ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងអត់! ហេតុ​អី​បានជា​គ្រុឌ​មិន​ត្រូវ​គ្នា​ជាមួយ​នាគ?

3 ឆ្នាំ មុន

ប្រវត្តិ​សត្វ​គ្រុឌសត្វ​គ្រុឌ​មាន​ប្រវត្តិ​តាំងពី​យូរលង់​មក​ហើយ ដែល​សត្វ​នេះ​មាន​ពាក់ព័ន្ធ នៅ​ក្នុង​ទេវ​កថា​នៃ​ព្រហ្មញ្ញ​សាសនា ។ សត្វ​គ្រុឌ​ត្រូវ​គេ​ចាត់ ទុកដូចជា​សត្វ​អច្ឆរិយ ផ្សេង​ៗ​ទៀត​ដែល​ខ្មែរ​បុរាណ​បាន​ឲ្យ​តម្លៃ​តាំងពី​ប្រមាណ​ជាង ២.០០០​ឆ្នាំ​មក​ហើយ ។ នៅ​ក្នុង​ទេវ​កថា​ឥណ្ឌា…

ប្រវត្តិ​សត្វ​គ្រុឌ
សត្វ​គ្រុឌ​មាន​ប្រវត្តិ​តាំងពី​យូរលង់​មក​ហើយ ដែល​សត្វ​នេះ​មាន​ពាក់ព័ន្ធ នៅ​ក្នុង​ទេវ​កថា​នៃ​ព្រហ្មញ្ញ​សាសនា ។ សត្វ​គ្រុឌ​ត្រូវ​គេ​ចាត់ ទុកដូចជា​សត្វ​អច្ឆរិយ ផ្សេង​ៗ​ទៀត​ដែល​ខ្មែរ​បុរាណ​បាន​ឲ្យ​តម្លៃ​តាំងពី​ប្រមាណ​ជាង ២.០០០​ឆ្នាំ​មក​ហើយ ។ នៅ​ក្នុង​ទេវ​កថា​ឥណ្ឌា មាន​សត្វ​ជា​ច្រើន​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ទេព ឬ​ក៏​ជា​ពាក់កណ្តាល​ទេព ឧទាហរណ៍​ដូច ពស់ ឬ​នាគ អណ្តើក ខ្លាឃ្មុំ ស្វា គោ ដំរី ក្ងោក ខ្លា​ជាដើម ។ ដូច​គ្នា​នេះ​ដែរ សត្វ​គ្រុឌ ក៏​មាន​តួនាទី​សំខាន់​ក្នុង​ទេវ​កថា​ឥណ្ឌា ហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​បក្សី​រាជា ។ សត្វ​គ្រុឌ គឺជា​យានជំនិះ​របស់​ព្រះ​វិស្ណុ ហើយ​សត្រូវ​សួ​ពូជ​របស់​គ្រុឌ គឺ​សត្វ​នាគ​។

នៅ​ឥណ្ឌា​មាន​ពិធីបុណ្យ​គោរព​បូជា ដល់​គ្រុឌ​ដែល​តែងតែ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​៥ កើត ខែ​ស្រាពណ៍ ជា​រៀង​រាល់​ឆ្នាំ ។

រឿងនិទាន​ទាក់ទង​នឹង​គ្រុឌ
មហាឥស្សី​ក​ស្សបៈ មាន​ភរិយា​ពីរ​រូប​គឺ​នាង​កា​ឌ្រុ និង​នាង​វី​នី​តា ។ នាង​កា​ឌ្រុ​បាន​ផ្តល់​កំណើត​កូន​ជា​សត្វ​ពស់​មាន​ចំនួន​រាប់​សិប​ពាន់​ក្បាល ហើយ​ត្រូវ​បាន​ចាត់​ទុក​ថា​បុព្វការី​នៃ​សត្វ​ពស់​នៅ​លើ​ផែនដី​នេះ ។ ចំណែកឯ​នាង​វី​នី​តា​បាន​ផ្តល់​កំណើត​ឲ្យ​សត្វ​គ្រុឌ​ដ៏​មាន​អំណាច​ឫទ្ធានុភាព ។

