ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះ​កម្ពុជា​នឹង​មិន​បាក់មុខ​ក្នុង​ព្រឹត្តិ​ការណ៍​​កីឡា​សុ​ី​ហ្គេ​ម​2023​ទេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ថា កម្ពុជា​អាច​នឹង​បាក់មុខ​ពី​ការ​ទទួល​បាន​​មេ​ដាយ​​តិច ឬ​បាន​ត្រឹម​បើកទ្វារ​ឱ្យ​បណ្ដា​ប្រទេស​អាស៊ាន​ប្រជែង​គ្នា​យក​មេដាយ​ក្នុង​ព្រឹត្តិ​ការណ៍​​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ។ ប៉ុន្តែ​ផ្ទុយ​ពី​ការ​គិត​នេះ…

រាជធានី​ភ្នំពេញ ៖ មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ថា កម្ពុជា​អាច​នឹង​បាក់មុខ​ពី​ការ​ទទួល​បាន​​មេ​ដាយ​​តិច ឬ​បាន​ត្រឹម​បើកទ្វារ​ឱ្យ​បណ្ដា​ប្រទេស​អាស៊ាន​ប្រជែង​គ្នា​យក​មេដាយ​ក្នុង​ព្រឹត្តិ​ការណ៍​​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ។ ប៉ុន្តែ​ផ្ទុយ​ពី​ការ​គិត​នេះ លោក វ៉ា​ត់ ចំរើន បាន​បង្ហាញ​ពី​ជំនឿ​ចិត្ត​ថា កម្ពុជា​នឹង​មានឱកាស​ទទួល​បាន​មេដាយ​ពី​ការ​ប្រកួត​កីឡា​គ្រប់​ប្រភេទ​មិន​អន់​ឡើយ ផ្អែក​តាម​សក្ដានុពល​ដែល​កម្ពុជា​ក៏​មានការ​បោះ​ជំហាន​ទៅ​មុខ​លើ​គ្រប់​វិស័យ​កីឡា​។

លោក​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​កីឡា​ស៊ី​ហ្គេ​ម​នៅ​កម្ពុជា​(CAMSOC) វ៉ា​ត់ ចំរើន បាន​គូសបញ្ជាក់​ថា កម្ពុជា​មិន​អាច​ទទួល​បាន​មេដាយ​តិច​ពេក ឬ​បើក​ទីលាន​ឱ្យ​បរទេស​ប្រជែង​គ្នា ហើយ​កម្ពុជា​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ បែរជា​ក្លាយជា​ភាគី​ឈរ​អបអរ ឬ ទះដៃ​ឱ្យ​បរទេស​នោះ​ទេ សម្រាប់​ការ​រៀបចំ​ការ​ប្រកួត​នៅ​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​លើក​ដំបូង ។ ថ្វី​ដ្បិត​កម្ពុជា​មិន​រំពឹង​ថា​នឹង​ទទួល​បាន​មេដាយ​ឈានមុខ​ដូច​គ្នា​នឹង​ប្រទេស​មួយ​ចំនួន​ដែល​ធ្វើ​ជា​ម្ចាស់ផ្ទះ​កន្លង​មក តែ​លោក​ថា​មេដាយមាស​របស់​កម្ពុជា ក្នុង​នាម​ជា​ម្ចាស់ផ្ទះ នឹង​អាច​ឈាន​ឡើង​ខុស​ពី​ពេល​ទៅ​ប្រកួត​ក្នុង​ប្រទេស​គេ ពោល​គឺ​លទ្ធផល​នឹង​អាច​ទទួលយក​បាន ។

លោក​ថា កម្ពុជា​ក្នុង​រយៈពេល​ចុង​ក្រោយ មាន​កីឡា​សក្ដានុពល​ធ្លាប់​មាន​ប្រៀប លើ​គេ​រួច​មក​ហើយ ដែល​សុទ្ធតែ​មាន​សមត្ថ​ភាព​ប្រជែង​បាន​មេដាយមាស ប្រាក់ និង​សំរឹទ្ធ​ក្នុង​ការ​ប្រកួត​ស៊ី​ហ្គេ​ម​ជា​បន្តបន្ទាប់ ។ លោក​រំពឹង​ខ្លាំង​លើ​ប្រភេទ​កីឡា​ប៉េតង់ ចំបាប់ ម៉ូតូ​ទឹក តេ ក្វា​ន់​ដូ WT តេ​ក្វា​ន់​ដូ WTF ប្រដាល់​គុន​ខ្មែរ វាយ​កូន​បាល់ កា​រ៉ា​តេ ក៏​ដូច​ជា​កីឡា​វ៉ូ​វី​ណា​មខណៈ​កីឡា​ប្រភេទ​ផ្សេង​ក៏​កំពុង​ជំរុញ​ឱ្យ​មានការ​ឈាន​ឡើង​ផង​ដែរ ។

