ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំ​រាំង​ខ្វាវ អតីត​ទី​ធម្មជាតិ​លំហែកាយ​របស់​បារាំង ក្លាយជា​តំបន់​ទាក់ទាញ​ជា​ថ្មី

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​កន្លង​មក​អ្នកទេសចរ​មួយ​ក្រុម​ចំនួន​២១​នាក់​ពី​ភ្នំពេញ បាន​ឡើង​ភ្នំ​ខ្វាវ ហៅ​ភ្នំ​តា​ក្រហម​ក សម្រាក​លំហែកាយ​យ៉ាង​សប្បាយ​រីករាយ ។ ភ្នំ​រាំង​ខ្វាវ ហៅ​ភ្នំ​តា​ក្រហម​ក មាន​ទីតាំង​ក្នុង​ដែនជម្រកសត្វព្រៃ​ឱ​រ៉ា​ល់…

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​កន្លង​មក​អ្នកទេសចរ​មួយ​ក្រុម​ចំនួន​២១​នាក់​ពី​ភ្នំពេញ បាន​ឡើង​ភ្នំ​ខ្វាវ ហៅ​ភ្នំ​តា​ក្រហម​ក សម្រាក​លំហែកាយ​យ៉ាង​សប្បាយ​រីករាយ ។

ភ្នំ​រាំង​ខ្វាវ ហៅ​ភ្នំ​តា​ក្រហម​ក មាន​ទីតាំង​ក្នុង​ដែនជម្រកសត្វព្រៃ​ឱ​រ៉ា​ល់ ភូមិសាស្ត្រ​ខេត្តពោធិ៍សាត់ ។ ដំណើ​កម្សាន្ត​នោះ​អ្នកទេសចរ​បាន​សម្របសម្រួល​ជាមួយ​សហគមន៍​ការពារ​ធម្មជាតិ​រាំង​ខ្វាវ និង​មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់​ចំនួន​១​នាក់ ជា​អ្នក​នាំ​ផ្លូវ​ក្នុងភូមិ​សាស្ត្រ​តំបន់ការពារធម្មជាតិ ។

នេះ​ជា​ការ​ឲ្យ​ដឹង​ពី​លោក​ប៉ាន មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ ។ លោក​ឲ្យ​ដឹង​ទៀត​ថា ការ​ធ្វើ​ដំណើរ​ឡើង​ភ្នំ​លោកតា​ក្រហម​ក​ត្រូវ​ចំណាយពេល​១​យប់​២​ថ្ងៃ ហើយ​ឆ្លងកាត់​ពីរ​ដំណាក់កាល ដំណាក់​ទី​១​គឺ​មានទឹក​ហូរ​ថ្លា​ឆ្វង់​អាច​ហែល​ទឹក​លេង​កម្សាន្ត ។ ដំណាក់កាល​ទី​២​គឺ​កំពូលភ្នំ​លោកតា​ក្រហម​ក ជា​កន្លែង​ដែល​អាច​ឈរ​មើល​ព្រៃ​ព្រឹក្សា និង​ទេសភាព​ជុំវិញ​ភ្នំ ជា​ពិសេស​មើល​ថ្ងៃ​លិច​នៅ​លើ​កំពូលភ្នំ​បាន​យ៉ាង​ស្រស់​ស្អាត ។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​បញ្ជាក់​ថា​«​តំបន់​ភ្នំ​រាំង​ខ្វាវ​ក៏​មាន​ទឹកធ្លាក់​ឆា​យស​ន្ទ​រ​ស្អាត​ណាស់ ហើយ​អាច​និយាយ​ឲ្យ​អស់​ថា ស្អាត​មែនទែន​តែ​ម្តង និង​កម្រ​មាននៅ​ក្នុង​ចំណោម​រមណីយដ្ឋាន សំខាន់​ៗ នៅ​កម្ពុជា​យើង ។ វា​កាន់តែ​ទាក់ទាញ​ថែម​ទៀត​សម្រាប់​ភ្ញៀវ​ទេសចរ​បែប​ផ្សងព្រេង ព្រោះថា​តំបន់​នោះ​មិន​គ្រាន់តែ​បង្ហាញ​នូវ​សម្រស់​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​បង្កប់​នូវ​រឿងរ៉ាវ​នៃ​ប្រវត្តិសាស្ត្រ​ថែម​ទៀត ។ តាម​ដឹង​តំបន់​នោះ​ត្រូវ​បាន​រក​ឃើញ​តាំងពី​សម័យ​បារាំង​មក​ម្ល៉េះ ហើយ​ក៏​ជា​កន្លែង​សម្រាក​កម្សាន្ត​លំហែកាយ​របស់​ពួក​គេ​ថែម​ទៀត​» ។

