ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​និយាយ​របស់​លោក​ជុំវិញ​បញ្ហា​​ព្រំដែន ដែលញុះញង់​បំភ្លៃ​ការ​ពិត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុ​ភ័​ណ្ឌ បាន​ត្រូវ​នគរបាល​ចាប់​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​១៤ ​សីហា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុ​ភ័​ណ្ឌ បាន​ត្រូវ​នគរបាល​ចាប់​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​១៤ ​សីហា ឆ្នាំ​២០២០ ក្នុង​បទល្មើស​ទាក់ទង​នឹង​ការ​ញុះញង់​បំភ្លៃ​ការ​ពិត​លើ​បញ្ហា​ព្រំដែន ។ ការ​និយាយ​របស់​លោក​សួង សុ​ភ័​ណ្ឌ ជុំវិញ​បញ្ហា​​ព្រំដែន​នេះ គឺ​ក្នុង​ពេល​ដែល​លោក​ចូលរួម​ក្នុង​ការ​តវ៉ា​ទាមទារ​ឱ្យ​ដោះ​លែង​លោក រ៉ុ​ង ឈុ​ន ដែល​ត្រូវ​បាន​ចាប់ខ្លួន ។

លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​១៤ ខែសីហា​ថា «​លោក សួង សុ​ភ័​ណ្ឌ ពិត​ជា​ត្រូវ​បាន​ចាប់ខ្លួន​មែន ក្នុង​បទល្មើស​ជាក់ស្តែង​ទាក់ទង​នឹង​ការញុះញង់​បំភ្លៃ​ការ​ពិត​លើ​បញ្ហា​ព្រំដែន និង​ការចោទប្រកាន់​មួលបង្កាច់​ទម្លាក់​កំហុស​លើ​គណៈក​ម្មា​ធិ​ការ​ចម្រុះ​កិច្ចការ​ព្រំដែន​ថា​ប្រព្រឹត្ត​បទល្មើស​ក្បត់ជាតិ​» ។ លោក គុ​ជ គឹ​ម​ឡុ​ង បញ្ជាក់​ថា លោក សួង សុ​ភ័​ណ្ឌ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​តាម​ច្បាប់ ហើយ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​ជូន​ព័ត៌មាន​លម្អិត​នា​ពេល​ក្រោយ​ទៀត ​។

សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៣ខែសីហា ឆ្នាំ​២០២០ បានឱ្យ​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស​នាំ​ខ្លួន​លោក រ៉ុ​ង ឈុ​ន ប្រធាន​សហភាព​សហជីព​កម្ពុជា មក​សាកសួរ​ពាក់ព័ន្ធ​នឹង​ការ​អត្ថាធិប្បាយ​ជុំវិញ​ការ​បោះ​បង្គោលព្រំ​ដែនកម្ពុជា -​វៀតណាម​នៅ​ខេត្ត​ត្បូងឃ្មុំ ដែល​នាំ​ឲ្យ​លោក​ត្រូវ​បាន​ចាប់ខ្លួន ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ កង​សន្តិសុខ​ខណ្ឌ​៧ មក​រា បាន​ព្យាយាម​បំបែក​ក្រុម​អ្នក​តវ៉ា​ដែល​គាំទ្រ​លោក រ៉ុ​ង ឈុ​ន ដោយ​មានការ​រុញច្រាន​ឲ្យ​ចេញពី​មុខ​តុលាការ ។

ការ​សាកសួរ​លោក រ៉ុ​ង ឈុ​ន នៅ​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២០ ធ្វើ​ឡើង​ក្រោម​ការ​យាមកាម​យ៉ាង​តឹងរ៉ឹង​ពី​កម្លាំង​សន្តិសុខ​ចម្រុះ​ផ្សេង​ទៀត​ជា​ច្រើន​នាក់ រួម​មាន​ទាំង​កង​អន្តរាគម​ន៍​ពិសេស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​កងកម្លាំង​នគរបាល​ជាតិ​ដែល​បានដាក់​ពង្រាយ​ទាំង​នៅ​មុខ​តុលាការ និង​នៅ​បរិវេណនៃ​​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ។ ប៉ុន្តែ​អ្នក​សារព័ត៌មាន​មិន​ត្រូវ​បាន​មន្ត្រី​នគរបាល​អនុញ្ញាត​ឲ្យ​ទៅ​ចូល​កៀក​របង​តុលាការ​ទេ ។

