ខេត្តកំពុងស្ពឺ ៖ ការភ្ញាស់ និងការចិញ្ចឹមសត្វនានាមើលទៅហាក់បីដូចជា ងាយស្រួល ប៉ុន្តែបើក្រឡេកទៅមើលការចិញ្ចឹម ឬការភ្ញាស់ទាំងនោះហាក់បីដូចជា មិនមានភាពងាយស្រួលនោះទេ រហូតបងប្អូនប្រជាពលរដ្ឋខ្លះ បានជួបឧបសគ្គមិនក្រោម ១លើកទេ ។
តួយ៉ាងអាជីវកម្ម ក្នុងការភ្ញាស់កង្កែបរបស់យុវជនម្នាក់បានធ្វើឱ្យគាត់មានបទពិសោធន៍កាន់តែច្រើន ក្រោយបរាជ័យច្រើនលើកច្រើនសារនោះ ។ ក្រោយបរាជ័យច្រើនលើក លោក ឈុន ហួ និងឈុន កែវ បាននៅតែបន្តក្នុងការដំណើរការកសិដ្ឋានរបស់ពួកគាត់ ដោយរៀន និងស្រាវជ្រាវ និងព្យាយាមសិក្សាពីគ្នាទៅវិញទៅមកផងដែរ ។ មានទីលំនៅ ភូមិក្របីត្រាំង ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពុងស្ពឺ លោកឈុន ហួ បានចាប់ផ្តើមភ្ញាស់និងចិញ្ចឹមកង្កែប តាំងពីឆ្នាំ២០១៨ ដោយប្រើប្រាស់ដើមទុនអស់ ៣០ ០០០ដុល្លារ ប៉ុន្តែលោកបានជួបបញ្ហាជាបន្តបន្ទាប់ទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ហើយបទពិសោធន៍ទៀតនោះហាក់នៅក្មេងខ្ចី ។
លោក ឈុន ហួ បានប្រាប់សារព័ត៌មានកោះសន្តិភាព នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ នេះថា «បញ្ហាជាច្រើនបានកើតឡើងចំពោះពួកយើង ដោយការចំណាយផ្នែកហិរញ្ញវត្ថុមិនត្រូវតាមតម្រូវការ (ចេះតែចាយពេលលក់បាន) ហើយធនធានមនុស្សរបស់យើងនៅមិនទាន់ខ្លាំងមានន័យយើងរៀនមិនទាន់ដល់ក៏ថាបាន ហើយមួយវិញទៀតការសិក្សាពីគ្នាជាមួយដៃគូមានការទាស់ទែងគ្នាច្រើនក្នុងក្រុមការងារ និងសីលធម៌របស់ពួកយើងនៅខ្សោយ ។ បញ្ហាបន្ទាប់ គឺការលក់ក៏ព្រោះខ្ញុំធ្លាប់លក់សាច់កង្កែបខាតបង់ច្រើនតោនផងដែរ ក៏ព្រោះមានម្តងនោះខ្ញុំត្រូវបានអាជីករមួយកន្លែងកេងចំណេញលើខ្ញុំអស់ជាច្រើនតោន» ។ នៅពេលយើងបានជួបនូវបញ្ហាទាំងនេះហើយពួកយើងចាប់ផ្តើមពិភាក្សាររកមធ្យោបាយ ដើម្បីដោះស្រាយ ។
ដូចនេះយើងចាប់ផ្តើមពីការនិយាយការគិត និងមិនប្រើប្រាស់ផ្នែកហិរញ្ញវត្ថុផ្តេសផ្តាសដូចមុន ហើយនិងការចំណាយត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ។ ហើយដោយសារឆន្ទ:គោលដៅ និងផែនការច្បាស់លាស់បន្ទាប់ពីជួបបញ្ហាទាំងនោះមកទើបលោកមានថ្ងៃនេះ ។