តំបន់​រាំង​ខ្វាវ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជាង​៤០​គីឡូ​វ​ម៉ែត្រ​ពី​ទីរួមស្រុក​ភ្នំក្រវាញ និង​ប្រមាណ​ជាង​៦០​គីឡូម៉ែត្រ​ពី​ទីរួមស្រុក​ក្រគរ នៃ​ខេត្តពោធិ៍សាត់ ។ ប៉ុន្តែ​អ្វី​ដែល​មិន​អាច​ធ្វើ​ដំណើរ​ដោយ​រលូន​ទៅ​កាន់​តំបន់​នោះ ដោយសារ​តែ​បញ្ហា​ផ្លូវ​ដែល​កំពុង​តែ​សិក្សា និង​រៀបចំ​នៅឡើយ ។

លោក​ប្រធាន​មន្ទីរ​រំពឹង​ថា ក្នុង​ពេល​ដែល​អាជ្ញាធរ​ខេត្ត​រៀបចំ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័ សំខាន់​ផ្លូវ​ទៅ​កាន់​តំបន់​នោះ​រួចរាល់​ហើយ​នោះ ភ្ញៀវ​ទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​នឹង​ទៅ​កាន់​ទឹកធ្លាក់​តំបន់​រាំង​ខ្វាវ​មិន​ខាន ហើយ​ពួក​គេ​នឹង​ភ្ញាក់ផ្អើល ប្លែក​អារម្មណ៍​នឹង​សម្រស់​ធម្មជាតិ​ប្លែក​ៗ​ស្រស់​ស្អាត​ដែល​ពួក​គេ​មិន​នឹក​ស្មាន​ដល់ ។

តំបន់​នោះ​អាច​នឹង​ទាក់ទាញ​បំផុត​សម្រាប់​ភ្ញៀវ​ទេសចរ​បែប​ផ្សងព្រេង ភាគច្រើន​ជា​ជនបរទេស ។ វា​មិន​ត្រឹម​ជា​ជា​រមណីយដ្ឋាន​បម្រើ​ឲ្យ​ការ​លំហែ​កម្សាន្ត​នោះ​ទេ តែ​ក៏​ជា​តំបន់​សម្រាប់​ការ​ស្រាវជ្រាវ​ផង​ដែរ ។

សហគមន៍​រាំង​ខ្វាវ មាន​កន្លែង​កម្សាន្ត​ដូច​ជា កំពូលភ្នំ​ខ្វាវ ឬ​ភ្នំ​លោកតា​ក្រហម​ក ដែល​មាន​កម្ពស់​១៣០០​ម៉ែត្រ អណ្ដូង​ត្រាំ​ស្បែក​គង់ និង​ទឹក​ហូរ​ស្ទឹង​សេនាធិការ​យ៉ាង​ស្រស់​ស្អាត ។ បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៤ និង​ទទួលស្គាល់​ដោយ​ក្រសួងបរិស្ថាន​ឆ្នាំ​២០១៧ សហគមន៍​រាំង​ខ្វាវ​មាន​ផ្ទៃដី​៧៧៦​ហិ​កតា និង​មាន​ប្រជាពលរដ្ឋ​ចំនួន​២៧៧​គ្រួសារ ភាគច្រើន​ជា​ជនជាតិ​ដើម​ភាគតិច​សួយ​កំពុង​រស់នៅ ។ ប្រជាពលរដ្ឋ​នៅ​ទីនោះ​រក្សា​បាន​នៅ​ទំនៀមទម្លាប់​ប្រពៃណី​ដូច​ជា ឡើងអ្នកតា សែនព្រេន ឡើង​អារក្ខ ជន់​អារក្ខ​… ។

ដើម្បី​ធ្វើ​ដំណើរ​ទៅ​លេង​ភ្នំ​លោកតា​ក្រហម​ករ​នេះ អ្នកទេសចរ​អាច​ជ្រើសរើស​ផ្លូវ​ធ្វើ​ដំណើរ​ចំនួន​បី​ផ្សេង​គ្នា ដោយ​ចេញពី​ភ្នំពេញ​ទៅ​ដល់​ផ្លូវ​ទី​១ គឺ​ចូល​តាម​បំ​ណ​ក់ (​ច្រក​ល្អៀង​) ដែល​មាន​ប្រវែង​ប្រហែល​៣០​គីឡូម៉ែត្រ ។ ផ្លូវ​ទី​២ ចូល​តាម​ព្រ​ងឹល​ស្រុក​ភ្នំក្រវាញ ដែល​មាន​ចម្ងាយ​ប្រហែល​៤៧​គីឡូម៉ែត្រ ។ ផ្លូវ​ទី​៣ ចូល​តាម​ក្លោ​ង​ទ្វា​វត្ត​កណ្ដាល (​ទីរួមស្រុក​ក្រវាញ​) កាត់​តាម​ភូមិ​មុ​ល ដែល​មាន​ប្រវែង​៣៧​គីឡូម៉ែត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