ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក​ន្ទេ​ល​ធំ​បន្លំ​ដេក​! ឈូស​ដី​ព្រៃ​ខ្ទេចខ្ទី​ទៀត​ហើយ លក់​ឱ្យ​ចិន?

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ក្រោម​លេស​ឈូស​ដី​ប្លង់​១ តែ​មួយ​ប្លង់​តូច​ទេ ស្រាប់តែ​ក្រុម​ឈ្មួញ​បាន​ដាក់​គ្រឿង​ចក្រ​ឈូស​ដី​ព្រៃរបស់​រដ្ឋ ដើម្បី​លក់​ឱ្យ​ចិន​ក្នុង​តម្លៃ​រាប់​សិប​ម៉ឺន​ដុល្លារ ដោយ​គ្មាន​ខ្លាចរអារ​ច្បាប់​បន្តិច​ណា​ទាល់តែ​សោះ​។ សកម្មភាព​នេះ ទំនងជា​គេ​អាងខ្នង​បង្អែក​ក្រុមប្រឹក្សា​ស្រុក​សំរោង​ទង​មួយ​រូប​ជា​អ្នក​រត់ការ​ហើយ​។ ការ​ឈូស​ដី​នេះ…

ខេត្តកំពង់ស្ពឺ ៖ ក្រោម​លេស​ឈូស​ដី​ប្លង់​១ តែ​មួយ​ប្លង់​តូច​ទេ ស្រាប់តែ​ក្រុម​ឈ្មួញ​បាន​ដាក់​គ្រឿង​ចក្រ​ឈូស​ដី​ព្រៃរបស់​រដ្ឋ ដើម្បី​លក់​ឱ្យ​ចិន​ក្នុង​តម្លៃ​រាប់​សិប​ម៉ឺន​ដុល្លារ ដោយ​គ្មាន​ខ្លាចរអារ​ច្បាប់​បន្តិច​ណា​ទាល់តែ​សោះ​។ សកម្មភាព​នេះ ទំនងជា​គេ​អាងខ្នង​បង្អែក​ក្រុមប្រឹក្សា​ស្រុក​សំរោង​ទង​មួយ​រូប​ជា​អ្នក​រត់ការ​ហើយ​។

ការ​ឈូស​ដី​នេះ ធ្វើ​ឡើង​នៅ​ចំណុច​ក្បាលដំរី ភូមិ​លាក់​តាន និង​ភូមិ​ចំបក់ ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។ ថៅកែ​គ្រឿ​ចក្រ​បានឱ្យ​ដឹង​ថា ឈ្មោះ ខន រស់ នៅ​ក្រុង​ច្បារមន ចំណែក​បុរស​ដែល​ឈរឈ្មោះ និង​ធ្វើ​កុងត្រា​ឈ្មោះ សំ ពែ​ល រស់នៅ​ភូមិ​ក្បាលដំរី ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ រីឯ​អ្នក​រត់ការ​ឯកសារ​ជា​ក្រុមប្រឹក្សា​ស្រុក​សំ​រោទ​ង​ឈ្មោះ គង់ ប៊ុ​ន​ហ៊ុន​។

បើ​តាម​ប្រជាពលរដ្ឋ​ជា​ច្រើន​រស់នៅ​តំបន់​ខាងលើ​បាន​រៀបរាប់​ថា ក្រុម​ឈ្មួញ​ដំបូង​ឡើយ​បាន​យក​​គ្រឿងចក្រ​ឈូស​លើ​ដី​ប្លង់​០១ របស់​ប្រជាពលរដ្ឋ ពេល​នោះ​ក៏​មានការ​តវ៉ា​មិន​ឱ្យ​ឈូស តែ​ត្រូវ​ក្រុម​ឈ្មួញ​អះអាង​ថា ដី​ដែល​ពួក​គេ​ឈូស​ជា​ដី​ព្រៃរបស់​រដ្ឋ គេ​មាន​អ្នក​រត់ការ​ជាមួយ​ថ្នាក់លើ​រួច​អស់ហើយ មិនបាច់​មក​តវ៉ា​នោះ​ទេ​។

