ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​មក​ស្គាល់ថា តើ​​ស្ដ្រី​រូប​ណា​​លេច​ធ្លោ​​នៅ​ក្នុង​វិស័យ​​កីឡា​កម្ពុជា​?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ ស្ត្រី​កម្ពុជា​ដែល​ចាប់​យក​អាជីព​កីឡា​ច្រើន​ឡើងកំពុង​​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ដោយសារ​តែ​ពួក​នាង​បាន​នាំ​កិត្តិយស​ជូន​ជាតិ និង​ធ្វើ​ឱ្យ​មហា​ជន​ទទួលស្គាល់​ពី​ការ​ប្រឹងប្រែង​របស់​ពួក​នាង ។ បើ​ទោះជា​ស្ត្រី​ទាំងនោះ អ្នក​ខ្លះ​បាន​បោះបង់​ឬ​ចូល​និវត្តន៍ តែ​ស្នាដៃ​ពួក​គាត់​នៅ​តែ​មាន…

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ ស្ត្រី​កម្ពុជា​ដែល​ចាប់​យក​អាជីព​កីឡា​ច្រើន​ឡើងកំពុង​​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ដោយសារ​តែ​ពួក​នាង​បាន​នាំ​កិត្តិយស​ជូន​ជាតិ និង​ធ្វើ​ឱ្យ​មហា​ជន​ទទួលស្គាល់​ពី​ការ​ប្រឹងប្រែង​របស់​ពួក​នាង ។ បើ​ទោះជា​ស្ត្រី​ទាំងនោះ អ្នក​ខ្លះ​បាន​បោះបង់​ឬ​ចូល​និវត្តន៍ តែ​ស្នាដៃ​ពួក​គាត់​នៅ​តែ​មាន ជាក់ស្ដែង​កាលណា​គេ​និយាយ​ដល់​វិស័យ​កីឡា​ប្រភេទ​នោះ​គឺ​ពួក​នាង​ត្រូវ​បាន​គេ​ស្គាល់​តែ​ម្ដង ។ កីឡាការិនី និង​អតីត​កីឡាការិនី​ខ្មែរ​ដែល​លេចធ្លោ​នៅ​ក្នុង​វិស័យ​កីឡា​ទាំងនោះ​រួម​មាន​៖

១-កែ ឡេ​ង ៖ ក្នុង​វិស័យ​កីឡា​ប៉េតង់ គេ​កត់​សម្គាល់ថា កីឡាការិនី​ជា​ច្រើន​កំពុង​មាន​ភាព​លេច​ធ្លោ ប៉ុន្តែ​គេ​នៅ​តែ​មើលឃើញ​ថា អ្នកស្រី កែ ឡេ​ង ល្បីល្បាញ​ជាងគេ ទាំង​ក្នុងស្រុក និង​លើ​ឆាក​អន្តរជាតិ ។ បើ​ទោះជា​ក្នុង​ពេល​នេះ អ្នកស្រី​ប្រកាស​លាឈប់ តែ​កេរ្តិ៍ឈ្មោះ​របស់​អ្នកស្រី​នៅ​តែ​លេចធ្លោ បន្ទាប់​ពី​ទទួល​បាន​មេដាយមាស​ពិភពលោក​ជា​ច្រើន​ជំនាន់ ធ្វើ​ឱ្យ​បរទេស​ទទួលស្គាល់​កម្ពុជា​នៅ​ក្នុង​ក្រាំងមាស​។

២- ស៊ន សៀវ​ម៉ី ៖ អាច​និយាយ​បាន​ថា​គ្មាន​អ្នក​ណា​មិន​ស្គាល់​នាង​នោះ​ទេ​នៅ​ក្នុង​វិស័យ​កីឡា​តេ​ក្វា​ន់​ដូ ។ នាង​កាន់តែ​មានឈ្មោះ​ល្បីល្បាញ​ទ្វេ​ដង​ក្រោយ​ឈ្នះ​មេដាយ​មេ​មាស​អន្តរជាតិ ។ មក​ទល់​ពេល​នេះ ដោយសារ​ភាព​ល្បីល្បាញ​ក្នុង​វិស័យ​កីឡា ជីវិត​ឯកជន​របស់​នាង​ក៏​ត្រូវ​បាន​គេ​ចាប់អារម្មណ៍​ផង​ដែរ ទើប​នាង​កាន់តែ​លេចធ្លោ ក្នុង​ស្រទាប់​មហាជន​។

