ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំ​ប្រាំពីរ​មាន​រូង​ល្អាង​រាប់រយ​ចូល​មើល​មិន​អស់ និង​អាច​វង្វេង​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាតដំបង ៖ ល្អាង​ភ្នំ​ប្រាំពីរ ជា​អតីត​តំបន់​អភិរក្ស​រនាម​ដូន​សំ បន្ទាប់​ពី​បាន​បញ្ចប់សង្គ្រាម​ដ៏​ក្តៅ​គគុក​រួច​មក ។ ល្អាង​នេះ​ស្ថិត​នៅ​ភូមិ​ភ្នំ​ប្រាំពីរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​ជាប់​ព្រំ​ប្រទល់​ស្រុក​សំពៅ​លូន​តាម​បណ្តោយ​ផ្លូវ​ក្រាល​កៅស៊ូ​ចេញពី​ស្រុក​ប​វេ​ល​ទៅ​ស្រុក​សំពៅ​លូន​ឆ្ពោះទៅ​ព្រំដែន​នៃ​ប្រទេស​ថៃ…

ខេត្តបាតដំបង ៖ ល្អាង​ភ្នំ​ប្រាំពីរ ជា​អតីត​តំបន់​អភិរក្ស​រនាម​ដូន​សំ បន្ទាប់​ពី​បាន​បញ្ចប់សង្គ្រាម​ដ៏​ក្តៅ​គគុក​រួច​មក ។ ល្អាង​នេះ​ស្ថិត​នៅ​ភូមិ​ភ្នំ​ប្រាំពីរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​ជាប់​ព្រំ​ប្រទល់​ស្រុក​សំពៅ​លូន​តាម​បណ្តោយ​ផ្លូវ​ក្រាល​កៅស៊ូ​ចេញពី​ស្រុក​ប​វេ​ល​ទៅ​ស្រុក​សំពៅ​លូន​ឆ្ពោះទៅ​ព្រំដែន​នៃ​ប្រទេស​ថៃ ។

នៅ​មាត់​ផ្លូវ​ចូល​ពីមុខ​មាន​រូបសំណាក​ដូន​សំ ដែល​ជា​តំណាង​ម្ចាស់​ទឹក​ម្ចាស់​ដី​នៅ​ទីនោះ និង​មុខ​ល្អាង​មាន​រូប​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ តំណាង​បុព្វបុរស​ខ្មែរ ។ មាត់​ចូល​ក្នុង​ល្អាង​ជា​រៀងរាល់ថ្ងៃ​មាន​លោកតា​វ័យ​ចំណាស់​២​នាក់​រង់ចាំ​ទទួល​ស្វាគមន៍​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​គឺ​លោក​មិច សាត អាយុ​៧៥​ឆ្នាំ ជា​អ្នក​ណែនាំ និង​មើល​ជោគជតារាសី​ចាក់​គម្ពីរ​នៅ​មាត់​ល្អាង និង​លោក​អួន គឹ​ម​ស៊ុន អាយុ​៦៨​ឆ្នាំ ជា​អ្នក​ណែនាំ​ភ្ញៀវ​ចូល​ក្នុង​ល្អាង ព្រោះ​លោក​ទាំង​២​នាក់​នេះ​បានដឹង ស្គាល់​សព្វគ្រប់​ទាំងអស់​ក្នុង​ល្អាង​ណា​មាន​អ្វីខ្លះ ។ ការ​ដែល​មក​ទទួលខុសត្រូវ​នេះ​គឺ​មានការ​ស្នើ​សុំ​ពី​គណៈកម្មការ​វត្ត​ភ្នំ​ប្រាំពីរ និង​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ​ដែល​បាន​មើលឃើញ​ថា​គាត់​អាច​ធ្វើ​បាន។

លោកតា​ទាំង​ពីរ​នាក់​បញ្ជាក់​ថា ពី​មុនទី​នេះ​នៅ​ក្នុង​បរិវេណ​ជាមួយ​វត្ត​អារាម តែ​បាន​បែងចែក​កុំ​ឲ្យ​មាន​ភាព​ច្របូកច្របល់​ព្រោះ​ទីធ្លា​មាន​កន្លែង​ទូលាយ​ដែល​វត្ត​អារាម​ភ្នំ​ប្រាំពីរ​មាន​ចម្ងាយ​ពី​មាត់​ល្អាង​ភ្នំ​ប្រាំពីរ​ប្រមាណ​៥០០​ម៉ែត្រ​ប៉ុណ្ណោះ ហើយ​មាន​ផ្លូវ​ចូល​២​ផ្លូវ​តាម​វត្ត​ក៏​បាន និង​មាន​ផ្លូវ​ថ្មី​មួយទៀត​ចុះ​ពី​ថ្នល់​កៅស៊ូ​ប្រហែល​១០០​ម៉ែត្រ​ប៉ុណ្ណោះ​ដល់​មាត់​ល្អាង ។ មានការ​រៀបចំ​ធ្វើ​ជា​សួន​កម្សាន្ត​នៅ​ជើងភ្នំ​ប្រាំពីរ ដូច្នេះ​ហើយ​រាល់ពេល​បុណ្យ​ទាន ម្តង​ៗ តែងតែមាន​ភ្ញៀវ​វេចបាយ​កញ្ចប់​ទទួលទាន​ជួបជុំ​គ្នា​នៅ​ជើងភ្នំ​មាត់​ល្អាង​នេះ ។

