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍បានមានប្រសាសន៍ថា លោកនឹងធ្វើរបាយការណ៍ជូនសម្តេចតេជោ ដើម្បីសុំអនុញ្ញាតអញ្ជើញសម្តេច ជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់អគារច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្លិ៍ជាផ្លូវការ ដើម្បីឲ្យក្រុមហ៊ុនវិនិយោគ នាំទំនិញមកតាមច្រកទ្វារព្រំដែនព្រៃវល្លិ៍នេះ៕ ដោយ ៖ វ៉ាន់ប៊ុនធឿន





ចែករំលែកព័តមាននេះ