ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​មាន​តួនាទី​សំខាន់​ក្នុង​ការ​ចូលរួម​ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ យុវជន​មាន​តួនាទី​សំខាន់ ក្នុង​ការ​ចូលរួម​ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ ហើយ​ការ អប់រំ​បាន​ដើរតួ​នាទី​សំខាន់ ដើម្បី​សម្រេច​បាន​នូវ​ចក្ខុវិស័យ បាន​ដាក់ចុះ​គឺ ធានា​ឱ្យ​បាន​នូវ​គុណភាព និង​និរន្តរភាព…

រាជធានី​ភ្នំពេញ​៖ យុវជន​មាន​តួនាទី​សំខាន់ ក្នុង​ការ​ចូលរួម​ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ ហើយ​ការ អប់រំ​បាន​ដើរតួ​នាទី​សំខាន់ ដើម្បី​សម្រេច​បាន​នូវ​ចក្ខុវិស័យ បាន​ដាក់ចុះ​គឺ ធានា​ឱ្យ​បាន​នូវ​គុណភាព និង​និរន្តរភាព បរិស្ថាន និង​ការពារ​ឱ្យ​បាន​នូវ​កេរដំណែល​ធនធានធម្មជាតិ​សម្រាប់ ផលប្រយោជន៍​មនុស្ស គ្រប់​ៗ​រូប​។ នេះ​ជា​ការ​ថ្លែង​បញ្ជាក់​របស់​លោក នេត្រ ភ​ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង បរិស្ថាន នៅ​ក្នុង​ពិធី​បើក​វេទិកា​យុវជន​ជជែក​ពិភាក្សា​អំពី​បរិស្ថាន​ឆ្នាំ​២០២០ ដែល​ជា​វគ្គ​ប្រកួត​ជម្រុះ នៅ​ក្នុង​ចំណោម​សិស្សានុសិស្ស​មក​ពី​វិទ្យាល័យ​ចំនួន​៨ នៅ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ ២០២០​នេះ​។

លោក នេត្រ ភ​ត្រា បាន​ថ្លែង​ថា ដើម្បី​សម្រេច​បាន​នូវ​ចក្ខុវិស័យ​នេះ ក្រសួងបរិស្ថាន​បាន ដាក់ចុះ​នូវ​បេសកកម្ម​សំខាន់​ៗ​រួម​មាន​៖ កិច្ច​គាំពារ​បរិស្ថាន​ឱ្យ​បាន​ល្អ​ប្រសើរ ការពារ និង​អភិរក្ស ធនធានធម្មជាតិ និង​ជីវៈចម្រុះ​ឱ្យ​បាន​គង់វង្ស និង​ការ​លើកកម្ពស់​ការ រស់នៅ​ប្រកបដោយ​ចីរភាព​។ សូម​ជម្រាប​ថា នេះ​គឺជា​ការ​រៀបចំ​វេទិកា​លើក​ទី​៤ ក្នុង​ក្រប​ខណ្ឌ នៃ​វេទិកា​យុវជន​ជជែក ពិភាក្សា​អំពី​បរិស្ថាន ឆ្នាំ​២០២០ ដែល​វេទិកា​ចំនួន​៣​ដូច​គ្នា​នេះ​ត្រូវ​បាន​រៀបចំ​នៅ​ក្នុង​ខេត្ត កំពង់ធំ ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង​។

វេទិកា​យុវជន​ជជែក​ពិភាក្សា​អំពី​បរិស្ថាន​ឆ្នាំ​២០២០ មានការ​ចូលរួម ពី​វិទ្យាល័យ​ចំនួន​១៦ មក​ពី​រាជធានី​ភ្នំពេញ​ចំនួន​៨ ខេត្តក្រចេះ​ចំនួន​២ ខេត្តស្ទឹងត្រែង​ចំនួន​២ និង​ខេត្តកំពង់ធំ​ចំនួន ២​វិទ្យាល័យ​។ លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ថ្លែង​បញ្ជាក់​ថា វេទិកា​យុវជន​ជជែក​ពិភាក្សា អំពី​បរិស្ថាន គឺជា​វេទិកា​មួយ​ដែល​ផ្តល់​ឱកាស ដល់​សិស្សានុសិស្ស និស្សិត​នៅ​តាម​គ្រឹះ ស្ថាន​រដ្ឋ និង​ឯកជន​នានា​ក្នុង​ប្រទេស​កម្ពុជា​អាច​បញ្ចេញ​សមត្ថភាព និង​សេចក្តី​ក្លា ហាន​របស់​ខ្លួន​ចូលរួម​ផ្តល់​យោបល់​ជាមួយ​រាជរដ្ឋាភិបាល និង​សាធារណជន​ដើម្បី​ឱ្យ​ពួក​គេ​អាច​ស្វែង យល់​អំពី​បញ្ហា​បរិស្ថាន​ដែល​កំពុង​ប្រឈម​មូលហេតុ និង​ដំណោះស្រាយ​ឱ្យ​កាន់តែ​មាន ប្រសិទ្ធភាព ដោយ​ផ្អែក​លើ​ភស្តុ​តាង​វិទ្យាសាស្ត្រ​ទិដ្ឋភាព ជាក់ស្តែង​និង​គំនិត​ច្នៃប្រឌិត​ថ្មី​ៗ របស់​សិស្ស​និស្សិត​។