លោកតា​បាន​បន្ថែម​ទៀត​ថា រមណីយដ្ឋាន​ធម្មជាតិ​ល្អាង​ភ្នំ​ប្រាំពីរ ស្វាគមន៍​ដំណើរ​កម្សាន្ត​របស់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទាំងអស់​ទៅ​លេង​កម្សាន្ត ហើយ​សហគមន៍​កំពុង​រៀបចំ​សួនផ្កា អាង​លេង​ទឹក​បន្ថែម ដើម្បី​អភិវឌ្ឍ​រមណីយដ្ឋាន​ឲ្យ​មាន​ភាព​ស្រស់​ស្អាត​ថែម​ទៀត​តាម​តម្រូវការ​នៃ​កំណើន​ភ្ញៀវ​ដែល​មាន​ជា​រៀងរាល់ថ្ងៃ សំខាន់​ថ្ងៃ​សម្រាក និង​ថ្ងៃ​បុណ្យ​គឺ​មាន​ភ្ញៀវ​ច្រើន​ដែល​សំខាន់​ចង់​ចូល​ទៅ​បាន​ស្គាល់​ក្នុង​រូង​នៃ​ល្អាង​ទាំងនោះ ។

លោកតា​បាន​ប្រាប់​អំពី​រូង​ក្នុង​ល្អាង​ភ្នំ​នោះ​មាន​រាប់រយ​កន្លែង ដែល​គេ​ហៅ​ថា​ល្អាង​មួយ​រយ ហើយ​បើ​ដើរ​ចូល​ទៅ​ក្នុង​នោះ​មើល​មិន​ចេះ​អស់ ។ បើ​ចង់​ដឹង​អស់​ទាល់តែ​ប្រើ​ពេល​៣ ឬ​៤​ថ្ងៃ​ទៅ​១​អាទិត្យ​ចូល​ទៅ​ក្នុង​រូង​ល្អាង​ភ្នំ​នោះ​ទើប​អស់ ហើយ​ក៏​នៅ​មិន​ទាន់​ដឹង​ថា តើ​ត្រូវ​ចេញ ឬ​ចូល​តាម​រូង​ផ្លូវ​មួយ​ណា​ច្បាស់លាស់​នៅឡើយ គឺ​ងាយ​វង្វេង​នៅ​ក្នុង​ល្អាង​ទាំងនោះ​ណាស់ ព្រោះ​ល្អាង​ច្រើន​ពេល​មាន​ជុំវិញ​ខ្លួន​ទាំងអស់ ហើយ​ងងឹត​ទៀត ដោយ​មាន​កន្លែង​ខ្លះ​អាច​មាន​ប្រឡោះ​ពន្លឺ​ពី​ខាងលើ​មក​តិចតួច​បំផុត និង​មាន​ខ្យល់​ត្រជាក់​ៗ​តាម​ទីកន្លែង​។

ក្នុង​ល្អាង​ទាំងនោះ​មាន​ផ្លូវ​ចូល​តូច​ធំ ឡើង​ចុះ​ខ្ពស់​ទាប​ខុស​ៗ​គ្នា ដែល​មាន​កន្លែង​ខ្លះ​ត្រូវ​លូន ឬ​ឱន ទើប​ចូល​ទៅ​រួច ហើយ​ទៅ​ដល់​ខាងក្នុង​នោះ​យើង​ឃើញ​មាន​ក្បាច់ចម្លាក់ ប្លែក​ៗ​តាម​ទម្រង់​នៃ​ប្រ​វ​តិ្ត​រឿង​នៃ​ព្រះពុទ្ធ និង​រូបសំណាក​ដូច​ជា​ល្អាង​នាគ ស​ទម្លាក់​ទឹក ព្រោះ​មាន​រូប​ជា​សត្វ​នាគ ដែល​មានទឹក​ស្រក់​ហូរ​តាម​ចន្លោះ​ថ្ម​នោះ​មក​មិន​ចេះ​អស់ទាំង​ប្រាំង និង​វស្សា ។

ចំពោះ​ល្អាង​ដែល​ជិត​ងាយ​ទៅ​ដល់​នោះ​គឺ​ល្អាង​ដំរី ស​ក្បាល​៣,​ល្អាង​មាស​ពេជ្រ​, ល្អាង​ក្រពើ​, ល្អាង​ខ្ទីង​, ល្អាង​ផ្កាឈូក​, ល្អា​ឥន្ទ្រី​បាក់​ស្លាប​, ល្អាង​ដោះ​ក្រមុំ​, ល្អាង​លាក់​ទូក​…​។

លោកតា​ទាំង​ពីរ​បាន​បញ្ជាក់​អំពី​ការ​ប្រចាំការ​ទទួលភ្ញៀវ និង​ថែទាំ គឺ​តម្រូវ​ទៅ​តាម​ការ​ណែនាំ​របស់​មន្ទីរ​បរិស្ថាន និង​ជួយ​ជំរុញ​ពី​មន្ទីរ​ទេសចរណ៍ ដោក​ផ្តោត​លើ​អនាម័យ និង​ការពារ​កុំ​ឲ្យ​មាន​រោគ​ឆ្លង​កូ​វី​ដ​-១៩​ដែល​កំពុង​មាន ព្រមទាំង​សណ្តាប់ធ្នាប់​នៅ​ជើងភ្នំ​សម្រាប់​កម្សាន្ត​សប្បាយ​ទាំងអស់​គ្នា​ប្រកបដោយ​ក្តី​សប្បាយ​រីករាយ ។

ល្អាង​ភ្នំ​ប្រាំពីរ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា ចេញ​អនុក្រឹត្យ​បង្កើត​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​កាលពី​នៅ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២០ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