ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតករ​សារភាព​ថា លួងលោម​សុំ​នាង​មិន​បាន ក៏​ច្របាច់​.​ក រួច​ចាប់​ជ្រមុជ​ទឹក

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ពិតជា​ដូច​ពាក្យចាស់​បុរាណ​ដែល​បាន​លើក​ឡើង​ថា ឈាម​ស្រែក ស្បែក​ហៅ​ប្រាកដ​មែន គឺ​នៅ​ទីបំផុត​ជន​ដែល​ជា​ឃាតករ​សម្លាប់​ស្ត្រី​ម្នាក់​នៅ​ចំណុច​ទឹក​ប្រឡាយ ក្នុងស្រុក​បាភ្នំ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​ហើយ កាលពី​យប់​ថ្ងៃ​ទី​22 ខែសីហា…

ខេត្តព្រៃវែង ៖ ពិតជា​ដូច​ពាក្យចាស់​បុរាណ​ដែល​បាន​លើក​ឡើង​ថា ឈាម​ស្រែក ស្បែក​ហៅ​ប្រាកដ​មែន គឺ​នៅ​ទីបំផុត​ជន​ដែល​ជា​ឃាតករ​សម្លាប់​ស្ត្រី​ម្នាក់​នៅ​ចំណុច​ទឹក​ប្រឡាយ ក្នុងស្រុក​បាភ្នំ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​ហើយ កាលពី​យប់​ថ្ងៃ​ទី​22 ខែសីហា កន្លង​ទៅ​នេះ នៅ​ឯ​រាជធានី​ភ្នំពេញ ថែម​ទាំង​ឃាតករ​សារភាព​ថា បាន​លួងលោម​សុំ​នារី​មេត្រី តែ​នាង​មិន​ព្រម ទើប​ប្រវាយប្រតប់​គ្នា រហូត​ធ្វើ​ឱ្យ​នាង​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ប្រឡាយ ដោយ​មិន​អស់​ចិត្ត​​ក៏​ចុះ​ច្របាច់​.ក​នាង រួច​ចាប់​ជ្រមុជ​ទឹក​ទៀត ។

ជនសង្ស័យ​ខាងលើ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​មានឈ្មោះ អ៊ី​ម រ​ត្ន័ (​ហៅ​ឆ្អឹង​) ភេទ​ប្រុស អាយុ 20​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ប្រ​ស្រែ ឃុំ​បឹង​ព្រះ ស្រុក​បាភ្នំ ខេត្តព្រៃវែង ចំណែក​នារី​រង​គ្រោះ​អាយុ​២៦​ឆ្នាំ ស្រុក​បាភ្នំ ខេត្តព្រៃវែង​។

បើ​តាម​ប្រភព​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ដោយ​មាន​កិច្ចសហការ​គ្នា​រវាង​កម្លាំង​អធិការ​នគរបាល​ស្រុក​បាភ្នំ កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ ទើប​ឈាន​ទៅ​ដល់​ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​ចំណុច​បេនឡាន ក្នុង​សង្កាត់​វត្ត​ភ្នំ​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​8​យប់ ថ្ងៃ​ទី 22 សីហា​។

សមត្ថកិច្ច​ដដែល​បញ្ជាក់​ថា នៅ​យប់​ថ្ងៃ​កើតហេតុ ថ្ងៃ​ទី​19 សីហា វេលា​ម៉ោង​7​និង​30​នាទី​យប់ ជនសង្ស័យ​រួម​នឹង​បក្ខពួក​2​នាក់​ទៀត​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​នាំ​នារី​រង​គ្រោះ​ចេញពី​ចំណុច​ផ្លូវលំ​ក្នុងភូមិ​យក​ទៅ​បាត់​មិនដឹង​នាំ​ទៅ​កាន់​ទីណា​។ ភ្លាម​ៗ​នោះ​ក្រុម​គ្រួសារ​នារី​រង​គ្រោះ​ខំព្យាយាម​តាម​រក​ដែរ តែ​រក​មិនឃើញ លុះ​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២០​សីហា ក៏​ប្រទះ​ឃើញ​សាកសព​នារី​រង​គ្រោះ​បាត់បង់​ជីវិត​នៅ​ក្នុង​ទឹក​ប្រឡាយ​ផ្លូវ​ចូល​វត្ត​ប្រ​ស្រែ​ទៅ​ម្ដង​។