៣- ស្រួ​ង ភា​វី ៖ គឺជា​កីឡាការិនី​ល្បីល្បាញ​ក្នុង​វិស័យ​ស្នូកឃ័រ ។ អ្នក​នាង​បាន​ធ្វើ​ឱ្យ​ពិភពលោក​ស្គាល់​កម្ពុជា​នៅ​ក្នុង​កីឡា​នេះ ខណៈ​ដែល​អ្នក​នាង ក៏​ជានា​រី​ម្នាក់​ដែល​ជួយ​ឱ្យ​មហាជន​ចាប់​អារម្មណ៍លើ​កីឡា​ស្នូកឃ័រ ក្រោយ​ការ​បង្កើត​ឡើង​។ ក្រោយ​មាន​ស្នាដៃ កេរ្តិ៍ឈ្មោះ​អ្នក​នាង ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​យ៉ាង​សុះសាយ បើ​ទោះជា​ពេល​នេះ​រាង​ស្ងប់ស្ងាត់​បន្តិច​។ អ្នក​នាង​កើត​នៅ​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​១៩៩០ ។ អ្នក​នាង​បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា ទៅ​រស់នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​តាំងពី​អាយុ​២០​ឆ្នាំ តាម​រយៈ​ស្វាមី​ដែល​ជា​ជនជាតិ​កូរ៉េ ។

រយៈពេល​៧​ឆ្នាំ​នៅ​លើ​ទឹកដី​កូរ៉េ អ្នក​នាង​បាន​វិ​វ​ឌ្ឍ​ខ្លួន​ក្លាយជា​កំពូល​កីឡាការិនី​ផ្នែក​ស្នូកឃ័រ ដោយសារ​តែ​ស្វាមី​ជា​អ្នកជំនាញ​ផ្នែក​នេះ​បាន​បង្រៀន​អំពី​របៀប​លេង និង​តែង​នៅ​ជាមួយ​ស្វាមី នៅ​ពេល​ស្វាមី​នាំ​យក​អ្នកជំនាញ​ល្អ​ៗ​មក​បង្ហាត់ ។ អ្នក​នាង ស្រួ​ង ភា​វី បាន​ចូលរួម​ប្រកួតប្រជែង​កីឡា​ស្នូកឃ័រ​ដំបូង​បំផុត​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង កាលពី​ខែមករា ឆ្នាំ​២០១៧ ដោយ​បាន​ជាប់​ចំណាត់ថ្នាក់​លេខ ១ និង​បាន​ចូលរួម​ប្រកួត​លំដាប់ថ្នាក់​ពិភព​លោក​កាលពី​ឆ្នាំ​២០១៨ ហើយ​ជាប់​ចំណាត់ថ្នាក់​លេខ​៣​។

៤- ចូ​វ សុធា​រ៉ា ៖ គឺជា​អតីត​កីឡាការិនី​ផ្នែក​បោកចំបាប់​ដ៏​ល្បីល្បាញ ដោយ​អ្នក​នាង​ដណ្ដើម​បាន​មេដាយមាស និង​មេដាយ​ប្រាក់​ជា​ច្រើន​គ្រឿង​ពី​ស៊ី​ហ្គេ​ម ក្នុង​ពេល​អ្នក​នាង​នៅ​ប្រឡូក​វិស័យ​កីឡា ។ ក្រោយ​ពេល​អ្នក​នាង​លាឈប់ គេ​ចាប់អារម្មណ៍​ថា កីឡា​បោកចំបាប់​បាត់បង់​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ដោយសារ​តែ​កីឡាករ​កីឡាការិនី​ជំនាន់​ក្រោយ​ស្ងាត់​ការ​ទទួល​បាន​មេដាយ​លើ​ឆាក​អន្តរជាតិ ។ អ្នក​នាង ចូ​វ សុធា​រ៉ា បច្ចុប្បន្ន​គឺជា​គ្រូ​ផ្នែក​កីឡា​នៅ​វិទ្យាល័យ​ផ្សារ​ដើម​ថ្កូវ និង​បាន​បោះបង់​ការ​ប្រកួត​ទាំង​ស្រុង ក្រោយ​ពេល​មាន​ប្ដី និង​មានកូន​។