ក្នុង​នោះ​កម្ពុជា​ក៏​មានឱកាស​ដាក់​បញ្ចូល​នូវ​កីឡា​ដែល​ជា​គ្រឹះ​របស់​ខ្លួន ហៅ​ថា​កីឡា​ប្រពៃណី​ជា​ច្រើន​ផ្សេង​ទៀត​ទើប​លោក​ជឿជាក់​ថា កម្ពុជា​ពិតជា​ទទួល​បាន​មេដាយ​ច្រើន​ពី​ការ​ប្រកួត​នោះ ដោយ​គ្រាន់តែ​មិនដឹង​ថា នឹង​បាន​មេដាយ​ច្រើន​ជាង​កម្ពុជា​ធ្លាប់​ទទួល​បាន​ច្រើន​បំផុត​ពី​ស៊ី​ហ្គេ​ម​កន្លង​មក​ប៉ុន្មាន​ដង ។ លោក​ថា កម្ពុជា​កំពុង​ជំរុញ​បន្ថែម ឲ្យ​ប្រភេទ​កីឡា​ទាំងនេះ រួម​ទាំង​ប្រភេទ​កីឡា ប្រយុទ្ធ​មួយ​ចំនួន​ទៀត ទទួល​បាន​ឧត្តមភាព បន្ថែម​ទៀត ដោយ​អ្នក​ធ្លាប់​ឈ្នះ​មេដាយ​មាស ត្រូវ​បន្ត​យកឈ្នះ​មេដាយមាស​ទៀត ។ រីឯ អ្នក​ឈ្នះ​ត្រឹម​មេដាយ​ប្រាក់ ត្រូវ​ជំរុញ​ឲ្យ​ដល់ មេដាយមាស និង​អ្នក​ធ្លាប់​បាន​មេដាយ​សំរឹទ្ធ ត្រូវ​ជំរុញ​ឲ្យ​ដល់​មេដាយ​ប្រាក់​ជាដើម ។

លោក​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បន្ត​ថា កម្ពុជា មិន​គ្រាន់តែ​រៀបចំ​ស៊ី​ហ្គេ​ម​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ ដើម្បី​លើកមុខ​លើក​មាត់​ប្រទេស​ប៉ុណ្ណោះ​ទេ តែ​ក៏​ជំរុញ​ផែនការ​អភិវឌ្ឍ​បច្ចេកទេស​របស់​ខ្លួន​រួច
អស់ហើយ ដែល​គ្រោង​នឹង​បញ្ជូន​ទៅ​ហ្វឹកហាត់ នៅ​ក្រៅប្រទេស​មួយ​ក្រុម​ធំ ហើយ​១​ក្រុម​ទៀត ដែល​ហ្វឹកហាត់​ក្នុងស្រុក ក៏​ជួល​គ្រូ​បរទេស​ឲ្យ មក​ជួយ​បង្វឹក ។ ទាំង​អស់នេះ គឺជា​ការ​រៀបចំ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ ក្នុង​ការ​រុញ កម្រិត​បច្ចេកទេស ឈាន​ទៅ​ដល់​គោលដៅ សក្ដានុ​ពល​របស់​យើង ។

លោក វ៉ា​ត់ ចំរើន ថា កន្លង​មក​កម្ពុជា បាន​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៨​ក្នុង​ចំណោម​១១​ប្រទេស​នៃ​បណ្តា​ប្រទេស​អាស៊ាន​ទាំងអស់​ជា​ពិសេស​គឺ​ស៊ី​ហ្គេ​ម​ពីរ​លើក​ចុង​ក្រោយ​គឺ​នៅ​ម៉ា​ឡេ​ស៊ី​ឆ្នាំ​២០១៧ និង​ស៊ី​ហ្គេ​ម​នៅ​ហ្វី​លី​ពី​ន ឆ្នាំ​២០១៩ រួច​ទៅ​ហើយ សម្រាប់​ចំនួន​មេដាយ​។

ប៉ុន្តែ ឆន្ទៈ​ដ៏​មោះមុត​របស់​ថ្នាក់ដឹកនាំ​គឺ​ធ្វើ​យ៉ាងណា​រុញ​ចំណាត់ថ្នាក់​ពី​លេខ​៨​នេះ​ឲ្យ​មក​ត្រឹម​ចំណាត់ថ្នាក់​លេខ​៥​ឬ​លេខ​៦ ក្នុង​ពេល​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ជា​លើក​ដំបូង​ជា​ប្រវត្តិ​សាស្ត្រ​នោះ ដើម្បី​លុបដាន​ប្រវត្តិសាស្ត្រ​ដែល​កម្ពុជា​ធ្លាប់​នៅ​លេខ​៨​ឬ​លេខ​៩​កន្លង​មក​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​គឺជា​កីឡា​ថ្នាក់​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​រៀបចំ​ឡើង​រៀង​រាល់​២​ឆ្នាំ​ម្តង ដោយ​កម្ពុជា​ជា​អ្នក​រៀបចំ​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ ។ ជា​គម្រោង កម្ពុជា​នឹង​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេមនា​ថ្ងៃ​ទី​៥​ដល់​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៣ ។ រីឯ​ការ​ប្រកួត​កីឡា​ជនពិការ​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១២​ឆ្នាំ​២០២៣ នៅ​កម្ពុជា គ្រោង​នឹង​ធ្វើ​ឡើង​ក្រោយ​ពី​បញ្ចប់​ស៊ី​ហ្គេ​ម​ប្រមាណ​២​ស​ប្ដា​ហ៍​ដោយ​កំណត់​យក​កាលបរិច្ឆេទ​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៣ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