រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់បានធ្វើសកម្មភាពលួចដឹកមេគោ១ក្បាលរបស់អ្នកស្រុកនៅក្នុងភូមិសាស្ត្រ សង្កាត់កំបូល ខណ្ឌកំបូល ហើយបានដឹកដើរតាមផ្លូវទៅដល់ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ ក៏ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោមល្បាតប្រទះឃើញគួរឲ្យសង្ស័យ ខណៈនោះកម្លាំងនគរបាលក៏បានធ្វើការឃាត់ខ្លួនបានម្នាក់ រួចជជីកសួរនាំ ទើបដឹងថាគឺជាចោរ ហើយមេគោដែលដឹកនោះគឺទើបតែលួចបានថ្មីៗថែមទៀតផង រីឯបក្សពួក២នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល។
ការឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលើនោះបានធ្វើឡើងកាលពីវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នៅក្នុងភូមិចំការត្បែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនដែលសង្ស័យថាជាមុខសញ្ញាចោរលួចគោនោះឈ្មោះ ជ្រុន ភាស់ អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិតាស្មន់ ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ សព្វថ្ងៃស្នាក់នៅផ្ទះជួលក្នុងនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ក្នុងនោះនគរបាលដកហូតបានមេគោសម្បុរ.ស១ក្បាល ដែលមានម្ចាស់ឈ្មោះ ក្តាត លឹម ភេទស្រី អាយុ៥៨ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ក្រោយពេលឃាត់ខ្លួនសួរនាំ ជនសង្ស័យខាងលើបានឆ្លើយសារភាពថា នៅមុនពេលត្រូវនគរបាលឃាត់ខ្លួននោះ គឺខ្លួនរួមនឹងបក្សពួក២នាក់ទៀតបានធ្វើសកម្មភាពលួចដឹកមេគោ១ក្បាលនេះនៅចំណុចវាលស្រែភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល ។ លុះក្រោយពេលលួចបាន បក្ខពួក២នាក់ទៀតក៏បាននាំគ្នាដឹកមេគោដើរគេចខ្លួន ហើយពេលទៅដល់វត្តភ្នៀតសិម្ពលី សង្កាត់ស្នោរ ខណ្ឌកំបូល ទើបខ្លួនដឹកបន្តពីបក្ខពួកវិញម្ដង ដោយដឹកសំដៅទៅកាន់ភូមិចំការត្បែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្រាប់តែបានជួបកម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោមកំពុងល្បាតតាមផ្លូវឃាត់ខ្លួនតែម្ដង ហើយបក្សពួក២នាក់ទៀតបានគេចខ្លួនបាត់។
តាមប្រភពពីប្រជាពលរដ្ឋបាននិយាយថា មួយរយៈពេលកន្លងមកនេះ មានអ្នករងគ្រោះដោយចោរលួចគោជាបន្តបន្ទាប់នៅក្នុងខណ្ឌពោធិ៍សែនជ័យ ហើយចោរតែងតែគេចខ្លួនបាត់ដោយសុវត្ថិភាពមិនដែលចាប់បានឡើយ ។
តាមប្រភពដដែលបានបន្តថា ជាក់ស្ដែងមេគោចំនួន៣ក្បាលរបស់ឪពុកតារាកំប្លែងនាយឆ្អឹង ដែលមានតម្លៃជិត១ម៉ឺនដុល្លារ ត្រូវបានចោរលួចដឹកយកទៅបាត់កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ ខណៈដែលគាត់ចងទុកនៅក្នុងដីឡូត៌មួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ រហូតមកដល់ពេលនេះរយៈពេល៣ថ្ងៃកន្លងមកហើយ សមត្ថកិច្ចមិនទាន់វែកមុខចោរឃើញនៅឡើយទេ ។ ដោយឡែកជនសង្ស័យម្នាក់ដែលត្រូវចាប់ខ្លួននៅពេលនេះសង្ស័យថាមានការជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពលួចមេគោឪពុកក្មេកនាយឆ្អឹងផងដែរ។
នគរបាលបានឲ្យដឹងថា នៅមុនពេលចាប់ខ្លួនជនសង្ស័យរូបនេះ កម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោមបានចេញល្បាតពួនស្ទាក់បទល្មើសនៅក្នុងមូលដ្ឋាន ហើយក៏បានប្រទះឃើញឃើញជនសង្ស័យខាងលើកំពុងដឹកមេគោដើរតាមផ្លូវក៏ឃាត់សួរនាំទើបដឹងថាទើបលួចមេគោនេះបានថ្មីៗ ហើយយកទៅរកកន្លែងលក់។ បន្ទាប់មកកម្លាំងបាននាំទៅសាកសួរនៅប៉ុស្តិ៍ ក្រោយមកបានប្រគល់បន្តនគរបាលប៉ុស្តិ៍កំបូល ខណ្ឌកំបូល ដើម្បីសាកសួរកសាងសំរឿងចាត់ការតាមច្បាប់៕ (កែសម្រួលដោយ ៖ ធីតា)
គួររំលឹកថា ឪពុកក្មេកតារាកំប្លែងនាយឆ្អឹងបាត់មេគោ៣ក្បាលជិត១ម៉ឺនដុល្លារ(វីដេអូ)
ចែករំលែកព័តមាននេះ