ថ្ងៃមួយ​នាង​កា​ឌ្រុ និង​នាង​វី​នី​តា បាន​លេងល្បែង​ភ្នាល់​គ្នា​ដោយ​ទាយ​ពណ៌​កន្ទុយ​សេះ​ក្បាល​៧ អាច​ហោះ​បាន​ដែល​កើត​ចេញពី​ការ​កូរ​សមុទ្រ​ទឹកដោះ ។ នាង​កា​ឌ្រុ​បាន​ទាយ​ថា កន្ទុយ​សេះ​មាន​ពណ៌​ខ្មៅ រីឯ​នាង​វី​នី​តា ថា​ពណ៌​ស ។ ពួក​គេ​បាន​ភ្នាល់​គ្នា​ថា នរណា​ក៏​ដោយ​ឲ្យ​តែ​ចាញ់ គឺ​ត្រូវ​តែ​បម្រើ​អ្នក​ឈ្នះ ។ នាង​កា​ឌ្រុ​បាន​ប្រើ​ល្បិច​បោកប្រាស់​នាង​វី​នី​តា​ដោយ​ប្រើ​ឲ្យ​កូន​របស់​ខ្លួន​ដែល​ជា​សត្វ​នាគ​ក្លែងខ្លួន​ធ្វើ​ជា​កន្ទុយ​សេះ ។ ដូច្នេះ​ហើយ នាង​វី​នី​តា​ត្រូវ​បម្រើ​នាង​កា​ឌ្រុ និង​កូន ។ នាង​កា​ឌ្រុ បាន​ធ្វើបាប​នាង វី​នី​តា​យ៉ាង​ខ្លាំង ។ ប៉ុន្តែ​ក្រោយមក​ពពួក​នាគ​ថា នឹង​យល់ព្រម​ដោះ​លែង​គ្រុឌ និង​ម្តាយ ប្រសិនជា​គ្រុឌ អាច​ទៅ​យក​ទឹកអម្រឹត​របស់​ព្រះ​ឥន្ទ​បាន ។

គ្រុឌ​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង ទីបំផុត​ទទួល​បាន​ទឹកអម្រឹត ហើយ​បាន​រំដោះខ្លួន និង​ម្តាយ​ពី​ទាសភាព​របស់​នាគ និង​នាង​កា​ឌ្រុ ។ ក្រោយមក​គ្រុឌ និង​ម្តាយ​បានដឹង​ពី​ល្បិច​នេះ ហើយ​បាន​ដាក់​បណ្តាសា​ដល់​នាង​កា​ឌ្រុ ថា​រាល់​កូន​របស់​នាង​កា​ឌ្រុ​ទាំងអស់​គឺ​ត្រូវ​តែ​ក្លាយទៅជា​ចំណី​របស់​កូន​ខ្លួន ។

និយាយ​កាលដែល​គ្រុឌ​ទៅ​លួច​យក​ទឹកអម្រឹត​ពី​ព្រះ​ឥន្ទ គ្រុឌ​បាន​សម្ដែង​ង​ឫ​ទ្ធី​ចេស្តារ​យ៉ាង​អស្ចារ្យ និង​មាន​ភាព​ស្មោះត្រង់ រហូត​បានដឹង​ដល់​ព្រះ​វិស្ណុ ហើយ​ព្រះ​វិស្ណុ​បាន​ផ្តល់​ពរ​ជ័យ ព្រមទាំង​យក​គ្រុឌ​ធ្វើ​ជា​យានជំនិះ​របស់​ព្រះ​អង្គ ។ អានុភាព​ហោះហើរ​របស់​គ្រុឌ​គឺ​លឿន​ជាង​រន្ទះ ហើយ​កម្លាំង​ខ្យល់​ពី​ស្លាប​របស់​គ្រុឌ​គឺ​ខ្លាំង​លើស​ព្យុះសង្ឃរា​នានា ។ ព្រះ​ឥន្ទ​បាន​មក​ស្កាត់ផ្លូវ​គ្រុឌ ប៉ុន្តែ​អ្នក​ទាំង​ពីរ​មិន​ប្រយុទ្ធ​គ្នា​នោះ​ទេ ដោយ​គ្រុឌ​សន្យា​ថា នឹង​ប្រគល់​ទឹកអម្រឹត​ដល់​ព្រះ​ឥន្ទ​វិញ ក្រោយ​ពេល​ប្រគល់​ឲ្យ​នាគ​ហើយ​នោះ ហើយ​ព្រះ​ឥន្ទ សន្យា​ថា​នឹង​ធ្វើ​ឲ្យ​បណ្តាសា​របស់​គ្រុឌ និង​ម្តាយ​ក្លាយជា​ការណ៍​ពិត ។