៥- ហែម​ថុ​ន វិ​ទិ​នី ៖ គឺជា​កីឡាការិនី​ហែល​ទឹក​ល្បីល្បាញ​នៅ​កម្ពុជា បើ​ទោះជា​នាង​មិន​ទាន់​មាន​ស្នាដៃ​ដណ្ដើម​បាន​មេដាយ​អន្តរជាតិ​ណាមួយ​នៅឡើយ​ក្ដី ។ កាលណា​នឹក​ដល់​​កីឡា​ហែលទឹក​គេ​ស្គាល់​នាង​ជាង​កីឡាករ​-​កីឡាការិនី​ឯទៀត​។ ស្រប​ពេល​ដែល​នាង​ស្រស់​ស្អាត​ផង ទើប​ក្លាយជា​តារា​ស្ព​ត និង​អ្នកតំណាង​ផលិតផល​ដែល​កាន់តែ​ជួយ​ឱ្យ​នាង​ល្បី ។ នាង​កើត​នៅ​ថ្ងៃ​ទី​៧ តុលា ឆ្នាំ​១៩៩៣ នៅ​សង្កាត់ វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

ដោយ​មានការ​ជួយ​ជ្រោមជ្រែង​ពី​លោក​ហែម ថុ​ន ដែល​ជា​ជីតា​បង្កើត មាន​តួនាទី​ជា​អគ្គលេខា​ធិការ​សហព័ន្ធ ខ្មែរ​កីឡាហែលទឹក​ស្ម័គ្រចិត្ត និង​ជា​អតីត​កីឡាករ​ហែល​ទឹក​ផង ទើប​នាង​ត្រូវ​បាន​បណ្ដុះ​ឱ្យ​ក្លាយជា​អ្នក​ហែល​ទឹក ហើយ​ផ្អែក​លើ​សមត្ថភាព​ផង​ទើប​ក្លាយជា​កីឡាការិនី​ជម្រើស​ជាតិ ។ នាង​ប្រឡូក​ហែល​ទឹក​តាំងពី​ក្នុង​ឆ្នាំ​១៩៩៩ ក្នុង​ពេល​ដែល នាង​អាយុ​៥​ឆ្នាំ និង​បាន​ជាប់​ជម្រើសជាតិ​ក្នុង ឆ្នាំ​២០០៣ ។ ក្នុង​ឆ្នាំ​២០០៥ នាង​បាន​បង្ហាញ ខ្លួន​ក្នុង​កម្មវិធី​ប្រកួត​កីឡា​ហែលទឹក លើក​ដំបូង នៅ​ថៃ ។ ឆ្នាំ​២០០៦​បាន​ចេញ​ទៅ​ប្រកួត​នៅ ប្រទេស​ការ​តា ។

ឆ្នាំ​២០០៧ ចេញ​ទៅ​ស៊ី​ហ្គេ​ម នៅ​ថៃ និង​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​ជប៉ុន និង​ប្រទេស​ចិន ។ ឆ្នាំ​២០០៩ ចេញ​ទៅ​បី ប្រទេស​ព្រម​គ្នា​គឺ​សិង្ហ​បុរី ឡាវ និង​អ៊ី​តា​លី ។ ឆ្នាំ​២០១០ ចេញ​ទៅ​ទីក្រុង​ក្វា​ង​​ចូ​វ ប្រទេស​ចិន ក្នុង​កម្មវិធី​អាស៊ាន​ហ្គេ​ម ៤៥ ប្រទេស និង​ទៅ​ទីក្រុង​ឌូ​បៃ​ដោយ​ទទួល​ត្រឹម​លទ្ធ​ផល​មិន​ខុស​មុន​។ មក​ទល់​ពេល​នេះ នាង​នៅ​តែ​ជា​កីឡាការិនី​តំណាង​ជាតិ​លើ​ឆាក​អន្តរជាតិ។

៦- សម ថា​រ័​ត្ន ៖ គឺជា​កីឡាការិនី​លេចធ្លោ​ផ្នែក​ល្បុក្កតោ ដោយ​នាង​បាន​ក្លាយជា​តំណាង​ជាតិ​ជា​រឿយ​ៗ លើ​ឆាក​អន្តរជាតិ ។ ភាព​ល្បី​ល្បាញ​របស់​នាង បាន​ជួយ​ឱ្យ​នាង​ក្លាយ​ខ្លួន​ជា​តារា​សម្ដែង​ដែល​មាន​ទីផ្សារ​ចេញ​ថត​ជាមួយ​ផលិតករ​បរទេស​រកតែ​ពេល​សម្រាក​មិន​បាន​នោះ​ផង ។
ប៉ុន្តែ​នាង​នៅ​តែ​ប្រឡូក​ក្នុង​វិស័យ​កីឡា ដោយ​ក្រៅពី​ល្បុក្កតោ នាង​ក៏​ទទួល​ប្រកួត​ប្រដាល់​ដាក់​ទ្រុង ដែល​កាន់តែ​ធ្វើ​ឱ្យ​នាង​ល្បីល្បាញ​ក្នុង​ស្រទាប់​មហាជន​។