ដោយឡែក​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឈ្មោះ​ឃី​ម ហៅ​ឆ្អឹង បាន​សារភាព​ថា ក្រោយ​ពេល​ដែល​នារី​រង​គ្រោះ​ព្រម​ឡើង​ជិះ​ម៉ូតូ​មក​ជាមួយ​ហើយ ពួក​គេ​ក៏​នាំ​នារី​រង​គ្រោះ​មក​កាន់​ផ្លូវ​បេតុង​ចូល​វត្ត​ប្រ​ស្រែ (​កន្លែង​កើតហេតុ​) ក្នុងភូមិ​ស្វាយ​តានី ឃុំ​បឹង​ព្រះ ស្រុក​បាភ្នំ ខេត្តព្រៃវែង ។

ជនសង្ស័យ​សារភាព​បន្ត​ថា លុះ​ពេល​មក​ដល់ រូបគេ​បានឱ្យ​បក្សពួក​២​នាក់​ទៀត​ជិះ​ម៉ូតូ​ទៅ​យក​ម៉ូតូ​មួយ​គ្រឿង​ផ្សេង​ទៀត​នៅផ្ទះ ដោយ​ទុក​ឱ្យ​នារី​រង​គ្រោះ និង​រូបគេ​នៅ​តែ​២​នាក់​តទល់ បន្ទាប់​មក រូបគេ​ក៏​លួងលោម​សុំ​នារី​រង​គ្រោះ​រួមមេត្រី ប៉ុន្តែ​នារី​រង​គ្រោះ​មិន​ព្រម ទើប​មានការ​ប្រវាយប្រតប់​គ្នា រហូត​បណ្ដាល​ឱ្យ​នាង​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ប្រឡាយ​តែ​ម្តង តែ​ដោយ​មិន​អស់ចិត្ត រូបគេ​ក៏​ចុះ​ទៅ​ច្របាច់​.​ក​នាង រួច​ជ្រមុជ​ក្នុង​ទឹក​ប្រឡាយ​នោះ​ថែម​ទៀត ប្រមាណ​ជា​20​នាទី ទើប​គេ​លែងដៃ​រួច​ឡើង​មក​លើ​ផ្លូវ​វិញ​។

ជនសង្ស័យ​សារភាព​បន្ត​ទៀត​ថា លុះ​ពេល​នោះ​បក្សពួក​2​នាក់​ទៀត​បាន​មក​ដល់​ល្មម ហើយ​សួរ​រក​នារី​រង​គ្រោះ រូបគេ​ក៏​ប្រាប់​ថា នាង​ធ្លាក់​ចូល​ទឹក​ប្រឡាយ​បាត់​ហើយ ឲ្យ​ជួយ​លើក​នាង​ផង ប៉ុន្តែ​បក្សពួក​2​នាក់​នោះ​មិន​ព្រម​ជួយ​លើក​ទេ ។ ក្រោយមក​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​ទៅ​បាត់​តែ​ម្តង ទើប​រូបគេ​ឡើង​ជិះ​ម៉ូតូ​ចេញ​ទៅ​ដែរ ដោយ​មិន​បានដឹង​ថា នារី​រង​គ្រោះ​បាន​បាត់បង់​ជីវិត​នោះ​ទេ បន្ទាប់​មក​រូបគេ​ក៏​ធ្វើ​ដំណើរ​ឡើង​ទៅ​ភ្នំពេញ​នៅ​យប់​នោះ​តែ​ម្ដង​។

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​មក​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​ហើយ និង​កំពុង​កសាង​សំណុំរឿង​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​។

គួ​រំលឹក​ថា ៖ បុរស​៣​នាក់​ដឹក​នារី​ម្នាក់​ចេញពីផ្ទះ លុះ​រំលង​៣​ថ្ងៃ​ស្រាប់តែ​ឃើញ​នាង​នៅ​ប្រឡាយ​ទឹក

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