រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា បានប្រកាសសាលក្រមផ្តន្ទាទោសលើសំណុំរឿងស្ត្រីវ័យក្មេងម្នាក់ ដាក់ពន្ធនាគារកំណត់២០ឆ្នាំ និងពិន័យជាប្រាក់ចំនួន៤០លានរៀល ក្រោមការចោទប្រកាន់ពីបទ.រក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿងញៀនដោយខុសច្បាប់ ។
ជនជាប់ចោទឈ្មោះ ឃន ស្រីនាង អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជនជាប់ចោទបានត្រូវកម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ចាប់ខ្លួនកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ដោយបានដកហូតសារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ៥៩៨.៨១ (ស្មើជាងកន្លះគីឡូក្រាម) នៅចំណុច បេនឡានផ្សារដើមគរ សង្កាត់ផ្សារដើមគរ រាជធានីភ្នំពេញ ។
នៅមុខរង្វង់ក្រចកសេះក្នុងការសាកសួរដេញដោលពីសំណាក់អង្គសវនាការ ជនជាប់ចោទបានសារភាពថា នាងគ្រាន់តែជាអ្នកស៊ីឈ្នួលកាន់កញ្ចប់គ្រឿងញៀននោះ ដើម្បីនាំទៅមនុស្សម្នាក់ដែលចាំទទួលយក ។ ប៉ុន្តែនេះ ជាចម្លើយរបស់ជនជាប់ចោទ ដើម្បីដោះបន្ទុកឲ្យខ្លួនបានធូស្រាលតែប៉ុណ្ណោះទេ តាមពិត គ្រឿងញៀននោះគឺសង្សាររបស់នាង តម្រូវយកទៅប្រគល់ឲ្យម៉ូយ ហើយត្រូវកម្លាំងសមត្តកិច្ចឃ្លាំស្ទាក់ចាប់ខ្លួន ដូច្នោះតុលាការបានរកឃើញថា នេះជាចម្លើយមិនស្មោះត្រង់ ទើបមានការវិនិច្ឆ័យ និងផ្ដន្ទាទោសជនជាប់ចោទយ៉ាងធ្ងន់ធ្ងរនោះ ។
ប៉ុន្តែទោះជាយ៉ាងណា សាលក្រមបានទុកសិទ្ធិ ឲ្យជនជាប់ចោទប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើសិនជាមិនសុខចិត្តចំពោះការកាត់ក្តីនេះ ៕

ចែករំលែកព័តមាននេះ