លោក នេត្រ ភក្ត្រា បាន​ឲ្យ​ដឹង​ទៀត​ថា វេទិកា​យុវជន​ជជែក​ពិភាក្សា​អំពី​បរិស្ថាន​នេះ​បាន រៀបចំ​បាន​ចំនួន​៣៩ លើក​រួច​មក​ហើយ​ចាប់តាំងពី​ឆ្នាំ ២០០៤ រហូត​មក​ទល់​នឹង​បច្ចុប្បន្ន​នេះ ហើយ​វេទិកា​នេះ មិន​ត្រឹមតែ​ជា​ឱកាស​សម្រាប់​យុវជន​សិក្សា​ស្រាវជ្រាវ ស្វែងរក​ទឡ្ហីករណ៍ ថ្មី​ៗ​តាម​បែប​វិទ្យាសាស្ត្រ គាំទ្រ​គោល​ជំហរ​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​អាច​ផ្លាស់​ប្តូរ​ចំណេះដឹង​ទាំងនោះ​ទៅ​កាន់​សាធារណជន​ទូទៅ​ថែម​ទៀត​ផង​។ លោក​បន្ត​ថា ប្រធានបទ​សំខាន់​ៗ​ដែល​បាន​ដាក់ សម្រាប់​វេទិកា យុវជន​ជជែក​ពិភាក្សា​អំពី បរិស្ថាន​ឆ្នាំ​២០២០ វគ្គ​ប្រកួត​ដំបូង​នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២០ នេះ​ផ្តោត ទៅ​លើ​ប្រធានបទ​សំខាន់​៖ ១​ការ​អប់រំ និង​ផ្សព្វផ្សាយ​បរិស្ថាន គឺជា​កត្តា​ដ៏​ជោគជ័យ​ក្នុង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ឱ្យ​មាន​និរន្តរភាព​, ២-​កម្ពុជា​មាន​សក្តា នុ​ពល​ពន្លឺព្រះអាទិត្យ​យ៉ាង ខ្លាំង​សម្រាប់​វិស័យ​ថាមពល ត្រូវ​ចាប់​យក​ឱកាស​ជំរុញ​ការ ប្រើប្រាស់​ថាមពល​ដើរ​ដោយ​ព្រះអាទិត្យ​, ៣-​ការ​គ្រប់គ្រង​សំរាម​គឺជា​ការ​ទទួលខុស ត្រូវ​របស់​ប្រជាពលរដ្ឋ​ម្នាក់​ៗ និង​គ្រួសារ និង​ទី​៤-​វិស័យ​ទេសចរណ៍ធម្មជាតិ បាន​ចូលរួម យ៉ាង​សំខាន់​បំផុត​ដល់​ការ​អភិរក្ស​ធនធាន ធម្មជាតិ​។

លោក​ក៏​ថ្លែង​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​ក្រុម​សិស្ស​ដែល​បាន​ទទួល​ពិន្ទុ​ខ្ពស់​ចំនួន​៤ ក្រុម​នឹង​បន្ត​ការ​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្តាល ផ្តាច់ព្រ័ត្រ និង​វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយ​សិស្ស​មក​ពី​វិទ្យាល័យ​នៅ​ខេត្តកំពង់ធំ ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង ដែល​នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​អំឡុង ខែតុលា ឆ្នាំ​២០២០​ខាង​មុខ​នៅ​ខេត្តព្រះវិហារ​។ សូម​គូសបញ្ជាក់​ថា វេទិកា​យុវជន​ជជែក​ពិភាក្សា​អំពី​បរិស្ថាន​ឆ្នាំ​២០២០ នេះ​រៀបចំ​ឡើង ដោយ​នាយកដ្ឋាន​អប់រំ​បរិស្ថាន​នៃ អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន​ដោយ មានការ​គាំទ្រ​ពី​គម្រោង​ព្រៃ​ឡង់​បៃតង​របស់​អង្គការ USAID ៕ ដោយ ៖ សុខ សា​រ៉ា​យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