ក្រុម​ពលរដ្ឋ​បន្ត​ថា ក្រុម​ឈ្មួញ​ដែល​មានឈ្មោះ សំ ពែ​ល ជា​អ្នក​រៀបចំ​ដី​លក់​ឲ្យ​ចិន​បាន​ធ្វើ​កុងត្រា​ជាមួយ​ចិន នៅ​លើ​ផ្ទៃដី​ទំហំ​ប្រមាណ​ជា 60 ហិ​កតា ក្នុង​ហ្នឹង​ដី​មាន​ប្លង់​រឹង (01) តិចតួច​ទេ​។ ក្រៅពី​ហ្នឹង គឺ​សុទ្ធតែ​ដី​ព្រៃ​ទាំងអស់​។

ពលរដ្ឋ​អះអាង​ថា ឥឡូវ​ហ្នឹង​ពួក​គេ​បាន​ដាក់​គ្រឿងចក្រ​ចូល​មក​ឈូស​ឆាយ ហើយ​ការ​ឈូស​ឆាយ​ហ្នឹង​ទៀត សោត​ក៏​ប៉ះពាល់​ទៅ​លើ​ដី​ប្លង់​០១ របស់​ពួក​គាត់​ដែល​នៅ​ជិត​នឹង​ដែរ បើ​ទោះជា​ពួក​គាត់​បាន​ឃាត់​យ៉ាងណា ក៏​ក្រុម​គ្រឿងចក្រ​មិន​ស្តាប់​ដែរ​។

តាម​ការ​និយាយ​ប្រាប់​របស់​លោក ភា អនុប្រធាន​ភូមិ​ក្បាលដំរី គាត់​បាន​បញ្ជាក់​ប្រាប់​ថា ដី​ដែល​ឈ្មួញ​កំពុង​ឈូស​ហ្នឹង​មាន​ប្លង់​រឹង តែ​1​ប្លង់​ហ្នឹង​គឺ​តិចតួច​ទេ ក្រៅពី​នោះ​គឺ​សុទ្ធតែ​ជា​ដី​ដែល​អត់​មាន​ប្លង់ ។ លោក​អនុ​ភូមិ​បន្ត​ថា និយាយ​រួម​សុទ្ធ​សឹង​ជា​ដី​ព្រៃ តែ​គេ​ប្រើ​រូបភាព​ថា​សុំ​ឈូស​ដី​ប្លង់​០១ ដើម្បី​បន្លំ​ភ្នែក​ថ្នាក់ដឹកនាំ​តែ​ប៉ុណ្ណោះ​។

បុរស​ម្ចាស់​គ្រឿងចក្រ​បាន​ប្រាប់​ផង​ដែរ​ថា ម្ចាស់​ដី​ដែល​ទាក់ទង​គាត់​ឲ្យ​ឈូស​ហ្នឹង គឺ​គេ​អះអាង​ប្រាប់​គាត់​ថា មាន​ប្លង់​ត្រឹមត្រូវ ហើយ​បាន​ស្នើ​សុំ​ធ្វើការ​ឈូស​ឆាយ​ទៅ​ខេត្ត​រួច​ហើយ​។

ដោយឡែក​លោក មួ ង​ធី អភិបាលស្រុក​ឱ​រ៉ា​ល់ បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ករណី​ហ្នឹង លោក​បានអោយ​ក្រុមការងារ​ស្រុក​ចុះ​ទៅ​ត្រួតពិនិត្យ​ដែរ ដើម្បី​ស្នើ​សុំ​ច្បាប់​ឈូស​ឆាយ​។ តែ​ចុ​ង​ក្រោយ​លោក​បាន​បញ្ជាក់​ថា សង្ស័យ​តែ​គេ​ឈូស​ដី​ដែល​មាន​ប្លង់​០១ ហើយ​មើលទៅ​ទើប​គេ​ហ៊ាន​ធ្វើ​បែប​នេះ​។

សូម​បញ្ជាក់​ថា ក្រុម​ឈ្មួញ​បាន​ចាប់ផ្ដើម​ឈូស​ឆាយ​តាំងពី​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០២០ ដែល​រហូត​មក​ដល់​ថ្ងៃ​ទី​12 សីហា ឆ្នាំ​2020 នេះ ក្រុម​ឈ្មួញ​នៅ​តែ​បន្តសកម្មភាព​ឈូស​ដី​ព្រៃ​ដដែល ដោយ​គ្មាន​ការ​អើពើ​ឃាត់​ពី​សំណាក់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ណាមួយ​ឡើយ​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