នៅ​ពេល​យក​ទឹកអម្រឹត​មក​ដល់​មុខ​នាគ​ហើយ​នោះ គ្រុឌ​បាន​ប្រើ​ល្បិច​ប្រាប់​ដល់​នាគ​ថា​ចាំបាច់​ត្រូវធ្វើ​ពិធី សិន​មុន​ពេល​ផឹកទឹក​អម្រឹត​នេះ ហើយ​នៅ​ពេល​ដែល​ពួក​នាគ​កំពុង​ធ្វើ​ពិធី​នោះ ព្រះ​ឥន្ទ​បាន​មក​យក​ទឹកអម្រឹត​ទៅ​វិញ​តែ​កំពប់ទឹក​ខ្លះ​នៅ​លើ​ស្មៅ ។

នៅ​ពេល​ដែល​ឃើញ​ទឹក​កំពប់​នៅ​លើ​ស្មៅ​ហើយ ពួក​នាគ​ទាំងឡាយ​ខំប្រឹង​លិទ្ធ​ទឹក​អ​ម្រិ​ត​ទាំងនោះ​រហូត​ដល់​អណ្តាត​ប្រេះ​ជា​ពីរ​ដោយសារ​ស្មៅ រហូត​ដល់​សព្វ​ថ្ងៃនេះ ព្រះ​វិស្ណុ​បាន​ផ្តល់​វេហា​ទាំងមូល​ជាទី​លំនៅ​របស់​គ្រុឌ ហើយ​រៀប​ការ​គ្រុឌ ជាមួយ​នាង​ឧណា​តី ។ គ្រុឌ និង​នាង​ឧណា​តី មានកូន​ពីរ​នាក់​គឺ​ស​ម្ប៉ា​ទិ និង​ជតាយុ ដែល​កូន​ទាំង​ពីរ​នេះ​មាន​តួនាទី​ផង​ដែរ​នៅ​ក្នុង​រឿង​រា​មាយា​ណៈ ។

ដកស្រង់​ពី​ខ្សែ​រឿង មហាភារតៈយុទ្ធ
ក្នុង​រឿង​ទេវ​កថា​មួយ​តំណាល ថា គ្រុឌ គឺជា​មនុស្ស​ដែល​មាន​ក្បាល​ជា​បក្សី ក្រុម​គ្រុឌ មួយ​ចំនួន​មាន​អំណាច​វេទមន្ត​នៃ​ការ​កាឡាខ្លួន​ទៅ​ជា​មនុស្ស នៅ​ពេល​ដែល​ពួក​គេ​មាន​បំណង​ចង់​ទាក់ទង​ជាមួយ​មនុស្ស ។ លំនៅ​ដ្ឋា​ន​របស់​ពួក​គ្រុឌ គឺ​មាននៅ​ក្នុង​ព្រៃ​នៃ simbalī ឬ​ដើមឈើ​សូត្រ​-​កប្បាស ។ នៅ​ថ្ងៃមួយ ស្ដេច​គ្រុឌ មាន​ស្នេហា​ជាមួយនឹង​នារី​មនុស្សលោក តំណាលគ្នា ទៅ​នឹង​ស្ដេច​នាគ ដែល​មាន​អំណាច​វេទមន្ត​នៃ​ការ​កាឡាខ្លួន​ទៅ​ជា​មនុស្ស​ដូច​គ្នា ។

