ខេត្តបន្ទាយមានជ័យ ៖ ចាត់ទុកជាដំណឹងល្អមួយសម្រាប់កសិករសហគមន៍កសិកម្មចំនួន៧ នៅក្នុងខេត្តបន្ទាយមានជ័យ ដែលបានទទួលនូវកិច្ចសន្យាផលិតកម្មកសិកម្មស្តីពី «ការផលិត និងផ្គត់ផ្គង់ ស្រូវផ្ការំដួល តាមស្តង់ដា ប្រកបដោយនិរន្តរភាព» ដល់ក្រុមហ៊ុនអង្ករក្នុងស្រុកមួយ។ ថ្លែងនៅក្នុងពិធី ចុះហត្ថលេខា កិច្ចសន្យាផលិតកម្មកសិកម្ម ដែលរៀបចំឡើងដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ងនេសាទ ខេត្តបន្ទាយមានជ័យនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ លោក ហ្វ៊ូ ស៊ីនតា ដេននីស ( Foo Sin Tah Dennis ) នាយកប្រតិបត្តិក្រុមហ៊ុន បាត់ដំបងរ៉ាយ៍ (Brico) បានលើកឡើងថា ៖
ដោយមានការសហការជាមួយអតិថិជនអន្តរជាតិ និងអ្នកផ្គត់ផ្គង់ក្នុងស្រុករបស់ខ្លួន IFC គាំទ្រដល់ការបង្ហាញ និងពង្រីកការអនុវត្តកម្មវិធីស្រូវ អង្ករ ប្រកបដោយនិរន្តភាព និងសូចនាករប្រតិបត្តិករ សម្រាប់រោងម៉ាស៊ីនកិនស្រូវ និងអ្នកនាំចេញនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ របស់ក្រុមហ៊ុន។ លទ្ធផលនេះនឹងជួយគាំទ្រដល់កំណើនវិស័យស្រូវអង្កររបស់កម្ពុជា ដែលរួមចំណែកដល់ជីវភាពរបស់កសិករមានប្រាក់ចំណូលនៅទីជនបទ និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋកម្ពុជា។
ក្នុងនោះលោកក៏បានបញ្ជាក់ពីគោលបំណងនៃក្រុមហ៊ុន សម្រាប់ខ្សែសង្វាក់ ស្រូវសម្រាប់ផលិតតាមផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាពរួមមាន ៖១-អនុវត្តតាមការអនុវត្តន៍ នីតិកម្មកសិកម្មតាមវ័យ និងការអនុវត្តន៍តាមកសិកម្មវៃឆ្លាត និងការអនុវត្តន៍ផលិតកម្មដំណាំស្រូវ ប្រកបដោយនិរន្តភាព, ២-ទិន្នផលប្រសើរឡើង, ៣-គុណភាពល្អប្រសើរឡើ, ៤- បង្កើនប្រាក់ចំណូល,និង៥- តួអង្ករខ្សែសង្វាក់តម្លៃ អនុវត្តជាដៃគូប្រកបដោយទំនុកចិត្ត។ ជាមួយគ្នានោះដែរ លោក លី សារី អភិបាលរងខេត្តដែលចូលរួមក្នុងពិធីចុះហត្ថលេខានេះ បានមានប្រសាសន៍ថ្លែងការកោត សរសើរចំពោះអង្គការ GIZ ដែលតែងតែចូលរួមអភិវឌ្ឍលើវិស័យ កសិកម្ម ក៏ដូចជាក្នុងអនុវត្តន៍ការចុះហត្ថលេខាលើកិច្ចសន្យានេះ។
លោក លីសារី បានមានប្រសាសន៍ បញ្ជាក់ថា សម្រាប់ខេត្តបន្ទាយមានជ័យ គឺជាលើកទី២ហើយដែលបានចុះហត្ថលេខាលើកិច្ចសន្យា ផលិតកម្មកសិកម្ម ដោយសហការរវាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ និងជាមួយអង្គការ GIZ កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានដំណាក់កាលទី៤ (RED IV)។ ទន្ទឹមនឹងនោះអភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណផងដែរដល់ក្រុមហ៊ុន បាត់ដំបងរ៉ាយ៍ (Brico) ដែលបានចូលរួមដល់វិស័យកសិកម្ម ក្នុងការផលិត និងផ្គត់ផ្គង់ ស្រូវ ផ្ការំដួល ប្រកបដោយនិរន្តរភាព ក្នុងន័យលើកកម្ពស់ដល់ជីវភាពគ្រួសារកសិកម្ម ក៏ដូចជារួមចំណែកលើកកម្ពស់វិស័យកម្មនៅកម្ពុជា។
បើយោងតាមរបាយការរបស់លោក ប៉ាង វណ្ណសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ៖ សម្រាប់ឆ្នាំ២០២០នេះ ផែនការធ្វើស្រែ ចំនួន២៥,៣៣២០ហិកតា តែមកទល់ពេលនេះលើសផែនការពោលគឺ ១០១,១០% ស្មើនឹងជាង២៥ម៉ឺនហិកតា។ តែដោយបញ្ហាស្ថានភាពគ្រោះធម្មជាតិ បានធ្វើឲ្យស្រូវបងប្អូនកសិករ រងផលប៉ះពាល់ជាង៨ម៉ឺនហិកតា ក្នុងនោះខូចខាតជាង៦ពាន់ហិកតា។ ទន្ទឹមនឹងនោះយើងបានស្តារ ការខូចខាតនេះបានប្រហែលជាង៥០%។
ដោយឡែកចំពោះទន្និផលវិញលោកប្រធានមន្ទីរ បានប៉ាន់ប្រមាណថា ឆ្នាំនេះទិន្នផលអាចនឹងមានការកើនឡើង លោកអះអាងថា ដោយសារកសិករបច្ចុប្បន្នមានការយល់ដឹងច្រើនពីការធ្វើកសិកម្មតាមរយៈការថែរក្សា ប្រើប្រាស់បច្ចេកទេសទំនើប ហើយការជ្រើសរើសពូជរបស់កសិករសមស្របតាមតម្រូវការទីផ្សារ។ សូមបញ្ជាក់ថា ៖ សហគមន៍កសិកម្មទាំង៧ រួមមាន ៖ ១-រំដួលទានកាំ, ២-ពោធិរាំបុណ្យចំរើនផល, ៣-សំណាងមានជ័យ,៤-សហគមន៍កសិកម្ម អាងជើងគ្រុះ, ៥-តាផូរុងរឿង, ៦-អូរជ្រៅរស្មីសាមគ្គី និងទី៧សហគមន៍កសិកម្ម ក្បាលស្ពានដូនណូយ៕ ដោយ ៖ ណុប រក្សា
ចែករំលែកព័តមាននេះ