យុវជនវ័យ២៨ឆ្នាំ រូបនេះបានបន្តថា «ខ្ញុំយល់ឃើញថា ការបរាជ័យនៃអាជីវកម្មមួយចំនួន គឺឮមកពីពួកគាត់មិនទាន់មានសមត្ថភាពក្នុងការលក់ ឬមិនមានទំនាក់ទំនងទីផ្សារច្រើន (មានទំនាក់ទំនងជាមួយអ្នកលក់ផ្សេងៗទៀតក្នុងផ្សារ ឬកន្លែងនានាដែលគេដាក់លក់ផលិតផលទាំងអស់នោះ)។ ដូចនេះហើយបានជាខ្ញុំត្រូវចំណាយលុយ ៣០០០ ដុល្លារសម្រាប់សិក្សា និងដើម្បីការភ្ជាប់ទំនាក់ទំនងជាមួយសាធារណៈជនមនុស្ស និងទីផ្សារនានាក្នុងស្រុកផងដែរ ។
ការភ្ជាប់ទំនាក់ទំនងជាមួយអ្នកជំនួញ និងអាជីវករនានា ពិតជាសំខាន់ណាស់សម្រាប់អាជីវកម្មទីផ្សារ» ។ លោកបានបន្ថែមថា ក្នុងចំនួនដើមទុន ៣០០,០០ ដុល្លារអាមេរិក នៃការចាប់ផ្តើមអាជីវកម្មក្នុងនោះ៣០០០ ដុល្លារ សម្រាប់ចាយទៅលើទំនាក់ទំនង ឬធ្វើយ៉ាងណា ដើម្បីឱ្យបានស្គាល់អ្នកលក់ក្នុងផ្សារច្រើនការសិក្សាលើទីផ្សារ និងបច្ចេកទេសនានា ។ រីឯការចំណាយទឹកប្រាក់ ៥០០ ដុល្លារអាមេរិក គឺសម្រាប់សិក្សាអំពីជំនាញអាជីវកម្មតែម្តង ។
សូមជម្រាបថា បច្ចុប្បន្នក្នុងកសិដ្ឋានរបស់លោកមានមេ ៧០០ក្បាល និងបា ១៣០០ក្បាល និងកូនល្មមលក់ចំនួន ២០ ០០០ក្បាល ក្នុងមួយខែជាមធ្យមអាចរកចំណូលបានជាង ៥០០ដុល្លារ ហើយកូនបង្កែបពូជមានឈ្មោះថា កង្កែបរណា ដែលបាននាំចូលពីប្រទេសថៃផងដែរ ។
ទាក់ទងការលក់ផងដែរ លោកបានបែងចែកជាពីរប្រភេទ គឺការលក់ពូជ និងការលក់សាច់ ។ តាមយុវជនរូបនេះបាននិយាយទីផ្សារកូនកង្កែបកំពុងមានការកើនឡើងស្ទើរគ្រប់បណ្តាខេត្ត បន្ទាប់ពីលោកបានចាប់ផ្តើមធ្វើការផ្សព្វផ្សាយលើបណ្តាញសង្គមដូចជា YouTube និង Facebook ជាដើម ដែលភាគច្រើនប្រជាជនមកបញ្ជាទិញតាមរយៈបណ្តាញទាំងនោះ ហើយប្រសិនបើមានលទ្ធភាពផលិតកូនលោកថា អាចនឹងលក់បានរហូតដល់ ៥០០០០,០០ ក្បាលក្នុងមួយខែ ។ ក៏មានក្តីសង្ឃឹមយ៉ាងខ្លាំង នាពេលអនាគតនោះលោក ហួ មិនត្រឹមតែចង់ពង្រីកក្នុងទីផ្សារក្នុងស្រុកប៉ុណ្ណឹងទេ តែលោកក៏សង្ឃឹមយ៉ាងម៉ុតមាំថា អាចលូកចូលក្នុងទីផ្សារអន្តរជាតិដូចជា ប្រទេសចិនជាដើម ។
លោក ហួ បានបន្តថា «ខ្ញុំមានក្តីសុបិន្តថា ខ្ញុំមិនត្រឹមលក់ឱ្យធំទូលាយក្នុងទីផ្សារក្នុងស្រុកនោះទេ តែខ្ញុំក៏មានបំណងក្នុងលក់ទៅក្នុងទីផ្សារ ក្នុងប្រទេសចិនផងដែរ» ។ ក្នុងដែលទទួលបានជោគជ័យទាំងនេះលោក ហួ តែងតែជំរុញ និងលើកទឹកចិត្តខ្លួនឯងជានិច្ចក្នុងការបើកអាជីវកម្មនេះដោយលោកបានគិតជាអាទិភាពនោះ ទី១ ក្តីសុបិន្ត ទី២ ការគិតវជ្ជមាន ទី៣ ចាប់ផ្តើមធ្វើដោយមានភាពទទួលខុសត្រូវខ្ពស់ និងមានភាពវ័យឆ្លាតក្នុងការតាមដានអាជីវកម្មនេះ ៕
ចែករំលែកព័តមាននេះ