លោក​មេធាវី សំ សុ​គង់ ការពារ​ក្តី​ឱ្យ​លោក រ៉ុ​ង ឈុ​ន មាន​ប្រសាសន៍​ថា កូនក្តី​របស់​លោក​ត្រូវ​បាន​នាំ​មក​សាកសួរ​ពាក់ព័ន្ធ​នឹង​ដំណើរ​នៃ​ការចុះ​ទៅ​ជួប​អ្នក​ភូមិ​នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ និង​ការ​ចេញ​សេចក្តីថ្លែងការណ៍ ក៏​ដូច​ជា​ការ​ផ្តល់​ការ​អធិប្បាយ​ជាមួយ​វិទ្យុ​អាស៊ី​សេរី អំពី​បញ្ហា​ព្រំដែន ដែល​លោក រ៉ុ​ង ឈុ​ន អះអាង​ថា មាន​ភាព​មិន​ប្រក្រតី ។ លោក សួង សុ​ភ័​ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ ដែល​តែងតែ​ចេញ​មុខ​ទាមទារ​រក​យុ​ត្តិធម៌​ដល់​លោក រ៉ុ​ង ឈុ​ន បាន​ចាត់​ទុក​សកម្មភាពរបស់​កង​សន្តិសុខ​ថា ជា​ការ​បំបិទ​សិទ្ធិ​បំពាន​ពលរដ្ឋ មិន​ឲ្យ​តាមដាន​ចំណាត់ការ​របស់​តុលាការ​លើ​លោក រ៉ុ​ង ឈុ​ន ។ លោក សួង សុ​ភ័​ណ្ឌ បាន​បន្ទោស​ថា «​ក្រុម​គ្រួសារ​លោក រ៉ុ​ង ឈុ​ន ហ្នឹង​មាន​សិទ្ធិ​តាមដាន អ្នកគាំទ្រ​ហ្នឹង​មាន​សិទ្ធិ​តាមដាន ប្រជាពលរដ្ឋ​ទូទៅ​មាន​សិទ្ធិ​តាមដាន​មើល​តុលាការ​ថា តុលាការ​ហ្នឹង​ឯករាជ្យ​ទេ ។

តុលា​ការ​ដោះស្រាយ​ហ្នឹង​ត្រឹមត្រូវ​ទេ ។ ប៉ុន្តែ​ចំពោះ​បាតុភាព​របស់​សមត្ថកិច្ច បាតុភាព​របស់​អាជ្ញាធរ​មក​រុញច្រាន​អ្នកគាំទ្រ រុញច្រាន​អ្នក​តាមដាន​ស្ថានការណ៍​ហ្នឹង​បំពាន​ច្បាប់​ហើយ រំលោភច្បាប់​ហើយ​» ។នៅ​ក្នុង​ការ​តវ៉ា​ប្រឆាំង​ការ​ចាប់​ឃុំខ្លួន​លោក រ៉ុ​ង ឈុ​ន នៅ​ថ្ងៃ​ទី​១៣ សីហា​នោះ កញ្ញា ឈឿ​នដា​រ៉ា​វី សមាជិកា​មួយ​រូប​ទៀត​នៃ​ក្រុម​យុវជន​ខ្មែរ​ថាវរៈ បាន​អះអាង​ថា កង​សន្តិសុខ​ខណ្ឌ​៧​មក​រា បាន​ឆក់​យក​កាបូប​របស់​នាង​ដែល​នៅ​ក្នុង​នោះ​មាន​សម្ភារ​ដូច​ជា អត្តសញ្ញាណប័ណ្ណ កាត​ធនាគារ និង​លុយកាក់​មួយ​ចំនួន ។កញ្ញា​និយាយ​ថា នាង​បាន​ព្យាយាម​សុំ​ឲ្យ​ប្រធាន​សន្តិសុខ​ខណ្ឌ​៧​មក​រា ជួយ​អន្តរាគមន៍​យក​កាបូប​នោះ​មក​ឲ្យ​នាង​វិញ ក៏​ប៉ុន្តែ​ខាង​ប្រធាន​កង​សន្តិសុខ​ខណ្ឌ​៧​មក​រា​មិន​មាន​ចំណាត់ការ​ទេ ។

គិត​មក​ដល់​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣ ខែ​សីហា​នោះ មាន​សេចក្តីរាយការណ៍​ពី​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ថា យុវតី ឈឿ​ន ដា​រ៉ា​វី ត្រូវ​បាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឃាត់ខ្លួន ។
អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ឯកឧត្តម ជិន ម៉ា​លី​ន មាន​ប្រសាសន៍​ថា ការ​បង្ក្រាប​នេះ​គឺ​ដោយសារ​អ្នក​តវ៉ា​បាន​បំពាន​ច្បាប់ ព្រោះ​មិន​បាន​ជូនដំណឹង​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជា​មុន សម្រាប់​ការ​ប្រមូលផ្តុំ ។ «​បញ្ហា​នេះ គឺជា​ការ​អនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច ។ គាត់​ធ្វើ​តាម​តួនាទី​ភារកិច្ច​របស់​គាត់ បាន​ន័យ​ថា​ប្រើ​គ្រប់​មធ្យោបាយ​ទាំងអស់ ដើម្បី​ធ្វើ​ម៉េច​ទប់ស្កាត់​កុំ​ឲ្យ​មាន​បាតុភាព​ចលាចល​កើតឡើង​» ៕

អត្ថបទសរសេរ ដោយ