គួប​ផ្សំ​នឹង​ការ​ប្រណាំងប្រជែង​ក្នុង​រឿង​នេះ ស្ដេច​គ្រុឌ បាន​ប្រកាសសង្គ្រាម​ប្រយុទ្ធ​នឹង​ស្ដេច​នាគ យ៉ាង​ខ្លាំងក្លា តែ​ភាព​ឆ្លាត​វៃ​របស់​ស្ដេច​នាគ​បាន​ធ្វើ​ឲ្យ​សង្គ្រាម​មួយ​នេះ​មិន​អាច​ដឹង​ចាញ់​ឈ្នះ ។ ក្រោយមក​មាន​ក្រុម​តាបស​កា​រ៉ា​ប៊ី ដែល​គាំទ្រ ពួក​គ្រុឌ បាន​បង្ហើប​ឱ្យ​ដឹង​ចំណុចខ្សោយ​របស់​ពួក​នាគ ទៅ​ពួក​គ្រុឌ ដែល​បាន​បង្រៀន​ពួក​គ្រុឌ អំពី​បៀ​ប​ដើម្បី​ចាប់​យក​ស្ដេច​ភុជង្គនាគ ដោយ​កន្ទុយ ហើយ​បង្ខំ​ឱ្យ​ក្អួត​ចេញ​ដុំ​ថ្ម​ភ្លើង​នោះ ធ្វើ​ឲ្យ​ពួក​នាគ​ហត់នឿយ និង​អស់អំណាច​ដុំ​ភ្លើង​នោះ ពួក​គ្រុឌ បាន​ចាប់​ក្បាល​ពួក​នាគ និង​សម្លាប់​ចោល ។

ក្រោយ​ពី​ពួក​នាគ​ដឹងខ្លួន​ថា​មិន​អាច​ប្រយុទ្ធ​ឈ្នះ​ពួក​គ្រុឌ ពួក​នាគ​ក៏​ទៅ​សុំ​ឲ្យ​មានការ​ជួយ​ពី​ព្រះ​វិស្ណុ ។ ព្រះ​វិស្ណុ​ក៏​ស្នើ​ឲ្យ​មានការ​ផ្អាក​ប្រយុទ្ធ និង​ព្រមព្រៀង​រវាង​ស្ដេច​គ្រុឌ និង ស្ដេច ភុជង្គនាគ។ ក្រោយមក​ព្រះ​វិស្ណុ សន្យា​ថា នឹង​ឲ្យ​មនុស្សលោក​ដាក់​ស្ដេច​គ្រុឌ នៅ​ក្នុង​ស្ថាន​ភាពល្អ​គ្មាន​គូ​ប្រៀប​មួយ គឺ​នៅ​តាម​ផ្នែក​ខាងលើ​សសរស្តម្ភ​នៃ​ដំណាក់ ឬ​ព្រះ​វិហារ ឬ​នៅ​ពីលើ​លំនៅ​ដ្ឋា​ន ដោយសារ​តែ​ព្រះ​វិស្ណុ ចង់​ឲ្យ​ស្ដេច​គ្រុឌ ធ្វើ​ជា​យានជំនិះ ក្នុង​ការ​ព្រមព្រៀង​នេះ ។

ចុង​ក្រោយ​ពួក​គ្រុឌ ស្ថិត​ក្នុង​ចំណោម​ដែល​ត្រូវ​បាន​តែងតាំង​ដោយ Śakra ដើម្បី​ការពារ​ភ្នំ​ព្រះ​សុមេរុ និង​លំហ ពី​ការ​វាយប្រហារ​របស់​ពួក​អសុរា ។ ចំណែក​ស្ដេច​នាគ ត្រូវ​បាន​ព្រមព្រៀង ដើម្បី​បង្អុរ​ទឹកភ្លៀង​ដល់​មនុស្សលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