៧- នៅ ស្រី​ពៅ ៖ នាង​គ្រាន់តែ​ជា​កីឡាការិនី​ដែល​ផ្ដើម​ចេញពី​ការ​ប្រដាល់​នារី​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​បាយ័ន​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​អំឡុង​ពេល​នោះ កេរ្តិ៍ឈ្មោះ​របស់​នាង​នៅ​មាន​កម្រិត ។ មក​ទល់​ពេល​នេះ ក្រៅពី​ជា​កីឡាការិនី​ជម្រើសជាតិ​ផ្នែក​ប្រដាល់​សាកល​នារី នាង​បាន​ក្លាយជា​កីឡាការិនី​ល្បីល្បាញ​នាំមុខ​គេ​នៅ​ក្នុង​វិស័យ​គុន​ចម្រុះ​លើ​ឆាក​អន្តរជាតិ ដោយ​នាង​បាន​ឡើង​ប្រកួត ហើយ​ទទួល​បាន​ជ័យជម្នះ​ជា​រឿយ​ៗ ទើប​ធ្វើ​ឱ្យ​នាង​ត្រូវ​បាន​អ្នក​រៀបចំ​គុន​ចម្រុះ​អន្តរជាតិ ទទួលស្គាល់​ថា​ជា​កីឡាការិនី​ឆ្នើម​នាំមុខ​គេ​នៅ​ក្នុង​ការ​ប្រកួត​គុន​ចម្រុះ ឬ​ប្រដាល់​ដាក់​ទ្រុង​នា​ពេល​ចុង​ក្រោយ។

៨- វី ស្រី​ខួច ៖ គឺជា​កីឡាការិនី​ល្បីល្បាញ​នៅ​ក្នុង​វិស័យ​ប្រដាល់ ។ នាង​ធ្លាប់​ទទួល​បាន​ខ្សែ​ក្រវាត់​អន្តរជាតិ​មួយ​នៅ​ក្នុង​ប្រទេស​បារាំង​នា​ពេល​កន្លង​មក និង​ធ្លាប់​ជា​ម្ចាស់​ពាន​ជើងឯក​ប្រចាំ​ទូរទស្សន៍​បាយ័ន ទើប​ធ្វើ​ឱ្យ​នាង​ល្បីល្បាញ​ជាងគេ​នៅ​ក្នុង​វិស័យ​ប្រដាល់​នារី ។ បើ​ទោះជា​ក្នុង​ពេល​នេះ នៅ​ក្នុង​វិស័យ​ប្រដាល់​នារី មាន កីឡាការិនី អេ យ៉ា​នុ​ត កីឡាការិនី នៅ ស្រី​ពៅ ជាដើម កំពុង​តែ​ដណ្ដើម​បាន​ភាព​លេចធ្លោ តែ​វី ស្រី​ខួច នៅ​តែ​ត្រូវ​បាន​មហាជន និង​អ្នកគាំទ្រ ទទួល​ស្គាល់​ថា​គឺជា​កីឡាការិនី​ល្បីល្បាញ និង មាន​ស្នាដៃ​ជាងគេ​នៅ​ក្នុង​វិស័យ​ប្រដាល់​នារី បើ​ទោះជា​ក្នុង​ពេល​នេះ នាង អេ យ៉ា​នុ​ត ចាប់ផ្ដើម​លោត​ខ្លាំង​ជាង​បន្តិច​ក្ដី​។

នៅ​មាន​កីឡាការិនី​មួយ​ចំនួន​ទៀត ក៏​បាន​លេចធ្លោ​នៅ​ក្នុង​វិស័យ​កីឡា​ដែល​នាង​ឈរជើង​ផង​ដែរ ដោយ​គ្រាន់តែ​ភាព​លេចធ្លោ​របស់​ពួក​នាង នៅ​មិន​ទាន់​មាន​កម្រិត​ឱ្យ​មហាជន​ស្គាល់​ច្បាស់​ដូច​កីឡាការិនី​ដែល​បាន​រៀបរាប់​ខាងលើ និង​មិន​ទាន់​មាន​ស្នាដៃ​នាំមុខ​ដូច​គ្នា​នឹង​កីឡាការិនី​លេច​ធ្លោ​ទាំងនោះ ។ កីឡាការិនី​មួយ​ចំនួន​ក៏​បង្ហាញ​អារម្មណ៍​សោកស្ដាយ​ផង​ដែរ ក្រោយ​សម្រេចចិត្ត​បាត់​មុខ​ព្រោះតែ​ហេតុផល​វ័យ និង​ការ​រៀបចំ​គ្រួសារ ហើយ​ចូលរួម​ប្រកួត​លែង​កើត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